(ភ្នំពេញ)​៖ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​​ព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ២០១៧នេះ បានបន្ត​សវនាការ​សំណុំ​រឿង​បាញ់​សម្លាប់​​ឧកញ៉ា​អ៊ឹង​ ម៉េងជឺ​ ដែលជាករណីកក្រើក​នៅក្នុងរាជធានី​ភ្នំពេញ​ កាលពីឆ្នាំ២០១៤ ប៉ុន្តែសវនាការនេះ ​គ្មាន​វត្តមាន​លោក​ ថោង​ សារ៉ាត់​ ដែល​ជា​មេខ្លោង​​នោះទេ ពោល មានតែ​​ក្រុម​អង្គរក្ស​៤​នាក់​ប៉ុណ្ណោះ​ ដែល​ត្រូវបញ្ជូន​មកឲ្យ​អង្គុយ​ស្ដាប់​ចម្លើយ​សាក្សី​នៅក្នុង​សវនាការ។​

មន្ត្រី​តុលាការ​បានបញ្ជាក់​ថា​ សវនាការនេះ​ដឹកនាំ​ដោយ​លោក​ តុប​ ឈុន​ហេង​ អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​លោក​ តុប​ ឈុន​ឡុង​ ជា​តំណាង​អយ្យការ​។

បើតាមមន្រ្តីតុលាការ សវនាការ​នេះ​ ផ្ដោត​សំខាន់​លើ​ការសាកសួរ​យក​ចម្លើយ​ពី​សាក្សី​ដែលជា​ប្រពន្ធ​របស់​កង​អង្គរក្ស​ លោក​ ថោង សារ៉ាត់ ​ប៉ុណ្ណោះ។ ចំពោះ​ក្រុម​អង្គរក្ស​ដែល​ជាប់ចោទ​ទាំង​៤​នាក់​ បានផ្ដល់​ចម្លើយ​នៅក្នុង​សវនាការ​​រួចហើយ លើកលែងតែ​ លោក​ ថោង សារ៉ាត់ ម្នាក់​ប៉ុណ្ណោះ​ ដែល​មិនទាន់​ផ្ដល់​ចម្លើយ​នៅ​ចំពោះ​មុខ​ក្នុង​សវនាការ។​

មាន​សាក្សី​ជាង​៦០​នាក់​ដែល​ត្រូវ​ផ្ដល់​ចម្លើយ​ក្នុង​តុលាការ​នៅក្នុង​សំណុំរឿង​ឃាតកម្ម​នេះ ក្នុង​នោះ​មាន​សាក្សី​ខ្លះ​ជា​ឧកញ៉ា មេធាវី សមត្ថកិច្ច ប្រជាពលរដ្ឋ ​និង​ប្រពន្ធ​របស់​ លោក​ ថោង សារ៉ាត់​ ជា​ដើម ដែល​សាក្សី​ខ្លះ​ជា​សាក្សីដោះបន្ទុក ហើយ​សាក្សី​ខ្លះ​ជា​សាក្សី​ដាក់​បន្ទុក។​

លោក​​ទួត លុច ជា​មេធាវី​ការពារ​ក្ដី​លោក​ ថោង​ សារ៉ាត់​បាន​បញ្ជាក់​ថា​ លោក​ ថោង សារ៉ាត់ ឡើង​សម្ពាធ​ឈាម​ខ្ពស់ ​មិនអាច​ផ្ដល់​ចម្លើយ​ក្នុង​សវនាការ​បានទេ។​

លោក​ ថោង សារ៉ាត់ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ផ្ដើម​គំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២០០ ​និង​ ២៨​ នៃ​ក្រម​ព្រហ្មទណ្ឌ ប្រព្រឹត្រ​កាលពី​ថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ​នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌ​ចំការមន ។​ បទល្មើស​នេះ​កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ នគរបាល​ខណ្ឌឫស្សីកែវ​នាំ​គ្នា​ទៅ​ព័ទ្ធ​ផ្ទះ ចាប់​បាន​ម្នាក់ រត់​រួច​ម្នាក់

នគរបាល​ខណ្ឌឫស្សីកែវ​ ដឹកនាំ​ដោយ​លោក ទៀង ចាន់​សា អធិការ​ខណ្ឌ កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៧ បាន​​នាំ​គ្នា​ទៅ​ឡោម​ព័ទ្ធ​ផ្ទះ​មួយ​កន្លែង​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៣១ ស្ថិត​ក្នុងភូមិ​១ សង្កាត់​ច្រាំង​ចំ​រះ​១ ខណ្ឌឫស្សីកែវ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ កាំភ្លើងខ្លី​ម៉ាក​កា​៥៩ មួយ​ដើម និង​ម៉ូតូ​គ្រឿង ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​ឈ្មោះ អា​ហ្វី​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅផ្ទះ​កើតហេតុ ចំណែក​បក្សពួក​ដែល​រត់គេច​ខ្លួន​បាត់​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។

លោក ទៀង ចាន់​សា អធិការ​ខណ្ឌឫស្សីកែវ បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​កម្លាំង​កំពុង​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​នៅ​ម្តុំ​ជិត​កន្លែង​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ​1GE-1709 ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម ម៉ាក​កា​៥៩ ពណ៌​ទឹកប្រាក់ ច្រក​ថង់​ពណ៌​ស​ព្យួរ​នៅ​ដៃចង្កូត​ម៉ូតូ ពេល​នោះ​គ្រាន់តែ​ឃើញ​សមត្ថកិច្ច​ភ្លាម​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​បាន​បើក​ម៉ូតូ​ទៅ​បុក​ម៉ូតូ​សមត្ថកិច្ច​បណ្តាល​ឲ្យ​ដួល​ហើយ​ជនសង្ស័យ​ម្នាក់​បាន​រត់​ចូល​ក្នុងផ្ទះ​ជីដូន​របស់​គេ​នៅ​ក្បែរ​កន្លែង​កើតហេតុ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

លោកអធិការ​ខណ្ឌឫស្សីកែវ ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​រត់​ចូល​ក្នុងផ្ទះ​ជីដូន​របស់​គេ​នៅ​ក្បែរ​កន្លែង​កើតហេតុ សមត្ថកិច្ច​បាន​ឡោម​ព័ទ្ធ​ចាប់​ជនសង្ស័យ ពេល​នោះ​ជនសង្ស័យ​ ហក់​ចុះ​ពីលើ​ដំបូលផ្ទះ​ជីដូន​ ឆ្លង​ទៅ​ដំបូលផ្ទះ​មួយទៀត ទើប​សមត្ថកិច្ច​បង្ខំចិត្ត​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​ជនសង្ស័យ​របួស​ជើង​ម្ខាង ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]