អ៊ីរ៉ង់៖ សារព័ត៌មាន BBC បានចុះផ្សាយកាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ថា យ៉ាងហោចណាស់ក្រុមពន្លត់អគ្គីភ័យ ចំនួន២០នាក់បានស្លាប់ ក្នុងអំឡុងពេលកំពុងតែព្យាយាមជួយសង្គ្រោះមនុស្ស នៅក្នុងហេតុការណ៍ឆេះបាក់អគារកម្ពស់ ១៧ជាន់នៅក្នុងទីក្រុងតេហេរ៉ង់។ នេះបើយោងតាមការឲ្យដឹងរបស់លោកអភិបាលក្រុង។

ប្រភពព័ត៌មានបានឲ្យដឹងថា មនុស្សប្រមាណជាង២០០នាក់ បានជាប់នឹងក្នុងអគារ Plasco កម្ពស់១៧ជាន់ ដែលកំពុងតែឆាបឆេះ អស់រយៈពេលជាច្រើនម៉ោង មុនពេលដែលអគារមួយនេះបានបាក់ស្រុតដល់ដី ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទី។ មនុស្សចំនួន ៧០នាក់បានរងរបួស ដោយក្នុងនោះ មាន២០នាក់រងរបួសធ្ងន់។

ចំពោះមូលហេតុដែលបណ្តាលឲ្យមានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបែបនេះ  នៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ប៉ុន្តែមន្ត្រីប៉ូលិសមួយចំនួន បានឱ្យដឹងថា អ្នកគ្រប់គ្រងធ្លាប់បានធ្វើការព្រមាន អំពីបញ្ហាសុវត្ថិភាពរួចជាច្រើនដងហើយ។ 

ប្រភពព័ត៌មានបានបន្តថា អគ្គីភ័យនេះត្រូវបានគេរាយការណ៍ថា ដំបូងឡើយគឺកើតចេញពីជាន់ទី០៩ នៃអគារ នៅម៉ោងប្រមាណ៨ព្រឹក ថ្ងៃព្រហស្បត្តិ៍ ម៉ោងក្នុងតំបន់ (ម៉ោង៤និង៣០នាទីម៉ោងសកល)។ ដោយបញ្ចាប់ការសាងសង់ក្នុងឆ្នាំ ១៩៦២ អគារនេះ គឺជាអគារដ៏ខ្ពស់មួយនៅក្នុងទីក្រុង Tehran ដោយមានផ្សារទំនើប និងហាងលក់សម្លៀកបំពាក់ជាច្រើននៅខាងក្នុង។

ស្ថានីយ៍ពន្លត់អគ្គីភ័យចំនួន ១០កន្លែង បានចេញប្រតិបត្តិការជួយសង្គ្រោះ និងពន្លត់អគ្គីភ័យឆាបឆេះនេះ ខណៈទូរទស្សន៍រដ្ឋបានផ្សាយថា អ្នកពន្លត់អគ្គីភ័យជាច្រើននាក់ បានស្ថិតនៅក្នុងអគារនោះ ពេលដែលជញ្ជាំងអគារខាងជើងបានបាក់រលំ ហើយបន្ទាប់មកអគារ ទាំងមូលក៏បាក់រលំ រាបដល់ដី។

ភ្នាក់ងារពន្លត់អគ្គីភ័យមួយរូប បានប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សជាច្រើនទៀត ដែលចូលទៅក្នុងអគារនោះ។ ភ្លាមៗខ្ញុំមានអារម្មណ៍ថា អគារទាំងមូលកំពុងតែញ័រ ហើយបម្រុងនឹងបាក់។ ក្រុមការងារទាំងអស់ក៏បានប្រមូលផ្តុំគ្នា ហើយរត់ចេញមកខាងក្រៅ ហើយមិនបានប៉ុន្មាននាទីផង អគារនោះក៏បាក់តែម្តង”។

បន្ទាប់ពីអគារទាំងមូលបាក់រាបដល់ដី ក្រុមជួយសង្គ្រោះ និងសុនខហិតក្លិន បានស្វែងរកតាមគំនរបាក់បែកអស់រយៈពេលជាច្រើនម៉ោង មុនពេលដែលលោក Mohammad Baqer Qalibaf អភិបាលក្រុងចេញមកបញ្ជាក់ថា ក្រុមពន្លត់អគ្គីភ័យ ចំនួន២០នាក់បានស្លាប់នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ។

តាមរយៈសេចក្តីរាយការណ៍ជំហានដំបូងរបស់លោកអភិបាលក្រុង បានឲ្យដឹងថា មិនមានជនស៊ីវិលណាម្នាក់ បានបាត់ខ្លួននៅក្នុងហេតុការណ៍ខាងលើទេ ប៉ុន្តែសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារសារព័ត៌មាន AP ថា ពួកគេបានឃើញមនុស្សមួយចំនួន បានរត់ចូលទៅក្នុងអគារនោះវិញ ក្នុងគោលបំណងដើម្បីប្រមូលយកទ្រព្យសម្បត្ដិរបស់ពួកគេ។

គួរបញ្ជាក់ថា អគារ Plasco ត្រូវបានសាងសង់ឡើងដោយអ្នកជំនួញជនជាតិអ៊ីរ៉ង់ កាត់យូដា ឈ្មោះ Habib Elghanian វាជាកន្លែងផលិត ផលិតផលផ្លាស្ទិក។ ហើយគាត់ត្រូវបានគេសម្លាប់ បន្ទាប់ពីមានបដិវត្តន៍អ៊ីស្លាម ក្នុងឆ្នាំ១៩៧៩ បន្ទាប់ពីត្រូវបានគេកាត់ទោស ពីបទធ្វើជាចារកម្មឱ្យអ៊ីស្រាអែល៕

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]