អ៊ីតាលី៖ មនុស្សជាង ៣០នាក់ ត្រូវគេបារម្ភថាស្លាប់ បន្ទាប់ពីផ្ទាំងទឹកកក និងដុំថ្មជាច្រើនបានបាក់ធ្លាក់ពីលើភ្នំ គ្របដណ្តប់ពីលើសណ្ឋាគារ Rigopiano ក្នុងភាគកណ្តាលប្រទេសអ៊ីតាលី បន្ទាប់ពីមានគ្រោះរញ្ជួយដីជាច្រើនដង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន មីរ័រ កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។

បន្ទាប់ពីមានហេតុការណ៍បាក់ផ្ទាំងទឹកកកនេះកើតឡើង ប្តីប្រពន្ធមួយគួដែលជាប់នៅក្នុសណ្ឋាគារនោះ បានផ្ញើសារដ៏អស់សង្ឃឹមមួយ ដោយសរសេរថា “ជួយផង! ជួយផង! ពួកយើងជិតស្លាប់ហើយ ដោយសារតែត្រជាក់ពេក”។

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍បាក់ផ្ទាំងទឹកកកសង្កត់សណ្ឋាគារនេះ គឺបានកើតឡើងនៅជួរភ្នំ Gran Sasso ក្នុងតំបន់ Abruzzo កាលពីថ្ងៃពុធ ខណៈពេលដែលភ្ញៀវជាច្រើនកំពុងតែរង់ចាំការជម្លៀស បន្ទាប់ពីមានការរញ្ជួយដីច្រើនដង នៅក្នុងតំបន់។ 

មិត្តភក្តិរបស់អ្នកដែលជាប់នៅក្នុងសណ្ឋាគារ បានឲ្យដឹងថា មុនពេលផ្ទាំងទឹកកកបាក់មក ពួកគេក៏មិនអាចចាកចេញពីសណ្ឋាគារបានដែរ ដោយសារតែផ្លូវទាំងអស់ត្រូវគ្របដណ្តប់ជិតដោយព្រិល បន្ទាប់ពីមានព្រិលធ្លាក់ខ្លាំងកាលពីសប្តាហ៍មុន ក្នុងតំបន់ខាងលើ និងគ្របដណ្តប់ភ្នំ Gran Sasso កម្ពស់ជាង៥ម៉ែត្រ។

ប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទាំងទឹកកកកម្រាស់ជិត ២ម៉ែត្រ រួមទាំងដុំថ្មជាច្រើន បានបាក់ធ្លាក់សង្កត់ ហែកច្រៀកសណ្ឋាគារ ៤ជាន់មួយនេះ ហើយកប់មនុស្សគ្រប់គ្នាដែលនៅខាងក្នុង។ គេជឿថា ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណជាង៤និង៣០នាទី ទៅ៥និង៤០នាទីល្ងាច ម៉ោងក្នុងតំបន់។

បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ក្រុមអ្នកជួយសង្គ្រោះបានព្យាយាមទៅកាន់ទីកន្លែងកើតហេតុ ទាំងមានព្យុះព្រិល ដើម្បីជួយដល់ជនរងគ្រោះ។ ពួកគេបានចំណាយពេលប្រមាណជា ១២ម៉ោង ទើបទៅដល់សណ្ឋាគារខាងលើ។ បន្ទាប់ពីទៅដល់កន្លែងកើតហេតុ ក្រុមជួយសង្គ្រោះដែលស្វែងរកអ្នកមានជីវិត បាននិយាយថា ពួកគេមិនបានរកឃើញសញ្ញាណាមួយថា មានអ្នកនៅរស់នោះទេ។

សមាជិកម្នាក់នៅក្រុមសង្គ្រោះបានប្រាប់ថា “សណ្ឋាគារខាងលើស្ទើរតែត្រូវបានបំផ្លាញទាំងស្រុងទៅហើយ។ យើងបានស្រែកហៅរកអ្នកដែលនៅមានជីវិត ប៉ុន្តែមិនទទួលបានការឆ្លើយតបណាមួយឡើយ សូម្បីតែសម្លេងមួយម៉ាត់ក៏គ្មាន។ ហើយពេលនេះយើងកំពុងតែកាយព្រិល ហើយស្វែងរកបន្ថែមទៀត។”

មន្រ្តីក្នុងតំបន់បានឲ្យដឹងដែរថា ក្នុងចំណោមមនុស្សជាង ៣០នាក់នោះ មាន២២នាក់ជាភ្ញៀវ ៨នាក់ទៀតជាបុគ្គលិកសណ្ឋាគារ ខណៈភ្ញៀវ៤នាក់ កំពុងស្ថិតនៅក្នុងបន្ទប់ស្ប៉ា ពេលហេតុការណ៍អាក្រក់បានកើតឡើង៕ 

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]