គ្រុន ឬក្តៅខ្លួនជាអាការម្យ៉ាងដែលធ្វើឲ្យសីតុណ្ណភាពក្នុងរាងកាយឡើងខ្ពស់ជាងធម្មតា នៅពេលដែលការឆ្លងមេរោគ ឬមានការឈឺចាប់មុខរបួសដោយសារមូលហេតុអ្វីម្យ៉ាង។ វាអាចកើតឡើងក្នុងរយៈពេលខ្លីនៃការឆ្លងមេរោគ ឬកើតពីការឈឺចាប់មុខរបួសប៉ុណ្ណោះ ហើយនៅពេលនោះ ស្ទើរតែគ្រប់ផ្នែកទាំងអស់នៃរាងកាយយើងអាចឡើងកំដៅបាន មិនថាក្បាល ដងខ្លួន ឬដៃជើងនោះទេ។ ចំណែកឯរយៈពេលនៃការគ្រុនក៏ខុសពីគ្នាដែរ ទៅតាមប្រភេទនៃមេរោគ ឬមូលហេតុបង្ក។

ជាធម្មតាសីតុណ្ណភាពនៅក្នុងរាងកាយរបស់មនុស្សយើងគឺ ៣៧ អង្សាសេ ហើយតែងតែផ្លាស់ប្តូរជារឿយៗនៅជុំវិញចន្លោះពី 0.៥ ទៅ ១ អង្សាសេ ដោយអាស្រ័យទៅលើកត្តាផ្សេងៗដូចជា៖

-នៅពេលថ្ងៃ៖ សីតុណ្ហភាពក្នុងរាងកាយនឹងចុះទាបបំផុតនៅម៉ោងប្រហែល៦ព្រឹក និងឡើងខ្ពស់បំផុតនៅប្រហែលម៉ោង៤ល្ងាច។

-សីតុណ្ហភាពតាមបរិយាកាសនៅជុំវិញខ្លួន៖ ប្រសិនបើអាកាសធាតុក្តៅ សីតុណ្ហភាពរាងកាយនឹងថយចុះ ហើយនៅពេលអាកាសធាតុត្រជាក់សីតុណ្ហភាពរាងកាយកើនឡើង។

-ការធ្វើលំហាត់ប្រាណ៖ ក្រៅពីធ្វើឱ្យមានការរំលាយអាហារ ដើម្បីទៅចិញ្ចឹមនៅក្នុងរាងកាយហើយ ការហាត់ប្រាណក៏បានធ្វើឱ្យលំហូរឈាមមានការកើនឡើងដែរ ដូច្នេះនាំឱ្យសីតុណ្ហភាពរាងកាយឡើង។

-ការស្លៀកសម្លៀកបំពាក់ក្រាស់ៗ ជាពិសេសសម្រាប់ទារក៖ ធ្វើឱ្យសីតុណ្ហភាពក្នុងខ្លួនមានភាពកក់ក្តៅកើនឡើង។

-ក្នុងអំឡុងពេលមានរដូវរបស់ស្ត្រី៖ សីតុណ្ហភាពនៅក្នុងរាងកាយនឹងកើនឡើងជាងពេលធម្មតា ព្រោះការធ្វើការរបស់អ័រម៉ូន។

-ភាពតានតឹង៖ អារម្មណ៍នឹងមានការផ្លាស់ប្តូរ ហើយប្រព័ន្ធសរសៃឈាមបេះដូងរបស់រាងកាយ ផ្លូវដង្ហើម និងប្រព័ន្ធអ័រម៉ូន ក៏ឡើងកំដៅដែរ ជាលទ្ធផលនាំឱ្យរាងកាយមានសីតុណ្ហភាពខ្ពស់។ 

#ចំណែកថ្នាក់នៃការគ្រុន (Grades of Fever) អាចត្រូវបានចែកទៅជា៖

១. សីតុណ្ហភាពធម្មតារបស់រាងកាយ (Normal temperature) មានរវាងពី ៣៦,៦ ទៅ ៣៧,២ អង្សាសេ។

២. គ្រុនទាប (Low grade fever) នៅពេលដែលបានវាស់កំដៅនៅក្នុងមាត់ (ជាមួយការបៀមបារត) សីតុណ្ហភាពចន្លោះពី ៣៧,៤ ទៅ ៣៨,៨ អង្សាសេ។

៣. គ្រុនមធ្យម (Medium grade fever) នៅពេលដែលបានវាស់កំដៅនៅក្នុងមាត់ (ជាមួយការបៀមបារត) សីតុណ្ហភាពរវាងពី ៣៨,២ ទៅ ៣៩,៣ អង្សាសេ។

៤. គ្រុនខ្ពស់ (High grade fever) នៅពេលដែលបានវាស់កំដៅនៅក្នុងមាត់ (ជាមួយការបៀមបារត) សីតុណ្ហភាពរវាងពី ៣៩,២ ទៅ ៤០,៣ អង្សាសេ។

៥. គ្រុនលំដាប់ខ្ពស់បំផុត (Hyperpyrexia) នៅពេលដែលបានវាស់កំដៅនៅក្នុងមាត់ (ជាមួយការបៀមបារត) សីតុណ្ហភាពខ្ពស់រហូតដល់ ៤០,៣ អង្សាសេ ដែលត្រូវបានចាត់ទុកថាជាកំដៅមួយដ៏មានគ្រោះថ្នាក់។ ជាធម្មតាបង្កឡើងដោយការឆ្លងមេរោគមួយប្រភេទ នៅក្នុងឈាម ហើយជាទូទៅគឺច្រើនជួបនៅក្នុងករណី ដែលបណ្តាលមកពីមានឈាមហូរចេញពីក្នុងខួរក្បាល។

#រយៈពេលនៃការវាស់សីតុណ្ហភាព៖

-វាស់នៅក្រោមក្លៀក៖ ក្នុងរយៈពេលប្រមាណ១០នាទី បើសីតុណ្ហភាពខ្ពស់ជាង៣៦,៧ អង្សាសេ បញ្ជាក់ថាអ្នកកើតគ្រុនហើយ។

-វាស់នៅក្នុងមាត់៖ ពី ៣-៥នាទី បើមានសីតុណ្ហភាពលើសពី ៣៧,១ អង្សាសេ ក៏ត្រូវបានចាត់ទុកគ្រុនក្តៅដែរ។

-វាស់នៅគូទ៖ គឺវាស់ប្រហែល២-៣ នាទី បើមានសីតុណ្ហាភាពខ្ពស់ជាង ៣៧,៩ អង្សាសេ ក៏ចាត់ទុកថាមានគ្រុនដែរ។

• មូលហេតុនៃការកើតគ្រុន៖

ជាធម្មតាសីតុណ្ហភាពនៅក្នុងរាងកាយកើតឡើងពីការធ្វើការរបស់អវៈយវៈផ្សេងៗ ជាពិសេសសាច់ដុំ និងថ្លើម ដែលស្ថិតនៅក្រោមការបញ្ជារបស់ខួរក្បាលមួយចំណែកហៅថា Hypothalamus។ វាគ្រប់គ្រងសីតុណ្ហភាពរបស់រាងកាយហើយបញ្ចេញញើសមកក្រៅរាងកាយតាមស្បែក និដំណកដង្ហើម។

ពេលរាងកាយឆ្លងមេរោគ និងជម្រុញឱ្យខួរក្បាលផ្នែក Hypothalamus នឹងបង្កផលតបស្នងវិញ ដោយការធ្វើឱ្យរាងកាយកើនកំដៅ ឯកោសិកាទាំងឡាយក៏មាននាទីធ្វើឱ្យមានកំដៅតាមការបញ្ជាររបស់ខួរក្បាល។ ឯសរសៃឈាមខំទប់មិនឱ្យកំដៅទៅកាន់សួត និងស្បែក ទើបធ្វើកំដៅរឹតតែកើន និងធ្វើឱ្យអ្នកឈឺមានអារម្មណ៍ថារងាៗព្រោះឈាមរត់មិនសព្វកន្លែង។

វិធីព្យាបាលគ្រុន៖

១. ទទួលទានថ្នាំបញ្ចុះកំដៅ ប៉ារ៉ាសេតាម៉ុល( Paracetamol) និងជូតខ្លួនជាមួយទឹកក្តៅឧណ្ហៗ ប៉ុន្តែប្រសិនបើមានកំដៅមិនសូវខ្ពស់ទេ អាចមិនចាំបាច់លេបថ្នាំប៉ារ៉ាសេតាម៉ុលក៏បាន គ្រាន់តែជូតខ្លួនតែម៉្យាងគឺគ្រប់គ្រាន់ហើយ។

ក្នុងនោះដែរការប្រើថ្នាំប៉ារ៉ាសេតាម៉ុល ក៏ត្រូវបានណែនាំថា សម្រាប់មនុស្សធំ អាចទទួលទានម្តង១-២គ្រាប់ (ថ្នាំគ្រាប់ចំណុះ៥០០មីលីក្រាម) ចំណែកឯកុមារក្រោម១២ឆ្នាំ អាចទទួលទានម្តងបានក្នុងបរិមាណ១០-១៥មីលីក្រាមប៉ុណ្ណោះ។ 

អាចទទួលទានបានរៀងរាល់ចន្លោះពី៤-៦ម៉ោង ប៉ុន្តែបើនៅតែមិនថយកំដៅទៀត សម្រាប់មនុស្សធំក៏មិនគួរលេបថ្នាំនេះច្រើនជាង៨គ្រាប់ ឬច្រើនជាង៤ក្រាមទេក្នុង១ថ្ងៃ។ ឯកូនក្មេងក៏មិនគួរលេប៥ដងក្នុង១ថ្ងៃទដែរ និងមិនគួរលេបថ្នាំនេះ៥ថ្ងៃជាប់ៗគ្នាផងដែរ ព្រោះវាអាចបណ្តាលឱ្យប៉ះពាល់ដល់ថ្លើម។

ចំណាំ៖ មិនគួរប្រើថ្នាំ Aspirin ទេ ព្រោះថ្នាំនេះត្រូវបានហាមប្រាមថាមិនឱ្យប្រើច្រើន (ពិសេសហាមប្រើចំពោះអ្នកដែលមានអាយុតិចជាង១៩ឆ្នាំ, ស្រ្តីមានផ្ទៃពោះកំឡុងពេល ១-២សប្តាហ៍មុនសម្រាល, អ្នកដែលជំងឺក្រពះ ឬដំបៅក្រពះ, អ្នកដែលមានជំងឺធ្លាក់ឈាម, កន្ទាលត្រអាក, អ្នកជំងឺហឺត, អាឡែកស៊ីផ្សេងៗទៀតជាដើម។

• ក្រៅពីនេះយើងក៏អាចប្រើឱសថរុក្ខជាតិព្យាបាលគ្រុនបានផងដែរដូចជា៖

១. ដើមបណ្តូលពេជ្រ៖ នាំយកដើមស្រស់ប្រមាណ២កំណាត់(៣០-៤០ក្រាម) មកដាំទឹក៣យកទឹក១ ទទួលទាន២-៣ស្លាបព្រាបាយមុនអាហារ។

២. ស្លឹកត្រចៀកជ្រូក៖ បេះស្លឹកវាយកមកបុកទាំងស្រស់ៗ ហើយពូតយកទឹកវា ទៅផឹកតែម្តង។

៣. ស្តៅ៖ យកត្រួយខ្ចី ឬផ្ការបស់វាយកទៅស្ងោរទទួលទានជាមួយទឹកគ្រឿង។ វាជាអាហារដ៏ល្អបំផុតពេលមានអាការគ្រុនកើតឡើង។ ស្តៅអាចជួកបន្ថយកំដៅបាន២៤ម៉ោង ឬប្រសិនបើអ្នកកើតគ្រុនដោយសារការត្រូវភ្លៀង ឬខ្យល់ខ្លាំង ក៏អាចទទួលទានបានផងដែរ។ ឬម្យ៉ាងទៀតអ្នកក៏អាចយកស្តៅទៅហាលឱ្យស្ងួត ហើយយកទៅដាំទឹក៣យកទឹក១ ទទួលទានក្តៅៗក៏បាន នោះអាការគ្រុននឹងថយចុះជាមិនខាន។  

ស្តៅ និង បណ្តូលពេជ្រ

• ហើយវិធីដ៏ល្អនៅក្នុងការមើលថែទាំខ្លួនឯងនោះគឺ៖

១. ត្រួតពិនិត្យកំដៅរបស់ខ្លួនជាប្រចាំរៀងរាល់៦-៨ម៉ោងម្តង ព្រោះអាចឱ្យយើងដឹងច្បាស់ពីអាការក្នុងខ្លួនច្បាស់ដូចជាឈឺក្បាលខ្លាំង ឬរសាប់រសល់ជាដើម។

២. ឧស្សាហ៍ជូតខ្លួនពេលមានកំដៅលើស ៣៧.៥ អង្សាសេឡើងទៅ ជាពិសេសត្រង់ថ្ងាស ក ក្លៀក ក្រលៀន ជាដើម។

៣. សម្រាកការងារ ដោយគេងឱ្យបានច្រើន និងមិនត្រូវហាត់ប្រាណឡើយរហូតដល់អាការបានធូរស្បើយយ៉ាងតិចក៏កំឡុង១ទៅ២ថ្ងៃដែរ។

៤. ទទួលទានអាហារទន់ៗ និងបន្លែផ្លែឈើណាដែលសម្បូរជីវជាតិ ឬស៊ុបជាដើម។

៥. ផឹកទឹកឱ្យបានច្រើន ពី៨ទៅ១០កែវ តែត្រូវក្រេបម្តងៗបន្តិចៗកុំបង្ខំ ឬអាចទទួលទានជាទឹកផ្អែមៗ ឬទឹកផ្លែឈើក៏បាន ប៉ុន្តែគួរចៀសវាងទឹកកក។

៦. ប្រសិនបើមានឈឺក.ពិបាកលេបអាហារ ឬផឹកទឹកអាចយកទឹកលាយជាមួយអំបិលបន្តិចៗផឹកក៏បាន ដើម្បីជួយសម្រួលបំពង់ក.។

៧. ប្រសិនបើមានក្អកទៀត ត្រូវឧស្សាហ៍ផឹកទឹកក្តៅឧណ្ហៗ។

៨. ស្លៀកពាក់ខោអាវរលុងៗ ទន់ៗត្រជាក់ៗ និងមានផាសុកភាព មិនត្រូវស្លៀកពាក់ក្រាស់ៗពេកនោះទេ។

៩. ស្នាក់នៅកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ និងមានពន្លឺចេញចូលគ្រប់គ្រាន់។

១០. ទៅពិភាក្សាជាមួយគ្រូពេទ្យជាបន្ទាន់បើអាការនៅតែមិនប្រសើរឡើង ឬកាន់តែធ្ងន់ធ្ងរជាងមុនជាដើម។ 

ចំណែកឯចុងក្រោយគឺវិធីការពារគ្រុនដ៏ល្អបំផុតនោះគឺ៖

១. ចៀសវាងការទំនាក់ទំនងជាមួយអ្នកជំងឺដោយមិនចាំបាច់។

២. ចៀសវាងនៅកន្លែងដែលមានមនុស្សច្រើន ក្នុងអំឡុងពេលមានផ្ទុះជំងឺណាមួយ។

៣. លាងសម្អាតដៃរបស់អ្នកឱ្យបានទៀងទាត់ជានិច្ច និងការប្រើប្រាស់ម៉ាសបិទមុខដើម្បីការពារធូលីដី។

៤. រក្សាអនាម័យមូលដ្ឋានឱ្យបានខ្ជាប់ខ្ជួនគឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីរក្សារាងកាយឱ្យមានសុខភាពល្អ។

៥. ចាក់ថ្នាំបង្ការតាំងពីកំណើត និងបន្តចាក់ថ្នាំបង្ការប្រឆាំងនឹងជំងឺគ្រប់មុខឱ្យទៀងទាត់ តាមដំបូន្មានរបស់វេជ្ជបណ្ឌិត៕ 

ប្រភព៖ medthai / haamor

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]