ខេត្ត​បន្ទា​មាន​ជ័យ ៖ បន្ទាប់​ពី​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ «​ម៉ា​រី​មាន​ជ័យ​» កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​គោក​ស្វាយ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ពី​បទ​ផ្សំ​គំនិត​ក្នុង​អំពើ​ឃាតកម្ម​ សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ ។

សូម​បញ្ជាក់​ថា ស្ត្រី​ម្នាក់​ឈ្មោះ ប៊ុ​ន សូ​រៀត ហៅ ប៉ក់ អាយុ​៤០​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​មួយ មុខរបរ​លក់​ចាប់ហួយ និង​ជា​គ្រូទាយ​សន្លឹក​បៀ រស់នៅ​ភូមិ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ «​ម៉ា​រី​មាន​ជ័យ​» ដែល​មា​នទី​តាំងនៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៧ ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ស​ពស្ត្រី​រង​គ្រោះ​រួច សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជា​អំពើ​ឃាតកម្ម​សម្លាប់​ ប្លន់​យក​ទ្រព្យសម្បត្តិ ។

លោក​មេបញ្ជាការ​រង បន្ត​ថា បន្ទាប់​ពី​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម សមត្ថកិច្ច​បាន​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ​រហូត​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពី​បទ​ផ្សំ​គំនិត​ក្នុង​អំពើ​ឃាតកម្ម​សម្លាប់​ប្លន់​ យក​ទ្រព្យសម្បត្តិ ។ លោក​បន្ត​ថា ស្ត្រី​សង្ស័យ​ឈ្មោះ សឿ​យ ណាត អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​គោក​ស្វាយ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ចំណែក​ប្តី​ជា​ឃាតករ​ឈ្មោះ សែន សុ​ខន អាយុ​៤១​ឆ្នាំ បាន​រត់គេច​ខ្លួន​បាត់ ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ស្រាវជ្រាវ និង​ចាប់ខ្លួន​ស្ត្រី​សង្ស័យ សមត្ថកិច្ច​រក​ឃើញ​វត្ថុ​តាង​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ រួម​មាន ១-​ខ្សែ​ក​ប្លា​ទី​ន ក្បាច់​ច្រវាក់​ឆាប​១​ខ្សែ ទម្ងន់​៤​ជី​២​ហ៊ុន​, ២-​ខ្សែ​ក​ប្លា​ទី​ន ក្បាច់​ព្រលឹត​កាច់​១​ខ្សែ ទម្ងន់​៤​ជី​៩​ហ៊ុន​៨​លី​, ៣-​ខ្សែដៃ​ក្បាច់​ផ្កា​បី​កង់​១​ខ្សែ ទំងន់​២​ជី​៩​ហ៊ុន​៨​លី​, ៤-​ចិញ្ចៀន​ប្លា​ទី​ន ក្បាច់​អង្គារ​ដី​១​វង់ ទម្ងន់​២​ជី​៤​ហ៊ុន​៨​លី​, ៥-​មាស​ដុំ​ទម្ងន់​៣​ជី​, ៦-​កងដៃ​ប្លា​ទី​ន​១០​កង ទម្ងន់​៦​ជី​៦​លី​, ៧-​ខ្សែដៃ​ប្លា​ទី​ន ក្បាច់​អង្គាដី​១​ខ្សែ ទម្ងន់​២​ជី​៦​ហ៊ុន​៣​លី​, ៨-​ខ្សែ​ក​ប្លា​ទី​ន​ក្បាច់​ថ្នាំងអំពៅ​១​ខ្សែ ទម្ងន់​២​ជី​១​ហ៊ុន​៥​លី​, ៩-​ខ្សែ​ក​ប្លា​ទី​ន​ក្បាច់​សក់ក្រង​១​ខ្សែ ទម្ងន់​៤​ជី​៨​លី ។ ចំណែក​ម៉ូតូ​១​គ្រឿង និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត ត្រូវ​បាន​ជន​ស​ង្ស័​ជា​ឃាតករ​ដៃដល់​ឈ្មោះ សែន សុ​ខន យក​គេចខ្លួន​បាត់ ។

ក្រោយ​ពេល​ចាប់ខ្លួន ស្ត្រី​សង្ស័យ​សារភាព​ប្រាប់​ កម្លាំង​អាវុធហត្ថ​ឲ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​ទាំងនេះ គឺ​ប្តី​របស់​ខ្លួន​បាន​យក​មក​ឲ្យ តែ​គាត់​មិនដឹង​បាន​មកពីណា ។ យោង​តាម​ចម្លើយ​សារភាព និង​វត្ថុ​តាង​ដែល​បាន​ប្រទះ​ឃើញ ស្ត្រី​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ហើយ​ក៏​កំពុង​ដុតដៃដុតជើង​ ធ្វើការ​ស្រាវជ្រាវ​តាម​ ចាប់ខ្លួន​ជន​ដៃដល់​ជា​ឃាតករ​ដែល​កំពុង​រត់គេច​ខ្លួន​ផង​ដែរ ។

លោក​មេបញ្ជាការ​ង​ កងរាជអាវុធហត្ថ​ ខេត្តបន្ទាយមានជ័យ​បញ្ជាក់​ថា ទ្រព្យសម្បត្តិ​របស់​ស្ត្រី​រង​គ្រោះ​ដែល​កម្លាំង​ កងរាជអាវុធហត្ថ​ខេត្ត​សហការ​ ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ស្រុក​ថ្មពួក ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ កូនប្រុស​ស្ត្រី​រង​គ្រោះ​ឈ្មោះ សិទ្ធ សៀវ​លី​ស៊ី​ង អាយុ​១២​ឆ្នាំ និង​ឈ្មោះ ប៊ុ​ន លី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​អនុ​វិទ្យាល័យ​ភ្នៀ​ត រស់នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៧ រួចរាល់​អស់ហើយ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]