(មណ្ឌលគិរី)៖ ជនជាតិវៀតណាម៦២នាក់ ដែលលួចចូលមកធ្វើការនៅការដ្ឋានរ៉ែមាស ស្ថិតក្នុងនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ខុសច្បាប់ ពោលមិនមានលិខិតឆ្លងដែនត្រឹមត្រូវនោះ ត្រូវបានលោក តែ គឹមសាន ប្រធានសហគមន៍សិប្បកររ៉ែមាស ឃុំចុងផ្លាស់ លួចនាំទៅកាន់ប្រទេសវៀតណាមវិញ នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ តែត្រូវសមត្ថកិច្ចចម្រុះឃាត់បានវិញ ត្រង់ចំណុចអង់តែន០១២ទឹកខួប ឃុំស្រែខ្ទុម ស្រុកកែវសីមា។

សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិវៀតណាជាច្រើននាក់ខាងលើ បានទៅធ្វើការនៅការដ្ឋានរ៉ែមាស នៅចំណុចឃុំចុងផ្លាស់ ប៉ុន្តែការឃាត់ខ្លួនជនជាតិវៀតណាមជាច្រើននាក់ខាងលើនោះ ត្រូវបានគេដោះលែងវិញអស់ហើយនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ។

ប្រភពព័ត៌មានផ្សេងទៀត បានឲ្យដឹងថា ការលួចនាំជនជាតិវៀតណាមជាច្រើននាក់ទាំងយប់ ក្នុងបំណងចេញទៅប្រទេសវៀតណាម ដោយលោក តែ គឹមសាន ប្រធានសហគមន៍សិប្បកររ៉ែមាស ឃុំចុងផ្លាស់ ទំនងមានលក្ខខណ្ឌពិសេសអ្វីមួយហើយ បានជាលោក តែ គឹមសាន ធ្វើបានយ៉ាងងាយស្រួលបែបនេះ។

យ៉ាងណាមិញ ប្រជាពលរដ្ឋបានសំណូមពរ ឲ្យអាជ្ញាធរខេត្ត និងមន្ទីជំនាញ បង្កើតគណៈកម្មការខេត្ត ធ្វើការចុះស្រាវជ្រាវនៅទីតាំងសហគមន៍សិប្បកររ៉ែមាស នៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីផង ព្រោះសហគមន៍សិប្បកររ៉ែមាស នៅទីតាំងនោះ បើទោះបីថាមានច្បាប់អនុញ្ញាតក៏ពិតមែន ប៉ុន្ដែត្រូវមហាជនកំពុងដាក់ការសង្ស័យថា ធ្វើអាជីវកម្មរ៉ែមាស ផ្ទុយទៅច្បាប់អនុញ្ញាត ហើយដូចជាសមត្ថកិច្ចមន្រ្តីជំនាញខាងមន្ទីររ៉ែ អាចមានការឃុបឃិតគ្នា ជាមួយសហគមន៍បានជា បណ្តែតបណ្តោយឲ្យមានជនជាតិបរទេស ចូលមកធ្វើការនៅទីនោះយ៉ាងគគ្រឹកគគ្រេង ដោយខួងរណ្តៅ ឬប្រើប្រាស់រំសេវជាតិផ្ទុះ មានជំរៅជ្រៅរាប់រយម៉ែត្រ លើសពីច្បាប់កំណត់។

ទាក់ទងករណីលួចនាំជនជាតិវៀតណាមទាំងយប់ បម្រុងឆ្លងទៅកាន់ប្រទេសវៀតណាមវិញ តែត្រូវសមត្ថកិច្ចឃាត់ខ្លួន បានមួយពព្រិចភ្នែករួចដោះលែងវិញនោះ គេឃើញ លោក តែ គឹមសាន ប្រធានសហគមន៍សិប្បកររ៉ែមាស ជាបើករថយន្ដ នាំផ្លូវក្រុមវៀតណាមទាំងនោះ។ ប៉ុន្ដែលោក តែ គឹមសាន បានឲ្យដឹង នៅព្រឹកថ្ងៃទី១៩ ខែមករានេះថា លោក មិនបានដឹងអីទេ គ្រាន់តែជាអ្នកជួយរកឡាន ឲ្យជិះ និងជូនពួកគេទៅតែប៉ុណ្ណោះ។

ពាក់ព័ន្ធបញ្ហានេះ លោក ទៀង សៅរ័ត្ន ស្នងការរង ទទួលបន្ទុកជនអន្តោប្រវេសន៍ បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង៦២នាក់ខាង លើត្រូវបាន បញ្ជូនមកដល់ច្រកទ្វាទ្វរភាគីឡាប៉ាខេ ក្នុងស្រុកកែវសីមា ហើយខាងជំនាញកំពុងបំពេញនិតិវិធី នឹងធ្វើការបណ្ដេញចេញពីទឹកដីកម្ពុជា បន្ទាប់ពីពួកគាត់ចូលមកខុសច្បាប់ ហើយតាមច្បាប់ពួកគេ ត្រូវមានទោសជាប់ពន្ធធានាគាចាប់ពី៣ ទៅ៦ខែ តែដោយយោងតាមកិច្ចសហប្រត្តិបត្តិការរវាងប្រទេសនឹងប្រទេសនោះ ពេលនេះ លោកបានបញ្ជូនជនវៀតណាមទាំង៦២នាក់ ទៅឲ្យខាងភាគីប្រទេសវៀមណាម ធ្វើការអប់រំដោយមានការរាយការណ៍ទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងស្ថាប័នអយ្យការផងដែរ៕

ប្រភព៖ Fresh News

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖ បណ្តេញ​ជនជាតិ​វៀតណាម​៦​នាក់​ទៅ​ប្រទេស​កំណើត​វិញ

ជនជាតិ​វៀតណាម​៦​នាក់ (​ស្រី​២​នាក់​) ត្រូវ​បានក​ម្លាំ​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ធ្វើការ​បណ្តេញចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណរ ដែល​ធ្វើ​ឡើង​ក្រោម​ អធិបតីភាព​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី ក្រោយ​ពី​បាន​រក​ឃើញ​ពួក​គេ​បាន​លួច​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​ ជា​ជាងសំណង់​ដោយ​ខុសច្បាប់​នោះ ។

ការ​បណ្តេញចេញ​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៧ កន្លងទៅ នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ដែល​មាន​ទីតាំង​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ជា​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ដោយ​យោង​ទៅ​តាម​បទបញ្ជា​ យ៉ាង​មុតមាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​កម្លាំង​របស់​លោក​ពង្រឹង​ ច្បាប់​អន្តោប្រវេសន៍​នៅ​ក្នុង​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះ កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​របស់​លោក​តែងតែ បាន​ចុះ​អនុវត្តន៍ និង​ចុះ​ធ្វើ​ប្រតិបត្តិការ​ត្រួតពិនិត្យ​រាល់​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ ជនបរទេស​គ្រប់​សញ្ជាតិ និង​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​ទូ​ទាំង​បណ្តា​ខេត្ត និង​ក្រុង​ទាំង​២៥​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​ឧត្តមសេនីយ៍ទោ​ បាន​ប្រាប់​បន្ត​ទៀត​ថា ជាក់ស្តែង​ក្នុងថ្ងៃនេះ​ដែរ​កម្លាំង​នគរបាល នៃ​នាយ​យក​ដ្ឋា​ន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​បាន​ធ្វើការ​បណ្តេញចេញ​ទៅ​វិញ​នូវ​ជនអន្តោប្រវេសន៍​ ខុសច្បាប់​ដែល​ជា​ជនជាតិ​វៀតណាម​ចំនួន​៦​នាក់ (​ស្រី​២​នាក់​) ទៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណរ ។

ក្រុម​ជនជាតិ​វៀតណាម​ ដែល​ត្រូវ​ធ្វើការ​បណ្តេញចេញ​ ទៅ​កាន់​ស្រុក​កំណើត​វិញ​ទាំង​៦​នាក់​នេះ គឺ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​ របស់​លោក​បាន​រក​ឃើញ​ថា ពួក​គេ​កំពុង​តែ​លួច​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៥​នាក់ និង​ខេត្តសៀមរាប​ម្នាក់​នា​ពេល​កន្លង​មកនេះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]