បន្ទាយមានជ័យ ៖ ជនកំហូចពីរនាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវកម្លាំងអាវុធហត្ថស្រុកមង្គលបុរី ឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ បន្ទាប់ជនកំហូចទាំងនេះ បន្លំខ្លួនធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាត្រ នៅក្នុងផ្សារមង្គលបុរី កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។
មន្រ្តីអាវុធហត្ថស្រុកមង្គលបុរី បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីអាជីវករថា មានជនកំហូចចំនួន៥នាក់ បានគ្រងស្បង់ចីវរ ដើរបិណ្ឌបាត្រ នៅក្នុងផ្សារមង្គលបុរី រួចមក កម្លាំងអាវុធហត្ថបានចុះទៅដល់ ហើយឃាត់ ខ្លួន បានពីរនាក់ ចំណែកបក្ខពួក៣នាក់ទៀត បានរត់គេចខ្លួនបាត់ ។
ក្រោយឃាត់ខ្លួនជនកំហូច បានសារភាពថា ខ្លួនត្រូវបានគេជួលដឹកតាមរថយន្ត ពីក្រុងប៉ោយប៉ែត មកដាក់ដើររៃ អង្គាសប្រាក់នៅផ្សារស្រុកមង្គលបុរី ។ នៅពេលរៃអង្គាសប្រាក់បាន យកទៅបែកចែកគ្នា ។
ជនកំហូចបានបន្តថា ការធ្វើបែបនេះ ដោយសារតែជីវភាពក្រីក្រ មិនដឹងធ្វើកិច្ចការងារអ្វី ក៏មាន មេខ្យល់លួង លោម នាំមកធ្វើជាសង្ឃក្លែងក្លាយ ដើម្បីដើររៃអង្គាសប្រាក់ ហើយបានប្រាក់ពីការរៃតែម្តងទៅ ។
ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រាប់ឱ្យដឹងទៀតថា បុរសក្លែងជាព្រះសង្ឃ២នាក់ មានឈ្មោះ១,សម្បត្តិហេង ភេទប្រុស អាយុ២១ឆ្នាំ គ្មានមុខរបរពិតប្រាកដ ២,សម្បត្តិ បោន ភេទប្រុស អាយុ២០ឆ្នាំ គ្មានមុខរបរពិតប្រាកដ អ្នកទាំង២នាក់ ជាបងប្អូនបង្កើតនិងគ្នា បច្ចុប្បន្នរស់នៅភូមិត្រពាំងស្វាង ឃុំលាងដៃ ស្រុកអង្គរជុំ ខេត្តសៀមរាប ។
ជនកំហូចទាំង២នាក់ ក្រោយមកត្រូវបានព្រះអនុគុណខេត្តបន្ទាយមានជ័យ នាំមកដោះស្បង់ជីវរចេញ ហើយប្រគល់ជូនសមត្ថកិច្ច ធ្វើការអប់រំពួកគេ និង ហៅឪពុកម្តាយ មកទទួលយកទៅផ្ទះវិញ ហើយឲ្យបញ្ចប់សកម្ម ភាពបែបនេះទៀត ៕
ប្រភព៖ ដើមអម្ពិល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]