អាមេរិក៖ កុមារាតូចដ៏គួរឲ្យស្រលាញ់ម្នាក់ កំពុងតែទាញចំណាប់អារម្មណ៍ ពីសំណាក់មហាជនទូទៅជាច្រើន នៅលើបណ្តាញអ៊ីនធើណែត ឲ្យក្រឡេកមកមើលនូវសមត្ថភាព ដ៏អស្ចារ្យរបស់គេ អាចបោះបាល់ចូលក្នុង កងរង្វង់កីឡាបានយ៉ាងល្អឥតខ្ចោះ ដែលកម្រនិងមានកុមារមានវ័យដូចជាគេ ងាយនិងអាចធ្វើបានឡើយ។

កុមារា Calvin Shannon មានអាយុទើបតែ២ឆ្នាំតែប៉ុណ្ណោះ បានក្លាយខ្លួនជាតារាល្បីមួយរូប នៅលើបណ្តាញសង្គម ឲ្យមានការជជែកវែកញែក ពីរូបគេជាច្រើន បន្ទាប់ពីវីដេអូឃ្លីប របស់កុមារាដ៏គួរឲ្យស្រលាញ់រូបនេះ ត្រូវបានបង្ហោះចែកចាយលើបណ្តាញអ៊ីនធើណែត ដែលរូបគេបានបង្ហាញនូវសមត្ថភាព លេងបោះបាល់ចូលក្នុងកងរង្វង់ យ៉ាងមានជំនាញ មិនចាញ់ទៅនឹងអ្នកអាជីពឡើយ។

ប្រភពបន្តថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងដោយប៉ារបស់ Calvin កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ស្ថិតនៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក។ ក្នុងនោះគេឃើញថា កុមារា Calvin បានបោះបាល់ចំនួន ៤បាល់ ពីបរិវេណយ៉រជាន់ទី៣ ទៅក្រោមចូលទៅក្នុងកងរង្វង់បានយ៉ាងល្អ។ Calvin ត្រូវបានប៉ារបស់គេ ជួយបង្ហាត់បង្រៀន លេងកីឡាបាល់បោះមួយនេះ តាំងពីគេមានអាយុទើបតែ ៥ខែមកម្ល៉េះ។

បើតាមការឲ្យដឹងពីលោក Michael Shannon ជាប៉ារបស់ Calvin បាននិយាយថា កូនប្រុសរបស់គាត់ បានហាត់រៀនវា តាំងពីមុនពេលគេ មិនទាន់ចេះដើរមកម្ល៉េះ។ លោកបន្តថា «...ហើយភាពយន្តដែល Calvin ចូលចិត្តមើលនោះ គឺរឿង Space Jam ។ Calvin គេពិតជាស្រលាញ់តួអង្គក្នុងរឿងនេះ គឺលោក Michael Jordan ខ្លាំងណាស់។ ជារៀងរាល់ព្រឹក អ្វីដែលចាប់ផ្តើមធ្វើដំបូងគេនោះ Calvin តែងតែចង់មើលរឿងមួយនេះ (Space Jam) ហើយនឹងលេងកីឡាបាល់បោះនេះតែម្តង។ ហើយសូម្បីតែពេលមុនចូលគេង ក៏គេតែងតែធ្វើទម្លាប់មួយនេះ ដូចគ្នាជាប្រចាំផងដែរ» ។  

អ្វីដែលពិសេស ជាងនេះទៅទៀតនោះ សូម្បីតែកម្មវិធីទូរទស្សន៍ដីល្បីរបស់អាមេរិក ESPN’s Sports Center ក៏បានចាក់ផ្សាយពីវីដេអូឃ្លីប ស្តីពីសមត្ថភាពរបស់ Calvin ផងដែរ ៕ 

ទស្សនាវីដេអូ៖

ប្រភព៖ ដេលីម៉ែល

ក្រឡេកទៅមើលព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖

អីក៏ដាច់ចិត្តម្ល៉េះ! រវល់តែថតរូបបង្ហោះ មិនព្រមជួយគ្នាលង់ទឹក ទុករហូតទាល់តែស្លាប់

ថៃ៖ សារព័ត៌មានចិន បានចុះផ្សាយកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ថា បុរសស្រវឹងស្រាម្នាក់ រស់នៅក្នុងប្រទេសថៃ បានធ្លាក់ចូលទៅក្នុងទឹកទន្លេដោយចៃដន្យ និងបានយំស្រែកឲ្យគេជួយ ប៉ុន្តែបែរជាជួបរឿងដ៏ហួសចិត្តបំផុត ដោយគ្មាននរណាម្នាក់ចូលទៅជួយសង្គ្រោះទៅវិញ។

បុរសរងគ្រោះមិនចេះហែលទឹកទេ គាត់បានព្យាយាមយំស្រែកយ៉ាងខ្លាំង ដើម្បីឲ្យគេជួយ ប៉ុន្តែមនុស្សដែលនៅជុំវិញនោះមិនបានជួយឡើយ ហើយបែរជានាំគ្នាដកទូរស័ព្ទដៃយកមកថតរូប បង្ហោះចូលទៅក្នុងហ្វេសប៉ុកទៅវិញ ដោយអ្នកខ្លះបានសរសេរថា “តើគាត់ធ្លាក់ទៅក្នុងទឹកនោះដោយរបៀបណា? ហាហា”។ ខណៈបុរសរងគ្រោះកំពុងតែព្យាយាមស្រវេស្រវ៉ាខំប្រឹងតោងថ្មច្រាំង ដែលនៅក្បែរនោះតែម្នាក់ឯង។

មិនយូរប៉ុន្មានប៉ូលិសក៏បានទៅដល់ ដោយបុរសខាងលើនោះកំពុងស្ថិតនៅកណ្ដាលទឹកនៅឡើយ ប៉ុន្តែជាអកុសល គាត់បានដាច់ខ្យល់ស្លាប់ទៅហើយ។ លើសពីនេះទៅទៀត ពេលស្រង់សាកសពមកដល់លើគោកវិញ មនុស្សម្នាដែលនាំគ្នាឈរមើលនោះ នៅតែមិនអស់ចិត្ត នាំគ្នាបើកភ្លើងហ្វ្លាស់ (Flash) ពីទូរស័ព្ទ ហើយថតរូប និងវីដេអូបន្ថែមទៀត ខណៈពេលដែលប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេត ត្រួតពិនិត្យលើសាកសព។

ដោយអត់ទ្រាំនឹងទង្វើគ្មានសីលធម៌ទាំងអស់នេះមិនបាន មន្រ្តីប៉ូលិសក៏បានធ្វើការព្រមាន នឹងនិយាយទៅកាន់ហ្វូងមនុស្សទាំងអស់នោះថា “បញ្ឈប់ការថតរូបទៅ ហើយសូមមេត្តាគោរពដល់មនុស្សដែលបានស្លាប់ទៅផង!”។

ក្រោយមក បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង មន្ត្រីប៉ូលិសក៏បានចេញមកថ្លែងថា មនុស្សមួយក្រុមខាងលើនោះ បានអះអាងថា ពួកគេមិនចេះហែលទឹកនោះទេ ដូច្នេះពួកគេបានត្រឹមតែអាចទៅរកប៉ូលិសតែប៉ុណ្ណោះ។

តែទោះជាយ៉ាងណា យោងតាមស្ថានភាពជាក់ស្ដែង ពួកគេអាចជួយបុរសខាងលើនោះបាន ដោយមិនចាំបាច់លោតចុះទៅក្នុងទឹកឡើយ គឺងាយៗដោយគ្រាន់តែជួយបោះដៃឲ្យគាត់តោងទៅ បានបាត់ទៅហើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]