កូរ៉េខាងត្បូង៖ ថ្ងៃនេះ ពិធីមង្គលការ រវាងកំពូលតារាប្រចាំប្រទេសកូរ៉េ លោក Rain និង Kim Tae Hee កំពុងតែដំណើរទៅមុខ នៅឯព្រះវិហារកាតូលិក Gahoe-dong នៃទីក្រុងសេអ៊ូល។

ក្នុងនោះផងដែរគេសង្កេតឃើញ មានវត្តមានតារាល្បីៗ៣រូប គឺលោក Park Jin Young ដែលជាCEO នៃផលិតកម្ម JYP តារារ៉េបជើងចាស់ លោក Park Jun Hyun និងម្ចាស់បទ Gangnam Style លោក Psy ដែលជាមិត្តជិតដិត របស់គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ក៏បានចូលរួមជាកិត្តិយសផងដែរ។

ក្រៅពីនេះ គឺយើងមិនទាន់បានដឹងនៅឡើយទេថា មានវត្តមានតារារូបណាផ្សេងទៀត ដែលបានចូលរួមជាភ្ញៀវកិត្តិយស នៅក្នុងពិធីមង្គលការរបស់អ្នកទាំងពីរ ពីព្រោះថា តារាងរាយឈ្មោះភ្ញៀវដែលបានចូលរួម ត្រូវបានគេរក្សាទុកជាការសម្ងាត់បំផុត ដោយមិនឲ្យអ្នកក្រៅដឹង ដែលជាពិសេសនោះ គឺខាងអ្នកសារព័ត៌មានតែម្តង។ រីឯតារាប្រុសទាំង២រូបនេះ គឺលោក JYP និងលោក Park Jin Young ត្រូវបានគេដឹង ដោយសារតែលោកទាំង២បានបង្ហាញ នៅមុខអ្នកសារព័ត៌មាន ដែលកំពុងចាំនៅមុខព្រះវិហារ កាតូលិក កន្លែងដែលលោក Rain និងអ្នកនាង Kim Tae Hee រៀបមង្គលការ ដើម្បីផ្តិតយករូបភាព រីឯលោក Psy វិញ ត្រូវបានគេដឹងថា លោកបានទៅអង្គុយចាំនៅឯក្នុងព្រះវិហារ តាំងពីមុនគេមកម៉្លេះ។

គួរបញ្ជាក់ដែរថា ពិធីរៀបមង្គលការរបស់កំពូលតារាទាំង២រូបនេះ លោកRain និង ភរិយា ចង់ឲ្យមានជាលក្ខណៈផ្ទាល់ខ្លួនបំផុត ដោយមានការអញ្ជើញចូលរួមតែគ្នាឯង ដែលមានតែមិត្តភក្តិជិតដិត និងក្រុមគ្រួសារទាំងសងខាងតែប៉ុណ្ណោះ។

ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រមានការចម្លែកចិត្តបំផុតនោះ គឺកាលពីប៉ុន្មានថ្ងៃមុននេះ ខាងសារព័ត៌មានមួយរបស់កូរ៉េ បានឲ្យដំណឹងមកថា ពិធីមង្គលការរបស់លោក Rain នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ​ ពោលគឺខែក្រោយនេះ ដែលព័ត៌មាននេះបានធ្វើឲ្យ អ្នកគាំទ្រមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ។

ប៉ុន្តែមិនថាយ៉ាងណា អ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ ចំពោះគូស្នេហ៍ដ៏សាកសមបំផុតប្រចាំប្រទេសកូរ៉េមួយគូនេះ ដែលពួកគេបានក្លាយជា គូស្វាមីភរិយានឹងគ្នាយ៉ាងពេញបរិបូរណ៍ និងជាដំណឹងដ៏គួរឲ្យរីករាយបំផុត៕

តោះមកទស្សនា ទិដ្ឋភាពខ្លះៗ នៃពិធីមង្គលការរបស់លោក Rain ទាំងអស់គ្នា៖

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្រោយលេចឭដំណឹងរៀបការរវាង តារាប្រុសរូបសង្ហា Rain ជាមួយ នឹងមិត្តស្រី នាង Kim Tae Heeភ្លាម ក៏មានប្រព័ន្ធផ្សព្វផ្សាយមួយរបស់កូរ៉េ បានចេញមុខបដិសេធថា ដំណឹងពីការរៀបការរបស់តារាចម្រៀងរូបនេះ មិនមែនជាការពិតឡើយ ដោយវាត្រឹមតែជាការភ័ន្តច្រឡំតែប៉ុណ្ណោះ។

ក្រោយពីការប្រកាស ថាការរៀបការរវាង Rain ជាមួយនឹងមិត្តស្រីមិនមែនជាការពិតនោះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលពាសពេញ បណ្តាញសារព័ត៌មាន រហូតដល់ខាងភ្នាក់ងារផលិតកម្ម របស់តារាទាំងពីររូបនេះ បានបកស្រាយយ៉ាងឆាប់រហ័សថា ដំណឹងទាំងនេះគឺមិនមែនជាការពិតនោះទេ។

ទន្ទឹមនឹង ព័ត៌មានមិនច្បាស់ការណ៍ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន មានភាពងឿងឆ្ងល់ និងច្របូកច្របល់ពេញបណ្តាញសង្គម ដោយមិនប្រាកដថា Rain នឹងរៀបការនៅខែក្រោយនេះពិតមែន? ឬក៏ ដំណឹងនេះត្រឹមតែជាពាក្យចចាមអារ៉ាម ដូចជាការលើកឡើងរបស់ ប្រព័ន្ធផ្សព្វផ្សាយនោះទេ? 

ទាក់ទងនឹងមន្ទិលសង្ស័យអស់ទាំងនេះផងដែរ តារាចម្រៀងវ័យ៣០ផ្លាយ លោកRain ក៏បានសារភាពដោយផ្ទាល់ថា លោកនឹងរៀបការជាមួយកំពូលតារាស្រីនាង Kim Tae Hee យ៉ាងពិតប្រាកដមែន។ ដោយក្នុងនោះ លោកបានសរសេររៀបរាប់ពីអត្ថន័យយ៉ាងកក់ក្តៅ ចេញពីបេះដូងរបស់លោកផ្ទាល់ នៅលើសំបុត្រមួយសន្លឹកដែលលោកបានបង្ហោះ នៅលើបណ្តាញសង្គមInstagram របស់លោក នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៧នេះ ។

ដោយក្នុងសំបុត្រនោះមានអត្ថន័យដូចតទៅ៖

« សួស្តី ខ្ញុំបាទគឺ Jung Ji Hoon, ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងមើលថែទាំសុខភាពឲ្យបានល្អ នៅក្នុងរដូងរងានេះ ។

រយៈ១៦ឆ្នាំមកហើយ ដែលខ្ញុំឈរជើងនៅលើវិថីសិល្បៈ ហើយខ្ញុំជឿថាមកដល់ពេលនេះ អ្នកគាំទ្ររបស់ខ្ញុំ ក៏បានក្លាយទៅជាសភាពនារីដ៏ស្រស់ស្អាត ឬឯអ្នកខ្លះទៀតក៏បានក្លាយទៅជាអ្នកម្តាយដ៏អស្ចារ្យផងដែរ។ ចំពោះខ្ញុំក៏ដូចគ្នា ខ្ញុំក៏កំពុងព្យាយាមវិវត្តន៍ខ្លួន ឲ្យក្លាយទៅជាមេគ្រួសារ និងជាស្វាមីដ៏ល្អម្នាក់ផងដែរ។

នាង(Kim Tae Hee) តែងតែនៅក្បែរខ្ញុំជានិច្ច មិនថាតែពេលខ្ញុំលំបាក ឬក៏សប្បាយរីករាយនោះទេ ហើយនាងក៏បានធ្វើឲ្យខ្ញុំផ្លាស់ប្តូរយ៉ាងច្រើនផងដែរ។ ដោយសារតែការជឿទុកចិត្តលើគ្នា បានធ្វើឲ្យស្នេហារបស់យើងកាន់តែរីកចម្រើនឡើងៗ ហាក់បីដូចជាផ្លែឈើកំពុងតែជិតចេញផ្លែដូច្នោះដែរ។

ការរៀបការរបស់ពួកយើង គឺនឹងធ្វើឡើងជាលក្ខណៈផ្ទាល់ខ្លួន និងស្ងៀមស្ងាត់បំផុត ប៉ុន្តែពោរពេញទៅដោយមនោសញ្ចេតនា និងជាពេលវេលាដ៏គួរឲ្យការចងចាំ។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា នឹងយល់ពីពួកយើង ហើយខ្ញុំក៏មិនអាចនិយាយបានដែរ ថានៅទីកន្លែងណា និងពេលណា ដែលពួកយើងនឹងត្រូវរៀបការ។ ខ្ញុំពិតជាអគុណដល់ក្តីស្រលាញ់របស់អ្នកទាំងអស់គ្នា ដែលមានចំពោះខ្ញុំរយៈពេល១៦ឆ្នាំកន្លងមកនេះ ហើយចាប់ពីពេលនេះទៅ ខ្ញុំសន្យាថាខ្ញុំនឹង កាន់តែមានភាពទទួលខុសត្រូវឲ្យច្រើនជាងនេះ ក្នុងនាមខ្ញុំជាតារាសម្តែង និងជាតារាចម្រៀងមួយរូប៕

“ចំពោះខ្ញុំ នាងគឺជានារីដ៏ល្អបំផុត”។

-Jung Ji Hoon (Rain) »។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]