នៅក្នុងរដូវនេះជារដូវមង្គលការ ដែលយើងតែងតែឃើញ គេចូលរោងជ័យ ស្ទើរតែជារៀងរាល់ថ្ងៃ ដោយសារតែខែនេះ ជាខែគ្មានភ្លៀងធ្លាក់ ដែលវាជាការងាយស្រួលទាំងម្ចាស់កម្មវិធី សម្រាប់រៀបចំអាពាហ៍ពិពាហ៍។

អ្វីដែលគួរចាប់អារម្មណ៍ផងដែរនោះ គឺនាពេលបច្ចុប្បន្ន ពិធីរៀបការ ក៏មិនមែនចេះតែរៀបចំសែនព្រេនសាមញ្ញៗ ឲ្យចប់ចុងចប់ដើមនោះទេ គឺនៅក្នុងមង្គលការ មិនថាមុខរោង រឺក៏ឆាកនោះទេ គឺមានរៀបចំជាផ្កាស្រស់ ឬក៏ផ្កាក្រដាសពាសពេញ មើលទៅដូចជាសួនទៅហើយ ទោះបីជាដឹងថា ការចំណាយលើផ្កាទាំងនោះ  វាមិនថោកក៏ដោយក៏ម្ចាស់កម្មវិធីនៅតែចង់រៀបចំ ដើម្បីឲ្យពិធីរបស់ពួកគេ មើលទៅពោរពេញទៅដោយ ភាពអធិកអធម និងអស្ចារ្យស្អាតប្លែកផងដែរ។

ចុះប្រិយមិត្តដឹងទេថា តើការរៀបចំផ្កា នៅក្នុងពិធី មិនថាក្នុងគេហដ្ឋាន និងក្នុងហាង វាមានចាប់ពីតម្លៃប៉ុន្មានខ្លះទៅ?  

ខ្មែរឡូត បានធ្វើការសម្ភាសន៍លោក ទ្រី សក្កដា ជាតារាចម្រៀង និងអ្នកនិពន្ធ ដែលបច្ចុប្បន្នរូបលោក ទើបតែចាប់របរមួយទៀត  គឺតែងផ្កានៅក្នុងពិធី ទាំងជប់លៀង បុណ្យទាន ខួបកំណើត និងពិធីមង្គលការទាំងអស់។

តារាចម្រៀងប្រុស វ័យ២៤ឆ្នាំរូបនេះបាននិយាយថា "តាមពិត វាអាស្រ័យទៅលើ អតិថិជនដែរ ថាគាត់ចង់បានជាកញ្ចប់តម្លៃប៉ុន្មាន បើសម្រាប់ហាងខ្ញុំ ដែលទើបតែបើកបាន៣ខែនេះ គឺមានជាកញ្ចប់ ហើយក៏មានរៀបចំ ជាផ្កាស្រស់ ផ្កាក្រដាស និងផ្កាជ័រផងដែរ។ សម្រាប់ផ្កាស្រស់ មានជាកញ្ចប់ ចាប់ពី ១៥០០ដុល្លារ ឡើងទៅ ដែលមានទាំងដាក់មុខរោង ក្នុងផ្ទះ ដាក់មុខរថយន្ត ឆាក តុកាត់នំ ផ្កាបាច់ និងកន្លែងថតរូប។ ប៉ុន្តែប្រសិនបើ អតិថិជន ចង់បានតម្លៃក្រោមហ្នឹង ដូចជា ១០០០ដុល្លារ ក៏ហាងខ្ញុំ អាចសម្របទៅតាមផងដែរ គ្រាន់តែរៀបផ្កា មិនបានពេញលេញ ឬក៏ស្រស់ស្អាតខ្លាំងតែប៉ុណ្ណោះ។ បើតម្លៃ លើផ្កាក្រដាសវិញ វាធូរជាងហ្នឹង គឺត្រឹម ៧០០ដុល្លារឡើងទៅ ក្នុងមួយកញ្ចប់។ ប៉ុន្តែផ្កាក្រដាស ក៏មិនមែនដាក់គ្រប់ទីកន្លែងនោះទេ ឧទាហរណ៍ បើភ្ញៀវចង់បាន ផ្កាក្រដាសមុខរោង ហើយក្រៅពីហ្នឹង ដាក់ជាផ្កាស្រស់ក៏បានដែរ គឺហាងខ្ញុំ តម្រូវតាមចិត្ត ជានិច្ច។ 

រីឯផ្កាជ័រវិញ ក៏មានតម្លៃធូរថ្លៃដូចគ្នា ព្រោះវាមានជាប្រភេទជាផ្កាជ័រ លេខ១ រឺក៏លេខ២ ដែលផ្កាជ័រប្រភេទ លេខ១ ស្ទើរតែដូចនឹងផ្កាស្រស់ទៅហើយ ជាពិសេស ការដាក់ផ្កាជ័រ ក៏អាចជួយឲ្យអតិថិជន សន្សំសំចៃថវិកាបានមួយកម្រិតផងដែរ។ ចំពោះតម្លៃទាំងនេះ គឺនៅតែក្នុងរាជធានីភ្នំពេញ តែបើតាមបណ្តាខេត្តនានា អាចគិតលើសហ្នឹង តែក៏មិនច្រើនជាងគ្នាប៉ុន្មានដែរ"

ក្នុងនោះដែរ លោក សក្កដា ក៏បានបន្ថែមថា ហាងលោធ្វើការផ្លាស់ប្តូរតម្លៃរៀបចំផ្កាដែរ អាស្រ័យទៅលើខែ ដូចជាចាប់ពីខែធ្នូ ទៅខែមករា ជាដើម គឺមានតម្លៃរាងខ្ពស់ ព្រោះជារដូវការច្រើន រីឯខែក្រៅពីហ្នឹងមានតម្លៃក្រោមហ្នឹង អាចចុះបាន ពី១០០ ទៅ២០០ដុល្លារផងដែរ។

លោក សក្កដា បានបន្តថា "នាពេលបច្ចុប្បន្ន សម្រាប់ខ្លួនខ្ញុំ ជាអ្នករៀបចំផ្កា គឺសង្កេតឃើញ គេពេញនិយមផ្កាក្រដាសច្រើនជាង ព្រោះទី១ វាមានតម្លៃរាងធូរថ្លៃ សមរម្យអាចទទួលយកបាន ហើយទី២ វាមើលទៅប្លែកភ្នែក ដូចជាផ្កាផុស ហើយទាំងទាក់ទាញផងដែរ។ ប៉ុន្តែតម្លៃនេះ ទោះបីវារាងធូរថ្លៃ ជាងផ្កាស្រស់ក៏ដោយ ក៏យើងត្រូវចំណាយពេលធ្វើវាដល់ទៅ៣ថ្ងៃចំពោះផ្កាធំៗ ព្រោះយើងត្រូវកាច់វាជាស្រទាប់ៗ ទម្រាំបានផ្កាមួយៗនោះ។ បន្ទាប់ពីផ្កា ក្រដាស គឺផ្កាស្រស់ ក៏ជាប់ចំណាត់លេខ២ដែរ ដែលគេនិយមប្រើវា ទោះបីវាមានតម្លៃថ្លៃ ក៏នៅតែគេកម្ម៉ង់ឲ្យហាងខ្ញុំរៀបចំដេគ័រផងដែរ នៅក្នុងថ្ងៃពិសេសរបស់ពួកគេ។ ក្នុងនោះដែរ ក៏មានអ្នកខ្លះ តម្រូវឲ្យរៀបចំផ្កា តែពីមុខរោង ក្នុងតម្លៃ១៥០០ដុល្លារ ក៏មានដែរ ព្រោះគេចង់ឲ្យភ្ញៀវកិត្តិយស ចាប់អារម្មណ៍ លើពិធីរបស់ពួកគេកាន់តែខ្លាំង"

បើទោះបីក្នុងរដូវនេះជារដូវមង្គលការ ដែលតម្រូវឲ្យចំណាយលុយយ៉ាងច្រើន គ្រាន់ តែរៀបចំផ្កាក៏ដោយ ក៏ខាងហាងផ្ការបស់លោកសក្កដា អាចជួយសម្រួលដល់អតិថិជនបានមួយផ្នែកផងដែរ គឺធ្វើការបញ្ចុះតម្លៃទៅដល់២០ភាគរយឯណោះ។ ជាពិសេស ប្រិយមិត្តបើចាប់អារម្មណ៍ ហាងរបស់លោក ក៏អាចធ្វើការផ្ញើសារទៅកាន់គណនីហ្វេសប៊ុកឈ្មោ របស់លោកបាន ឈ្មោះ Ah Da Sakada ឬក៏អាចទាក់ទងដោយផ្ទាល់ផងដែរ តាមលេខ 011 439 444 និង 010 403 383។

នេះជាគ្រាន់តែជាតម្លៃហាងឆេងសម្រាប់ថ្លៃដេគ័រផ្កា ក្នុងរដូវមង្គលការ ដែលអាចឲ្យ គូស្នេហ៍ដែលជិតនឹងរៀបការដឹងខ្លះៗ មុននឹងសម្រេចចិត្តកម្ម៉ង់រៀបចំ នៅតាមហាងផ្កានីមួយៗ នៅក្នុងថ្ងៃមង្គលការ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]