ចិន៖ សារព័ត៌មានសៀងហៃ បានចុះផ្សាយកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ថា មានរឿងអាស្រូវថ្មីមួយទៀតទាក់ទងនឹងសុវត្តិភាពចំណីរអាហារចិន បានធ្វើឲ្យប្រជាជនចិន រន្ធត់ និងខ្ពើមរអើមជាខ្លាំង បន្ទាប់ពីគេបានរកឃើញខ្សែសង្វាក់ផលិតកម្ម រោងចក្រក្រោមដីខុសច្បាប់ជាច្រើន កំពុងតែផលិតគ្រឿងទេសក្លែងក្លាយ ក្នុងចំនួនយ៉ាងច្រើន ដែលអាចបង្កផលប៉ះពាល់ដល់សុខភាព។

តាមរយៈការស៊ើបអង្កេតរបស់កាសែតប៉េកាំង (Beijing News) បានរកឃើញរោងចក្រក្រោមដី ដែលកំពុងតែប្រតិបត្តិការណ៍ចំនួន ៥០រោងចក្រ ស្ថិតនៅក្នុងទីក្រុងតូចមួយ ដែលមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីទីក្រុងTianjin។ នាពេលរាត្រីរោងចក្រទាំងនេះ បានប្រើប្រាស់អំបិល និងគ្រឿងហឹរក្លែងក្លាយ រួមទាំងសារធាតុបន្ថែមរសជាតិ ដើម្បីផលិតជាគ្រឿងទេសក្លែងក្លាយ។ 

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយការផលិតគ្រឿងទេសក្លែងក្លាយទាំងនោះ នឹងត្រូវវេចខ្ចប់ដោយដាក់ឈ្មោះផលិតផលល្បីៗ ដូចជា Nestle, Lee Kum Kee, Knorr, Wang Shouyi, Haday និង Totole បន្ទាប់មកចែកចាយយកទៅលក់នៅទូទាំងប្រទេស។ ហើយដើម្បីធ្វើឲ្យប្រាកដថា ផលិតផលរបស់ពួកគេអាចលក់បន្លំផលិតផលពិតបាន ពូកគេក៏បានលួចថតចម្លងលេខបាកូដ (Barcodes) ពីផលិតផលពិត យកទៅបិទលើផលិតផលរបស់ពួកគេទៀតផង។

ប្រភពព័ត៌មានបានបន្តថា ចំពោះអំបិលក្លែងក្លាយដែលរោងចក្រខាងលើប្រើប្រាស់ ដើម្បីផលិតជាគ្រឿងទេសនោះ គឺជាផលិតផលដែលត្រូវបានហាមឃាត់មិនឲ្យមនុស្សប្រើប្រាស់ ដោយសារតែវាមានផ្ទុកនូវសារធាតុដែលបង្កឲ្យកើតជាជំងឺមហារីក ហើយក៏អាចបង្កឲ្យមានផលប៉ះពាល់ដល់ថ្លើម តម្រងនោម រួមទាំងប្រព័ន្ធសរសៃប្រសាទផងដែរ។ ហើយរឿងដែលមិនបាច់និយាយទៀតនោះ គឺផលិតផលទាំងនោះត្រូវបានផលិតឡើងក្នុងបរិស្ថានដែលគ្មានអនាម័យទាល់តែសោះ។

យោងតាមប្រភពព័ត៌មានដែលបានខ្សឹបប្រាប់កាសែតប៉េកាំង (Beijing News) បានឲ្យដឹងថា រោងចក្រក្រោមដីទាំងនោះ មានមួយចំនួនបានបើកដំណើរការជាង ១ទសវត្សរ៍ទៅហើយ។ ហើយជារៀងរាល់ឆ្នាំ ពួកគេរកលុយបានជាង ១០០លានយ័ន (ជាង១៤លានដុល្លារ) ពីផលិតផលក្លែងក្លាយរបស់ពួកគេ ដែលធ្វើឲ្យពួកគេរស់នៅក្នុងជីវិតដ៏ហឺហារ៕ 

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]