ប្រេស៊ីល៖ ម្តាយជាជនជាតិប្រេស៊ីលមួយរូប បានចាក់សម្លាប់កូនប្រុសអាយុ ១៧ឆ្នាំរបស់ខ្លួន បន្ទាប់ពីបានដឹងថាកូនរបស់ខ្លួនជាខ្ទើយ។

តាមរយៈប៉ូលិសបានរាយការណ៍ថា នាង Tatiana Lozano Pereira អាយុ ៣២ឆ្នាំ បានសម្លាប់កូនប្រុសរបស់ខ្លួនដែលមានឈ្មោះថា Itaberli Lozano នៅឯ រដ្ឋ Cravinhos ទីក្រុង Sao Paulo ប្រទេស ប្រេស៊ីល បន្ទាប់នាងបានជួលមនុស្សពីរនាក់ដើម្បីធ្វើរឿងនេះ តែមិនបានសម្រេច។

យោងទៅតាមសេចក្តីរាយការណ៍ក្នុងស្រុកមួយបានឲ្យដឹងថា អ្នកនាង Pereira បានបោះបង់ចោលកូនប្រុសរបស់នាងជាយូរណាស់មកហើយ ចាប់តាំងពីពេលដែលនាងបានដឹងថាកូនរបស់នាងជាខ្ទើយមកម្ល៉េះ។ បន្ទាប់មក Itaberli ក៏បានទៅរស់នៅជាមួយលោកយាយរបស់គេ។

ចៃដន្យអីថ្ងៃបុណ្យណូអែលកន្លងទៅនេះ នាង Pereira បានទៅលេងផ្ទះម្តាយ (យាយរបស់ជនរងគ្រោះ) ក៏បានជួបជាមួយកូនប្រុសម្តងទៀត ហើយក៏បានអនុញ្ញាតឲ្យកូនប្រុសមករស់នៅក្នុងផ្ទះដូចធម្មតាវិញ នៅថ្ងៃ ២៩ ធ្នូ ២០១៦។

ទោះជាយ៉ាងណាក៏ដោយ នាង Pereira បានសម្រេចចិត្តជួលឃាតករ២នាក់មកសម្លាប់កូនរបស់ខ្លួន ដែលម្នាក់មានឈ្មោះថា Miller da Silva Barissa អាយុ ១៨ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា Victor Roberto da Silva អាយុ ១៩ឆ្នាំដូចគ្នា។

បើយោងទៅតាមមន្ត្រីប៉ូលិសស៊ើបអង្កេត លោក Helton Tosti Renz បានឲ្យដឹងថា នាង Pereira បានលាក់ឃាតករទាំង២នាក់នោះនៅក្នុងផ្ទះ។ បន្ទាប់មក នៅពេលដែលកូនរបស់នាងដើរចូលក្នុងផ្ទះ ពួកគេក៏បានធ្វើសកម្មភាពតែម្តង។

ប៉ុន្តែគម្រោងការណ៍របស់ពួកគេមិនបានជោគជ័យឡើយ ដោយសារឃាតករទាំង២នាក់នោះមិនអាចសម្លាប់ Itaberli បានដូចបំណង។ ដូច្នេះអ្នកនាង Pereira ក៏បានយកកាំបិតផ្ទះបាយ មកចាក់កូនរបស់ខ្លូនឯងរហូតដល់ស្លាប់តែម្តង។

យោងទៅតាមសេចក្តីរាយការណ៍ក្នុងស្រុកមួយបានឲ្យដឹងថា  នាង Pereira និងប្តីរបស់នាង លោក Alex Pereira អាយុ ៣០ឆ្នាំ ដែលត្រូវជាឪពុកចុងរបស់ជនរងគ្រោះ បានយកសាកសពរបស់ Itaberli ទៅកន្លែងស្ងាត់មួយ រួចក៏បានដុតកម្ទេចចោលតែម្តងដើម្បីបំបាត់ភស្តុតាង។

ក្រោយមកទៀត លោកយាយសាច់ខាងឪពុករបស់ជនរងគ្រោះ ក៏បានរាយការណ៍ទៅកាន់ប៉ូលិសចំពោះការបាត់ខ្លូនរបស់ចៅប្រុសគាត់តែម្តង។

ខាងប៉ូលីសក៏បានកើតការសង្ស័យ ក៏ព្រោះតែម្តាយរបស់ជនរងគ្រោះមិនបានរាយការណ៍ចំពោះការបាត់ខ្លួនមួយនេះ និងធ្វើទឹកមុខប្លែកៗ ពេលបានដឹងពីរឿងមួយនេះ។

កាកសំណល់ដែលសល់ពីការដុតនោះ បានរកឃើញនៅក្នុងថ្ងៃទី៧ មករា ២០១៧ នៅទីវាលមួយកន្លែងជិតផ្ទះរបស់ពួកគេ ហើយប៉ូលិសក៏បានរក្សាទុកកាំបិតពីរដើមដែលបានយកពីក្នុងផ្ទះម្តាយជនរងគ្រោះផងដែរ។

នៅទីបំផុត អាជ្ញាធរក្នុងតំបន់បានរកឃើញការពិត ដោយស្ត្រីជាម្តាយរបស់ជនរងគ្រោះបានសារភាពចំពោះការសម្លាប់មួយនេះ នៅពេលដែលប៉ូលិសសួរចម្លើយ។

នាងបានសារភាពទោសកំហុស ដែលជាប់ពាក់ព័ន្ធការជួលឃាតករសម្លាប់មនុស្ស ប៉ុន្តែនាងព្យាយាមការពារប្តីរបស់នាងថា គេមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។

តាមរយៈលោក Dario Rosa ដែលត្រូវជាពូរបស់ជនរងគ្រោះ បានប្រាប់ទៅកាន់ប៉ូលិសថា ក្មេងរងគ្រោះ Itaberli តែងតែត្រូវបានម្តាយរបស់គេ ត្មិះដៀល ដោយសារតែគេជាខ្ទើយ។

គាត់បាននិយាយថា “គេមានការងារធ្វើ និងសុភាពរាបសារណាស់ ហើយគេមិនដែលទៅប៉ះពាល់ដល់នរណាម្នាក់ឡើយ។ គេមានបញ្ហាតែជាមួយម្តាយរបស់គេម្នាក់គត់ ដែលមិនព្រមទទួលស្គាល់ថា គេស្រឡាញ់ភេទដូចគ្នានេះ”

“ម្តាយដែលស្រឡាញ់កូន គេមិនសម្លាប់កូនអ៉ីចឹងទេ។ គ្រួសារមួយនេះបានបែកបាក់ហើយ វាមិនអាចដូចដើមវិញទេ”

ចុងបញ្ចប់នាង Pereira ត្រូវបានបញ្ជូនទៅនៅក្នុងគុកមួយដែលស្ថិតនៅក្នុងរដ្ឋ Cajuru ខណៈពេលដែល បុរសជាប្តីចុង និងឃាតករ២នាក់ទៀត ត្រូវបានបញ្ជូនទៅនៅក្នុងគុកមួយផ្សេងទៀតនៅក្នុងតំបន់ Santa Rosa de Viterbo។ ពួកគេនឹងត្រូវរស់នៅក្នុងគុកនេះ ខណៈពេលដែលការស៊ើបអង្កេតនៅតែបន្ត៕ 

ប្រភព៖ ដេលីម៊ែល

ក្រឡេកមកមើលព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ អភ័ព្វណាស់! អាយុទើបតែ១៤ខែ ត្រូវឃ្មុំទិចជាង ១០០០ដង (មានវីដេអូ)

អាមេរិក៖ ឆ្កែតម្លង់មួយក្បាល មានអាយុ ១៤ខែ ត្រូវបានគេបោះបង់ចោល បន្ទាប់ពីវាត្រូវបានឃ្មុំទិចជាង១០០០ដង។ ឥឡូវនេះ បានរកឃើញម្ចាស់ថ្មីរបស់វាហើយ។

គួររំឭកថាឆ្កែដ៏គួរឲ្យអាណិតមួយក្បាល ដែលមានរហ័សនាមថា Stinger ត្រូវបានគេយកទៅបំបោះបង់ចោលនៅក្នុងជម្រកសត្វឆ្កែមួយកន្លែង បន្ទាប់ពីវាត្រូវបានវាយប្រហារដោយសត្វឃ្មុំ។ តាមការឲ្យដឹង នាង Carri Shipaila ដែលជាអ្នកគ្រប់គ្រងនៅមជ្ឈមណ្ឌលសង្គ្រោះមួយកន្លែងហៅថា LuvnPupz បានជួយសង្គ្រោះឆ្កែមួយក្បាលនោះ ឲ្យបានជាសះស្បើយ និងត្រលប់មកសភាពដើមដូចធម្មតាវិញ។

កញ៉ា Carri បាននិយាយថា “គ្លីនិកសត្វសង្គ្រោះបន្ទាន់មួយ បានទាក់ទងមកខ្ញុំដើម្បីសុំជំនួយក៏ព្រោះតែស្ថានភាពរបស់ឆ្កែមួយក្បាលនេះក្នុងកម្រិតធ្ងន់ធ្ងរពេក”។

“ខ្ញុំមិនមែនគ្រាន់តែចង់ជួយឲ្យវាមានជីវិតរស់នោះទេ គឺខ្ញុំចង់ព្យាបាលជំងឺ និងរបួសរបស់វាឲ្យជាសះស្បើយតែម្តង”។

“គ្រាន់តែខ្ញុំបានទទួលទូរសព្ទភ្លាម ខ្ញុំក៏បើកឡានទៅគ្លីនិកនោះភ្លាម។ នៅពេលដែលខ្ញុំបានឃើញវា ខ្ញុំដឹងថា គេពិតជាត្រូវការជំនួយណាស់។ ខ្ញុំនឹងព្យាយាមជួយវា ទោះបីជាត្រូវចំណាយប្រាក់អស់ប៉ុន្មានក៏ដោយ” ។

Carri នាងបានបន្ថែមថា “ Stinger គឺជាឈ្មោះដែលខ្ញុំបានដាក់ឲ្យវា។ វាជាឆ្កែមួយក្បាលដែលថ្លង់ ដូច្នេះខ្ញុំគិតថា គេមិនខ្វល់ជាមួយឈ្មោះដែលខ្ញុំបានដាក់ឲ្យវាទេ”។

“Stinger បានទទួលការព្យាបាលមុខរបួសដែលបណ្តាលមកពីទ្រនិចរបស់ឃ្មុំ បញ្ហាអាឡែកស៊ីស្បែក និងការប្រតិកម្មថ្នាំជាដើម ដោយការព្យាបាលនេះ ត្រូវការរយៈពេលវែង និងចំណាយថវិកាជាច្រើន”។

គួរឲ្យដឹងដែរថា មជ្ឈមណ្ឌលសង្គ្រោះ LuvnPupz ដំណើរការទៅបានអាស្រ័យដោយមានការគាំទ្រពីអង្គការមួយដែលមានឈ្មោះថា Greater Grand Rapids ដែលធ្លាប់បានជួយសង្គ្រោះសត្វដែលត្រូវបានគេបោះបង់ចោលជាច្រើនមកហើយ។

នាង Carri ក៏បានបន្ថែមទៀតដែរថា “ខ្ញុំបានបើកមជ្ឈមណ្ឌលសង្គ្រោះ LuvnPupz បន្ទាប់ពីខ្ញុំបានបាត់បង់ឆ្កែមួយក្បាលរបស់ខ្ញុំ កាលពីប៉ុន្មានឆ្នាំមុននេះ ដោយសារតែវាកើតជំងឺមហារីក”។

“ដូច្នេះ ខ្ញុំក៏សម្រេចចិត្តថា មិនចិញ្ចឹមសត្វណាទៀតទេ ប៉ុន្តែខ្ញុំនឹងព្យាយាមជួួយសង្គ្រោះសត្វតាមដែលខ្ញុំអាចធ្វើបាន”។

“ពួកយើងជាបុគ្គលិកដែលគ្មានប្រាក់ខែ ប៉ុន្តែពួកយើងបានជួយសង្គ្រោះសត្វជាង ៧០០ក្បាលរួចមកហើយ ហើយពួកយើងបានដាក់ទាំងចិត្ត និងបេះដូងដើម្បីជួយសង្គ្រោះសត្វទាំងនោះ” ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]