(ភ្នំពេញ)៖ ​បន្ទាប់ពីបោះជំហានក្លាយជា ​តារាចម្រៀង​ប្រមាណ៧ឆ្នាំ ​ហើយទទួលបានជោគជ័យយ៉ាងខ្លាំង ទាំងឱកាសចេញច្រៀងនៅក្រៅប្រទេស និងការវិវត្តន៍ខ្លួនក្លាយជាតារាចម្រៀង ប្រចាំនៅក្នុងផលិតកម្មមួយច្បាស់លាស់ ដោយមិនស្ថិតក្នុងភាពតែលតោល តារាចម្រៀងលោក ដួង ផាន់ណា បានសម្រេចចិត្តចេញបទ «Original Song» ដើម្បីវាយលុកទីផ្សារចម្រៀង ទាញយកប្រជាប្រិយភាពបន្ថែមទៀត នៅដើមឆ្នាំ២០១៧នេះ។ បើទោះជាផលិតកម្ម ដែលលោកជ្រកកោណ​ត្រូវគេដឹងថា មិនសូវល្បី តែបទចម្រៀងថ្មីៗរបស់លោក បានក្លាយជាបទមានការគាំទ្រ គ្រប់ពេលចេញបង្ហោះ ជាពិសេសបទ «បើឈឺយ៉ាងនេះ បងសុខចិត្តដើរចេញ» ដែលជាបទ Original Song ទើបនឹងចេញក្ដៅៗ។

តារា​ដែលមានប្រវត្តិតស៊ូក្រាញននាល ក្នុងការងារសិល្បៈរូបនេះបន្តថា បទ Original របស់លោកទទួលបានការពេញនិយមច្រើនឡើងៗ ធ្វើឲ្យលោកមើលឃើញ​ពីមោទនភាព ហើយលោក ក៏នឹងបន្តផលិតបទថ្មីៗប្រភេទនេះ ក្នុងន័យមានបទមិនចម្លងឡើងឆាក និងសម្រាប់ច្រៀងក្នុងលក្លឹប ដែលលោកបកស្រាយចម្រៀងរាល់យប់នោះ ដើម្បីពង្រីកសក្កានុពលវិស័យចម្រៀង របស់ខ្លួន។

​​លោក ដួង ផាន់ណា និយាយថា នៅក្នុងផលិតកម្ម «I-Record» មានបទ​ដែលលោកបកស្រាយផ្ទុះ​ ច្រើនគួរសមដូចជាបទ «គេក្រុងយើងស្រែ» បទ «ស្នេហ៍តែម្ខាង» និងបទ​ «គ្មានដុល្លារស្ដីអូន» ជាដើម។ ប៉ុន្តែលោកនៅតែចាត់ទុកថា សន្ទុះគាំទ្រចំពោះបទ «បើឈឺយ៉ាងនេះ បងសុខចិត្តដើរចេញ» ធ្វើឲ្យលោកសប្បាយចិត្តច្រើនជាង ដោយសារតែនោះជាបទនិពន្ធថ្មី ហើយជាបទភ្លេចនិពន្ធថ្មី មិនចម្លងគេ ដែលបង្ហាញពីអត្តសញ្ញាណស្នាដៃ​របស់លោក។

តារាចម្រៀង ផាន់ណា បានអះអាងថានេះ ជាបទមួយថ្មី ដែលលោកបានបញ្ចេញ MV ផ្លូវការកាលពី២ថ្ងៃមុន បន្ទាប់ពីបានចំណាយទុនពាក់កណ្ដាលម្នាក់ ជាមួយម្ចាស់ផលិតកម្ម I-Record ដែលលោកជ្រកកោណ ផលិតឲ្យមានគុណភាព។​ ផលិតកម្មមិនតម្រូវឲ្យលោក​ចំណាយលុយនោះទេ ប៉ុន្តែបណ្ដាលមកពីលោក​ចង់បានសាច់រឿងល្អ ហើយចង់ឲ្យបទចម្រៀង ដែលលោកបកស្រាយមានគុណភាពគ្រប់គ្រាន់ ទើបលោកសម្រេចចិត្តចំណាយទុនផ្ទាល់ខ្លួន ក្នុងការផលិតបទចម្រៀង។ ​បទល្អលុះត្រាតែមានសាច់រឿងល្អ ទើបលោកយល់ថា ការចំណាយថវិកាពាក់កណ្ដាល ជាមួយផលិតកម្មដើម្បីផលិតឡើង នូវបទដែលលោកពេញចិត្ត មិនមែនជារឿងអាក្រក់មើល។

​សូមទស្សនាបទ «បើឈឺយ៉ាងនេះ បងសុខចិត្តដើរចេញ» ដែលជាបទ Original Song ​នេះទាំងអស់គ្នា៖

ប្រភព៖ Khmertalking

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ នី រតនា ចេញបទថ្មី «នារីក្នុងសុបិនបងគឺជាអូន» ឆ្លើយឆ្លងជាមួយ ឈិន ម៉ានិច្ច ពិរោះកប់!

បទចម្រៀងស្នេហា មនោសញ្ចេតនាជ្រាលជ្រៅ ដែលមានចំណងជើង ថា «នារីក្នុងសុបិនបងជានរណា?» របស់កញ្ញា ឈិន ម៉ានិច្ច ម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី២ ដែលទើបតែចេញថ្មីៗកាលពីសប្តាហ៍មុននេះ គឺទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន។

លោក នី រតនា ម្ចាស់ពាន Cambodia Idol រដូវកាលទី១ ក៏បានចេញ Teaser បទចម្រៀងថ្មីមួយបទទៀតហើយដែរ ក្រោមចំណងជើងថា «នារីក្នុងសុបិនបងគឺជាអូន» ឆ្លើយឆ្លងជាមួយនឹងកញ្ញា ឈិន ម៉ានិច្ច ទៅវិញយ៉ាងពិរោះរណ្តំចិត្ត។

គ្រាន់តែបទចម្រៀងឆ្លងឆ្លើយគ្នា រវាងម្ចាស់ពានទាំងពីររដូវកាលនេះចេញភ្លាម ធ្វើឱ្យអ្នកគាំទ្រជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពេញចិត្តពេញថ្លើមយ៉ាងខ្លាំង ព្រោះតែបទរបស់លោក នី រតនា ដែលទើបតែចេញមកថ្មីៗនេះ គឺស្របទៅតាមការចង់បានរបស់អ្នកគាំទ្រភាគច្រើនថែមទៀតផង។

គួរឱ្យដឹងដែរថា ក្រោយក្លាយខ្លួនជាម្ចាស់ពានលើកដំបូងភ្លាម កញ្ញា ឈិន ម៉ានិច្ច ក៏បានចេញបទចម្រៀងថ្មីមួយបទភ្លែត និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា។ ចំណែកឯលោក នីរតនា វិញក៏មានសន្ទុះនៃការគាំទ្រខ្លាំងគួរឱ្យកត់សម្គាល់ដែរ ក្រោយក្លាយខ្លួនជាម្ចាស់ពានក្នុងកម្មវិធីប្រលងចម្រៀង Cambodian Idol រដូវកាលទី១៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]