(ភ្នំពេញ)៖ បន្ទាប់ពីមានការផ្ទុះកំហឹង ហើយព្រមានជាថ្មីពីតារាប្រុស លោក ចា រិទ្ធី លើកករណីផលិតករល្បីឈ្មោះក្នុងស្រុកម្នាក់ ផ្អិបលុយចំនួនជាង១ពាន់ដុល្លារ មិនព្រមសងក្រោយពេលហៅទៅសម្តែងចប់រួចរាល់ ដែលគិតមកទល់ពេលនេះ មានរយៈពេលជាង១ឆ្នាំហើយនោះ ភ្លាមៗនេះ ស្រាប់តែគេសង្កេតឃើញតារាប្រុស លោក សាវិន ហ្វីលីព ក៏មិនខុសគ្នាជាមួយលោក ចា រិទ្ធី នោះដែរ ពោលគឺបានបញ្ចេញប្រតិកម្មបកអាក្រាត ចំពោះផលិតកររូបនេះ គ្រាន់តែមិនបានបញ្ជាក់ឈ្មោះ។

តារាសម្តែងល្បីឈ្មោះ លោក សាវិន ហ្វីលីព បានសរសេរលើកឡើងថា «សូមផលិតករដដែលរូបនេះដឹងផងថា ថវិកាថ្លៃថតរបស់ខ្ញុំតែមួយថ្ងៃគត់ តាំងពីឆ្នាំមុនដែលខ្ញុំបានថតរឿង” ស្នេហានិងកិត្តិយស” របស់លោក ដែលបានចាក់បញ្ចាំងនៅ CTN ដែរនោះ រហូតមកដល់ពេលនេះ ក៏មិនទាន់បើកឲ្យខ្ញុំដែរ ខ្ញុំទូរស័ព្ទក៏មិនលើកផ្ញើសារ ក៏មិនឆ្លើយ ទ្បូយមែន លោកផលិតករ!»

លោក សាវិន ហ្វីលីព បាននិយាយទៀតថា «កាលណោះមានតារាជាច្រើននាក់ ដែលមានជីវភាពខ្វះខាត ក៏មិនបានទទួលថវិកាថ្លៃថតដែរ គួរលប់បំបាត់ហើយអាវប្បធម៌ ស៊ីខ្ទុះឈាមគេហ្នឹងទៅ។ ពេលនេះខ្ញុំលែងចង់បានថវិកានោះទៀតហើយ សូមលោកផលិតករអាណិតមេត្តា យកថវិកាដែលជាកំលាំងញើសឈាមខ្ញុំនោះ ទៅបរិច្ចាគជូនគ្រួសារកុមារក្រីក្រណាមួយ ក៏បាននៅម្ដុំគំនរសំរាមស្ទឹងមានជ័យ (នៅជិតផ្ទះលោកផលិតករស្រាប់) ហើយសូមផ្ញើរូបថត និងវីដេអូឲ្យខ្ញុំបានឃើញផង!»

យ៉ាងណាមិញ ក្រោយពីមានប្រតិកម្មរិះគន់ខ្លាំងៗ ពីសំណាក់តារាប្រុសលោក សាវិន ហ្វីលីព បានប្រមាណនាទីក្រោយ មកក៏ស្រាប់តែ ត្រូវបានផលិតកររូបនោះ ផ្ញើលុយនេះមកឲ្យលោក សាវិន ហ្វីលីព វិញផងដែរ ដោយលោក សាវិន ហ្វីលីព បានបញ្ជាក់នៅក្នុង Comment ថា «នៅ រសៀលនេះ ខ្ញុំក៏បានទទួលថវិការបស់ខ្ញុំដែរ ហើយមួយឆ្នាំហើយ ទើបផ្ញើឲ្យខ្ញុំតាមវីងមុននេះបន្តិច ។ ខ្ញុំនិងលោក ចា រិទ្ធី គឺជាជនរងគ្រោះដូចគ្នា ហើយនៅមានតារាប្រុសជួរមុខបំផុតម្នាក់ទៀត ក៏មិនទាន់បានទទួលបានថ្លៃថត រឿងរបស់គាត់គ្រប់ចំនួនដែរ!»

ប្រភព៖ Khmertalking

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖ គម្រប់ខួបអាពាហ៍ពិពាហ៍១៦ឆ្នាំ សាវិន ហ្វីលីព នាំភរិយា និងកូនទៅលេងផ្ទះនៅសៀមរាប ហើយឆ្លៀតនិយាយរឿង...!

ក្នុងឱកាសគម្រប់ខួប១៦ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់តារាសម្តែង លោក សាវិន ហ្វីលីព បាននាំភរិយា ព្រមទាំងកូនៗរបស់ខ្លួន ទៅលេងផ្ទះនៅឯខេត្តសៀមរាបយ៉ាងសប្បាយរីករាយ ពោរពេញទៅដោយភាពកក់ក្តៅ។

មិនតែប៉ុណ្ណោះលោក សាវិន ហ្វីលីព ក៏បានឆ្លៀតរៀបរាប់ពីរឿងជីវិតការងារ និងជីវិតអាពាហ៍ពិពាហ៍របស់លោកមួយផ្នែកតូចផងដែរ ដោយចំណុចសំខាន់នោះបានផ្តោតទៅលើ ការយោគយល់អធ្យាស្រ័យគ្នា មិនយកឈ្នះចាញ់គ្នា នៅក្នុងគ្រួសារ គឺជារឿងមួយដែលសំខាន់បំផុតសម្រាប់ជីវិតក្រុមគ្រួសាររបស់លោក។

តារាប្រុសរូបនេះ បានសរសេរប្រាប់នៅក្នុងបណ្តាញទំនាក់ទំនងសង្គមខ្លួនកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

«ថ្ងៃនេះជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្ញុំគម្រប់ខួប១៦ឆ្នាំ (២៦ ធ្នូ ២០០០ - ២៦ ធ្នូ ២០១៦) ឈានចូលឆ្នាំទី១៧... ថ្ងៃនេះនាំកូនៗ និងភរិយាមកលេងផ្ទះនៅខេត្តសៀមរាប...ទម្រាំមានថ្ងៃនេះជីវិតខ្ញុំបានឆ្លងកាត់ ឧបសគ្គរាប់មិនអស់ ទាំងក្នុងជីវិតការងារ និងជីវិតអាពាហ៍ពិពាហ៍មួយនេះ ការយោគយល់អធ្យាស្រ័យគ្នាក្នុងជីវិតគ្រួសារ មិនយកឈ្នះចាញ់គ្នា គឺជារឿងសំខាន់បំផុតដើម្បីអនាគតកូនៗរបស់ពួកយើង! ខ្ញុំមានសំណាងដែលបានរៀបការជាមួយភរិយាខ្ញុំ ដែលជាម្ដាយដ៏ល្អរបស់កូនៗទាំង៣របស់ខ្ញុំ!»។

គួរឱ្យដឹងដែរថា លោក សាវិន ហ្វីលីព ក៏ជាសប្បុរសជនមួយរូប ដែលបានចេញមុខធ្វើជាអ្នកប្រមូលថវិកាសប្បុរសធម៌ជូនលោកគ្រូល្ខោនខោល យិន សារិនផងដែរ ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យប្រទេសថៃ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាវិន ហ្វីលីព