(ភ្នំពេញ)៖ ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បានបរាជ័យយ៉ាងចាស់ដៃ ក្រោមថ្វីជើងក្រុម Buriram United របស់ថៃ ដោយលទ្ធផល ៦-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិលើកីឡដ្ឋាន RSN កាលពីយប់មិញ ។ ប៉ុន្ដែទោះជាយ៉ាងនេះ ភ្នំពេញក្រោនមិនបាន ខាតបង់អ្វីច្រើនទេ ផ្ទុយទៅវិញអតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦ជំនាន់នេះ បានទទួលបានប្រយោជន៍ ជាច្រើនពីកិច្ចសហការជាមួយក្លឹប Buriram United ទៀតផង ។

មុនការប្រកួតចាប់ផ្ដើមបន្ដិច ថ្នាក់ដឹកនាំក្លឹបទាំងពីរបានបង្ហាញជាសាធារណៈ អំពីការចុះអនុស្សារណៈ យោគយល់គ្នា(MOU) លើកិច្ចសហការប្រតិបត្តិការអភិវឌ្ឍន៍ថ្នាលយុវជននៃក្លឹបភ្នំពេញក្រោនរយៈពេលដល់ទៅ ៦ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ។ នេះគឺជាកិច្ចសហការ ប្រវត្តិសាស្រលើកដំបូង រវាងក្លឹបជើងខ្លាំងកម្ពុជា-ថៃ ដើម្បីឆ្ពោះទៅរកភាពរីកចម្រើន លើវិស័យបាល់ទាត់ក្នុងតំបន់បន្ថែមទៀត ។

ជុំវិញគុណប្រយោជន៍ទទួលបានពីការចុះ MOU នោះ រួមមានទី១៖ ក្លឹប Buriram United បានឯកភាពគ្នាចំពោះការអភិវឌ្ឍន៍ យុវជនរបស់ដល់ក្លឹបភ្នំពេញក្រោនមានដូចជា៖ កីឡាករយុវជនថ្នាលរបស់ភ្នំពេញចំនួន ៨នាក់ ចន្លោះអាយុ U-11, U-13 U-15 និង U-17 គឺទទួលបានឱកាសចូល ហ្វឹកហាត់ជាមួយយុវជនថ្នាលរបស់ក្លឹប Burriram United ដោយក្លឹបផ្គត់ផ្គង់លើការចំណាយទាំងអស់ ។

ម្យ៉ាងវិញទៀត សម្រាប់ក្រុមយុវជនថ្នាល របស់ភ្នំពេញក្រោន នឹងទទួលបានការអនុគ្រោះ (Wilcard) ចូលរួមការប្រកួតយុវជនទាំងអស់ ដែលត្រូវបានរៀបចំឡើងដោយក្លឹប Buriram United ។ ចំណែកទី២៖ ក្លឹបភ្នំពេញអាចទៅធ្វើការហ្វឹកហាត់នៅក្នុងពហុកីឡដ្ឋាន Buriram United ពេលណាមួយក៏បាន ។ ដោយហេតុនេះ វាគឺជាសញ្ញាណមួយដ៏ល្អ សម្រាប់ក្លឹបភ្នំពេញក្រោន មានឱកាសពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត ៕

ប្រភព៖ Khmertalking

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖ គោព្រៃកម្ពុជា ចាញ់ ក្រុមអារ៉ាប៊ីសាអូឌីត យ៉ាងចាស់ដៃយប់មិញ ខណៈ អវត្តមានកីឡាករសំខាន់ៗជាច្រើន

ជាការសោកស្តាយមួយសម្រាប់ក្រុមជម្រើសជាតិ គោព្រៃកម្ពុជា ដែលទទួលបរាជ័យជាថ្មីម្តងទៀត កាលពីថ្ងៃទី១៤ មករា កន្លងទៅ ក្នុងជំនួបមិត្តភាពអន្តរជាតិ ទល់នឹងក្រុមអារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផលចាស់ដៃ ៧-២ នៅកីឡដ្ឋានក្នុងទីក្រុងឌូបៃ។

២គ្រាប់របស់ក្រុមជម្រើសជាតិ ដែលស៊ុតចូលពីយប់មិញនេះ ធ្វើឡើងដោយខ្សែប្រយុទ្ធ២រូប គឺកីឡាករ ឃួន ឡាបូរ៉ាវី និង កែវ សុខផេង ខណៈ ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ទទួលបានពិន័យប៉េណាល់ទីរហូតដល់៣គ្រាប់ និងកីឡាករកម្ពុជាយើងមួយរូប ភ្នាត់ស្នៀតស៊ុតចូលទីខ្លួនឯងមួយគ្រាប់ បណ្តោយឲ្យគូប្រកួតដាក់សម្ពាធ និងមានឱកាសស្វែងរកគ្រាប់បាល់បានជាច្រើនគ្រាប់។

គួរបញ្ជាក់ផងថា បរាជ័យនេះ ក្រុមជម្រើសជាតិកម្ពុជា បានអវត្តមានកីឡាករសំខាន់ៗ៤រូប ដោយសារតែពួកគេសុទ្ធតែមានធុរៈសំខាន់ផ្ទាល់ខ្លួន មិនបានចូលរួមក្រុម។

ក្នុងនោះមានដូចជា កីឡាករ ចាន់ វឌ្ឍនាកា និង ស៊ូ យ៉ាទី មិនមានឈ្មោះក្នុងបញ្ជី ដោយសារបញ្ហារបួស ទើបតែបានធូរស្រាលថ្មីៗនេះទេ ចំនែកឯកីឡាករ ប្រាក់ មុន្នីឧត្តម វិញមានធុរៈផ្ទាល់ខ្លួន ជិតដល់ថ្ងៃរៀបការ មិនអាចទៅប្រកួតបាន តែយ៉ាងណាមិញ កីឡាកររូបនេះក៏បានសម្តែងការសោកស្តាយ និងសុំទោសអ្នកគាំទ្រផងដែរ។

ដោយឡែក ខ្សែបម្រើស្លាបស្តាំ ឈិន ឈឿន វិញ បានត្រឹមមើលក្រុមជម្រើសជាតិ តាមទូរស័ព្ទដៃ ពីផ្ទះរបស់ខ្លួន ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះ ឈិន ឈឿន មានអាការៈមិនស្រួលខ្លួន ទើបបណ្តាលឲ្យខកខានបែបនេះ។ តែយ៉ាងណាក៏ដោយ ខ្សែបម្រើរូបនេះ ក៏បានផ្តាំផ្ញើ និងជូនពរទៅកាន់ក្រុមជម្រើសជាតិរបស់ខ្លួនផងដែរ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]