ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នឹងឈានចូលមកដល់ក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះហើយ។ យ៉ាងណាមិញ កូនចៅខ្សែលោហិតចិន ក៏កំពុងត្រៀមខ្លួនដើម្បីទទួលលាភសំណាងរបស់ខ្លួន ក្នុងពិធីបុណ្យចូលឆ្នាំចិនដែលកំពុងតែខិតជិតមកដល់នេះផងដែរ។

ស្របពេលដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំនូវអាំងប៉ាវក្រាស់ៗទាំងនោះ លោកឧកញ៉ា ហុងពីវ អគ្គនាយកក្រុមហ៊ុន ពិភពថ្មីគ្រុប ដែលត្រូវបានមហាជនទទួលស្គាល់ថាជាឧកញ៉ាចិត្តធម៌ តាមរយៈការបរិច្ចាគនានាកន្លងមក បានធ្វើឲ្យបណ្ដាញសង្គមហ្វេសប៊ុកកក្រើកម្ដងទៀតហើយ ដោយសារទំហំនៃសាច់ប្រាក់ក្នុងអាំងប៉ាវសម្រាប់បុគ្គលិកក្នុងឆ្នាំនេះ គឺថាក្រាស់ខ្មឹកតែម្ដង។

យោងទៅតាមគណនីហ្វេសប៊ុកឈ្មោះ Oun Tey បានសរសេរថ្លែងអំណរគុណដល់អគ្គនាយករបស់នាងថា “អរគុណ Bossសំរាប់អាំងប៉ាវចូលឆ្នាំចិន សូមជូនពរ Bossសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចទាំងអស់ ហេងហេងឆ្នាំថ្មីទាំងអស់គ្នា។ យ៉ាងណាមិញរូបភាពដែលគណនីម្ចាស់គណនីបានបង្ហោះ គឺម្នាក់ៗទទួលបានសាច់ប្រាក់សុទ្ធ ៦០០ដុល្លារ ដែលចំនួនលុយក្នុងអាំងប៉ាវនេះបានធ្វើឲ្យអ្នកលេងហ្វេសប៊ុក បើកភ្នែកធំៗម្ដងទៀតហើយ។

គួររំលឹកផងដែរថា លោកឧកញ៉ាហុងពីវ គឺជាសប្បុរសជនមួយរូបដែលតែងតែជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលថ្មីៗនេះលោកទើបតែបានបរិច្ចាកប្រាក់ ២លានដុលា្លរដល់មន្ទីរពេទ្យនេះផងដែរ។

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

នៅព្រឹកថ្ងៃនេះ អ្នកឧកញ៉ា ហុង ពីវ បរិច្ចាគថវិកាដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់២លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ជា ដើម្បីជួយសង្គ្រោះជីវិតកុមារ

(ភ្នំពេញ)៖ ​ឧកញ៉ាដ៏ល្បាញល្បីជួយកិច្ចការសង្គមមួយរូបនៅកម្ពុជា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប បានបរិច្ចាគថវិកាផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ២លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ជា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា តាមការសន្យារបស់លោក។

នេះជាលើកទី២ហើយ ដែលអ្នកឧកញ៉ា ហុង ពីវ និងក្រុមគ្រួសារ បានបរិច្ឆាគថវិកាដ៏ច្រើនជាងគេនៅកម្ពុជា ជូនដល់លោកវេជ្ជបណ្ឌិត Beat Richner ប្រធាន និងជាស្ថាបនិក នៃមន្ទីរពេទ្យគន្ធបុប្ផា នៅទីស្នាក់ការកណ្តាលក្រុមហ៊ុនពិភពថ្មីគ្រុប នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧នេះ។

សូមជំរាបថា កាលពីឆ្នាំមុនអ្នកឧកញ៉ា ហុង ពីវ ក៏បានបរិច្ចាគថវិកាចំនួន១លានដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ជា ហើយក៏បានសន្យាចំពោះលោក Beat Richner ថា ឆ្នាំក្រោយ(គឺឆ្នាំនេះ) នឹងផ្តល់ថវិកាច្រើនជាងឆ្នាំចាស់។ សម្រាប់ពេលឥឡូវនេះទឹកប្រាក់បរិច្ឆាកឆ្នាំថ្មីនេះមានរហូតដល់២លានដុល្លារ។

មន្រ្តីនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាមានចំនួន៥ទីតាំង ក្នុងនោះ៤កន្លែង នៅរាជធានីភ្នំពេញ និងមួយទីតាំងទៀត នៅខេត្តសៀមរាប។ ក្នុងមួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផា ទទួលការព្យាបាលកុមារកម្ពុជាចាប់ពី១៦០០ ទៅ ២០០០នាក់ ដោយមិនគិតកំរៃសេវានោះទេ។

សូមបញ្ជាក់ថា មិនត្រឹមតែជួយដល់មន្ទីរពេទ្យគន្ធបុប្ផា អ្នកឧកញ៉ា ហុង ពីវ នាពេលកន្លងមកតែងតែជួយដល់កិច្ចសប្បុរសធម៌ផ្សេងៗជាច្រើននៅកម្ពុជា ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]