ថៃ៖ បុរសម្នាក់ដែលជាអតីតអ្នកប្រដាល់ ជនជាតិអង់គ្លេស ដ៏ល្បីមួយរូប បានធ្លាក់ខ្លួនមកធ្វើជាអ្នកលក់ប៊ឺហ្គឺនៅតាមផ្លូវ ក្នុងទីក្រុងបាងកក បន្ទាប់ពីគាត់បានបាត់បង់ជើងទាំងសងខាង។

អតីតអ្នកប្រដាល់នៅក្នុងទីក្រុងឡុងដ៍រូបនេះ មានឈ្មោះថា Gareth Payne គាត់បានបាត់បង់ជើងទាំងពីរ កាលពី១៧ឆ្នាំមុន នៅក្នុងគ្រោះថ្នាក់រថភ្លើងដ៏រន្ធត់ នៅប្រទេសអង់គ្លេស។ បើទោះជាមានរឿងអាក្រក់កើតឡើងចំពោះគាត់ក៏ដោយ ក៏សព្វថ្ងៃនេះគាត់តស៊ូដើម្បីជីវិត នៅក្នុងទីក្រុងបាងកក ដោយការលក់ប៊ឺហ្គឺនៅលើចិញ្ចើមផ្លូវ។ 

ប្រភពព័ត៌មានបានឲ្យដឹងថា រូបភាពរបស់លោក Gareth Payne កំពុងតែអាំងសាច់នៅលើរទេះលក់ប៊ឺហ្គឺរបស់ខ្លួន ឈ្មោះ “No Name Burgers” ឬ «ប៊ឺហ្គឺគ្មានឈ្មោះ»  បានទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាញព័ត៌មានក្នុងស្រុកជាច្រើន ហើយក៏មានប្រជាជនថៃជាច្រើន បានកោតសរសើរគាត់ និងចាត់ទុកគាត់ថា ជាគំរូមួយដ៏ល្អ សម្រាប់មនុស្សដែលមិនចុះចាញ់នៅក្នុងជីវិត។

លោក Gareth Payne បើកលក់ប៊ឺហ្គឺនៅតាមផ្លូវ ក្នុងភូមិ Sammakorn សង្កាត់ Khlong Sam Wa ។ គាត់លក់ប៊ឺហ្គឺសាច់ជ្រូក និងសាច់មាន់អាំង ក្នុងតម្លៃត្រឹមតែ ៦០បាត ឬជាង៦០០០រៀលតែប៉ុណ្ណោះ។ ក្រៅពីការលក់ប៊ឺហ្គឺសាច់ជ្រូកបែបអង់គ្លេស លោក Gareth Payne ក៏បានបង្រៀនក្បាច់ប្រដាល់ដល់កុមារជាច្រើនផងដែរ មិនតែប៉ុណ្ណោះលោកថែមទាំងបានបង្កើតគ្រួសារដ៏គួរឱ្យស្រលាញ់មួយនៅក្នុងទីក្រុងបាងកក ទៀតផង។

គួររំឮកថា កាលពីខែមករា ឆ្នាំ២០០០ បុរសជាអតីតអ្នកប្រដាល់ ដ៏ល្បីរូបនេះ បានជួបគ្រោះថ្នាក់ នៅពេលដែលគាត់បានរត់នៅលើផ្លូវរថភ្លើង។ គាត់បានដឹងខ្លួនឡើងវីញ នៅក្នុងមន្ទីរពេទ្យ ហើយជើងរបស់គាត់ទាំងពីរ ក៏ត្រូវបាតបង់នៅពេលនោះដែរ។ នេះបើយោងតាមការឲ្យដឹងពីលោក Gareth Payne ផ្ទាល់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]