អាមេរិក៖ វាជារឿងដ៏គួរឲ្យរន្ធត់មួយផងដែរ បន្ទាប់ពីកុមារាតូចម្នាក់ ត្រូវបានស្រ្តីជាមេដោះ (អ្នកមើលថែទាំក្មេង) យកម៉ាស៊ីនសម្រាប់មូរសក់ ទៅអុចសាច់បណ្តាលឲ្យរងរបួស ដើម្បីជាការដាក់ទណ្ឌកម្ម បានធ្វើឲ្យមហាជនជាច្រើនជះកំហឹង និងរិះគន់ខ្លាំងៗ។

យោងតាមប្រភពទីភ្នាក់ងារសារព័ត៌មានមីរ័រ បានចុះផ្សាយថ្ងៃអង្គារ ទី១៨ មករា ឆ្នាំ២០១៧ នេះឲ្យដឹងថា នាង Nosipho Nxumalo មានវ័យ២១ឆ្នាំ ជាមេដោះម្នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីគេដឹងថា នាងបានប្រើទារុណកម្ម ដោយប្រើប្រាស់ម៉ាស៊ីនសម្រាប់មូរសក់ ដែលកំពុងក្តៅ ទៅអុចលើស្បែកកុមារារងគ្រោះ ដែលមានអាយុទើបតែ២ឆ្នាំ មានឈ្មោះថា Xander Persaud បណ្តាលឲ្យរងការរលាកជាដំណំ។

អ្នកស្រី Angela Persaud ជាម្តាយរបស់កុមារារងគ្រោះ រស់នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានរៀបរាប់ប្រាប់សារព័ត៌មានឲ្យដឹងថា រូបគាត់បានកត់សម្គាល់ឃើញថា កូនប្រុសរបស់គាត់មានស្នាមរលាក លើបរិវេណផ្នែកម្រាមដៃនិងជើង នៅពេលដែលគាត់ បាននាំយកកូនប្រុសទៅងូតទឹក។ ជាហេតុមួយធ្វើឲ្យរូបគាត់ជាម្តាយ មានការងឿងឆ្ងល់យ៉ាងខ្លាំង និងបានដាក់ការសង្ស័យទៅលើ ស្រ្តីដែលជាអ្នកមើលថែទាំកូនរបស់គាត់តែម្តង។

ក្រោយមកអ្នកស្រី Angela ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើល ទើបឃើញសកម្មភាពយ៉ាងច្បាស់ ដែលនេះពិតជាស្នាដៃរបស់មេដោះស្រីវ័យក្មេង ដែលជាអ្នកមើលថែទាំ កូនប្រុសរបស់ខ្លួន គឺនាង Nxumalo យ៉ាងពិតប្រាកដមែន ទើបក្រោយមក ប្តឹងឲ្យប៉ូលិសចាប់ខ្លួនតែម្តង។

ស្រ្តីជាម្តាយរូបនេះនិយាយថា «អ្នកមើលចុះ ឃើញនាងកាន់ម៉ាស៊ីនមូរសក់នៅនឹងដៃអត់ ហើយនាងថែមទាំងយកដៃទៅប៉ះវាទៀត ដើម្បីឲ្យដឹងប្រាកដថា វាក្តៅឬក៏អត់ទៀតផង។ បន្ទាប់មក កូនប្រុសខ្ញុំ Xander បានលោតចេញ ព្រោះតែម៉ាស៊ីនមូរសក់នោះក្តៅ រលាកលើស្បែករបស់គេ តែនាងនោះ (មេដោះ) នៅតែបន្តយកវាទៅអុចដៃរបស់កូនប្រុសខ្ញុំ ម្តងហើយម្តងទៀត»

ដោយឡែក បើតាមការឲ្យដឹងពីសំណាក់ អាជ្ញាធរក្នុងតំបន់វិញ បាននិយាយថា នាង Nxumalo បានសារភាពទោសកំហុសថា រូបនាងពិតជាបានធ្វើនូវទង្វើបែបនេះមែន នោះក៏ដោយសារតែ ដើម្បីជាការប្រដៅដល់កុមារារងគ្រោះ។ មេដោះស្រីវ័យក្មេងរូបនេះ និយាយថា «ជាច្រើនសប្តាហ៍មកហើយ ហើយខ្ញុំពិតជាហត់នឿយ អស់កម្លាំងខ្លាំងណាស់។ ខ្ញុំធ្វើបែបនេះ ក៏ដោយសារតែ ក្មេងនោះមិនស្តាប់ខ្ញុំ ទើបខ្ញុំយកម៉ាស៊ីនមូរសក់ដែលក្តៅ ទៅអុចលើស្បែករបស់គេតែម្តងទៅ»

គួរឲ្យដឹងដែរថា នាង Nxumalo ទើបតែជាត្រូវបានជួលឲ្យមកការ នៅផ្ទះរបស់កុមារារងគ្រោះទើបតែបាន ប៉ុន្មានសប្តាហ៍តែប៉ុណ្ណោះ។ ក្រោយកើតហេតុ រូបនាងត្រូវបានចាប់ខ្លួន ដោយបានចោទប្រកាន់ចំនួន២ករណី ពីបទរំលោភបំពានលើរូបរាងកាយកុមារ និងប្រើប្រាស់នូវអាវុធដែលបង្កឲ្យមានគ្រោះថ្នាក់ដល់កុមារផងដែរ ៕ 

ទស្សនាវីដេអូ៖

ក្រឡេកទៅមើលព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖

រំជួលចិត្ត! ពេលឃើញកូនស្រី Por អោបថើបរូបតំណាងឪពុក នៅថ្ងៃគម្រប់ខួបនៃការស្លាប់រយៈពេល១ឆ្នាំ!

ថៃ៖ កាលពីថ្ងៃម្សិលមិញ សមាជិកក្រុមគ្រួសារ ព្រមទាំងសាច់ញាតិជិតឆ្ងាយទាំងអស់របស់អតីតតារាសម្តែងប្រុស Por Thridsadee Sahawong បានធ្វើដំណើរមកដល់ផ្ទះនៅលើទឹកដីកំណើតឯខេត្ត Buriram ដើម្បីរៀបចំពិធីបុណ្យខួបគម្រប់១ឆ្នាំនៃការស្លាប់របស់លោក កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០១៦។

នៅក្នុងនោះដែរ គេសង្កេតឃើញកុមារី ម្លិះ ដែលត្រូវជាកូនស្រីបង្កើតរបស់អតីតតារាសម្តែង Por និងនាង Bo Vanda គ្រាន់តែបានមកដល់ផ្ទះនៅស្រុកកំណើត និងបានក្រឡេកឃើញរូបថត ដែលជារូបតំណាងរបស់ឪពុកខ្លួនភ្លាម ក៏បានស្ទុះទៅអោប ចាប់ថើប អង្អែលរូបថត Por ហាក់ដូចជាចាប់អោបថើបរូបមនុស្សពិតៗយ៉ាងដូច្នោះដែរ។ ឃើញហើយកើតចិត្តអាណិតក្មេងស្រីខ្លួនតូចម្នាក់នេះខ្លោចចិត្ត មិនគួរណា ត្រូវកំព្រាឪពុកតាំងពីវ័យកុមារយ៉ាងដូច្នេះសោះ។

ចំណែកឯថ្ងៃនេះផងដែរ ក៏មានការរៀបចំធ្វើពិធីបុណ្យគម្រប់ខួប១ឆ្នាំ នៃការស្លាប់របស់លោក Por នៅក្នុងវត្ត Thorm Thira Ram។

គួរឱ្យដឹងដែរថា ភរិយា Por នាង Bo Vanda ក៏ធ្លាប់បានស្រក់ទឹកភ្នែករហាម ពេលរំលឹកទៅដល់ថ្ងៃគម្រប់ខួប១ឆ្នាំរបស់ស្វាមីខ្លួន ហើយបានក៏បានប្រាប់ថា សម្រាប់នាងអ្វីៗគ្រប់យ៉ាងហាក់នៅដូចដើមទាំងអស់។ នាងមិនដែលភ្លេច ឬសូម្បីតែមិនគិតដល់មួយនាទីណាឡើយចំពោះ Por។ បច្ចុប្បន្នទៅបីជាគ្មានស្វាមីនៅក្បែរ ប៉ុន្តែទាំងបន្ទប់គេង ទាំងសម្លៀកបំពាក់ និងអ្វីៗដែលជារបស់ Por គឺនាងនៅតែរក្សាទុកដូចដើមទាំងអស់ ទោះបីជាពេលវេលាបានកន្លងផុតទៅយូរប៉ុណ្ណាក៏ដោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]