ប្រេស៊ីល៖ ជាដំណឹងមួយដ៏ល្អមួយ ក្រោយពីសម្រាកព្យាបាលអស់រយៈពេលជាច្រើនសប្តាហ៍ ទីបំផុតកីឡាករម្នាក់ដែលរួចជីវិត ក្នុងឧប្បទ្ទវហេតុធ្លាក់យន្តហោះ អាចដើរបានជាលើកដំបូងវិញហើយ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កីឡាករ Helio Neto ជាខ្សែការពារមួយរូបរបស់ក្លិបប្រេស៊ីល Chapecoense ពេលនេះអាចដើរបានវិញជាលើកដំបូងហើយ ដោយមិនចាំបាច់កាន់ឈើច្រត់ ខណៈរូបគេសង្ឃឹមថា នឹងអាចចូលលេងបាល់បានវិញ នៅថ្ងៃណាមួយខាងមុខ។

បើតាមរយៈឃ្លីបវីដេអូវិញ បានបង្ហាញឲ្យឃើញថា Neto បានបោះជំហានដើរមួយៗ បន្តិចៗ ដោយមានជំនួយពីគ្រូពេទ្យផ្នែករូបសាស្ត្រ កាន់ដៃកីឡាកររូបនេះ ដើម្បីកុំឲ្យដូល។

ចំពោះ Neto ផ្ទាល់ នៅពេលដែលខ្លួនអាចបោះជំហានជើងដើរបានវិញនោះ បានបញ្ជាក់ប្រាប់សារព័ត៌មានទាំងទឹកមុខញញឹមថា «ខ្ញុំគិតថា ខ្ញុំអាចលេងបាល់ម្តងទៀតឆាប់ៗនេះ។ ដោយមានព្រះជាជំនួយ ខ្ញុំនឹងអាចពាក់អាវក្លិប Chepecoense នៅលើទីលានម្តងទៀត» ។ 

គួររំលឹកផងដែរថា Neto គឺជាជនរងគ្រោះមួយរូប ក្នុងចំនោម៦នាក់ ដែលមានសំណាងរសរានមានជីវិតក្នុងឧប្បទ្ទវហេតុធ្លាក់យន្តហោះ នៅប្រទេសកូឡុំប៊ី កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ។ 

មួយវិញទៀត ក្រោយពីទទួលព្យាបាលវះកាត់រួចហើយនោះ កីឡាកររូបនេះ ក៏បានដឹងខ្លួនឡើងវិញ ក្រោយពីសន្លប់ អស់រយៈពេលជាច្រើនសប្តាហ៍ ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ នឹកស្មានមិនដល់នោះ នៅពេលដែល Neto ដឹងខ្លួនជាលើកដំបូង កីឡាកររូបនេះ ក៏បានសួរទៅកាន់គ្រូពេទ្យថា «តើក្រុមណាជាជើងឯកបាល់ទាត់ទ្វីបអាមេរិក» ដោយកាលនោះ រូបគេបានស្រពិចស្រពិលបាត់បង់ការចងចាំអស់មួយរយៈ៕

ប្រភព៖ Dailymail

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖  កីឡាករមួយរូបទៀត ដែលរួចជីវិតពីឧប្បទ្ទវហេតុធ្លាក់យន្តហោះ រៀបរាប់ទាំងទឹកភ្នែក ពីមូលហេតុដែលខ្លួនមានសំណាងនៅរស់!

Alan Ruschel ជាកីឡាករមួយរូបទៀតរបស់ក្លិប Chapecoense ដែលជួបឧប្បទ្ទវហេតុធ្លាក់យន្តហោះ កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ បានជាសះស្បើយ ចេញពីមន្ទីរពេទ្យវិញហើយ ក្រោយពីមានសំណាងនៅរស់រានមានជីវិត ខណៈមនុស្សជាង៧០នាក់ទៀតបានស្លាប់បាត់បង់ជីវិត។

ខ្សែការពារវ័យ ២៧ឆ្នាំរូបនេះ ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងសន្និសីទសារព័ត៌មាន ហើយថែមទាំងបាននិយាយក្នុងសន្និសីទជាលើកដំបូងទាំងទឹកភ្នែកផងដែរ អំពីហេតុការណ៍ដែលបានកើតឡើង បណ្តាលឲ្យមិត្តរួមក្រុមរបស់គាត់ ស្ទើរទាំងអស់ស្លាប់បាត់បង់ជីវិតបែបនេះ។ មួយវិញទៀត កីឡាកររូបនេះ ក៏បានបញ្ជាក់ពីមូលហេតុ ដែលលោកជឿថាជាសំណាងមួយដែលអាចឲ្យលោកនៅរស់ទៀតផង។

កីឡាកររូបនេះបានបញ្ជាក់ឲ្យដឹងថា ដោយសារតែគាត់ បានប្តូរកន្លែងអង្គុយនៅក្នុងយន្តហោះ ទើបគាត់អាចមានសំណាងនៅរស់បែបនេះ។ ខ្សែការពាររូបនេះ បានលម្អិតបន្ថែមទៀតថា «កៅអីអង្គុយខាងក្រោយសុទ្ធសឹងតែជាអ្នកកាសែត ដូច្នេះហើយ ទើបប្រធានក្លិបមកប្រាប់ខ្ញុំឲ្យទៅអង្គុយខាងមុខវិញ ដើម្បីឲ្យអ្នកកាសែតបានអង្គុយជុំគ្នា នៅខាងក្រោយ។ ដំបូងឡើយខ្ញុំមិនចង់អង្គុយខាងមុខទេ ប៉ុន្តែ អ្នកចាំទី Jackson Follman បានទទូចឲ្យខ្ញុំទៅអង្គុយជិតគាត់នៅខាងមុខ» ។

Alan Ruschel ដែលរួចជីវិតពីឧប្បទ្ទវហេតុធ្លាក់យន្តហោះ បានបន្តទៀតថា «មានតែព្រះទេ ដែលដឹងមូលហេតុពិតប្រាកដ ហើយព្រះពិតជាបានផ្តល់ឱកាសឲ្យខ្ញុំសាជាថ្មី» ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]