ខេត្តព្រៃវែង ៖ បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា​ ប្រជា​កសិករ​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តព្រៃវែង ជា​ពិសេស​អ្នក​នៅ​ជាប់​នឹង​ ព្រំដែន​វៀតណាម កំពុង​តែ​នាំ​គ្នា​ប្រមូល​លាមក​គោ លក់​ទៅ​ឱ្យ​ឈ្មួញ​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ ដោយ​មាន​ឈ្មួញ​ខ្មែរ​ដើរ​ប្រមូល​ទិញ​ដល់​ផ្ទះ​តែ​ម្តង គោ ក្របី​ជុះ​ធ្លាក់​ដល់់​ដី​មិន​ទាន់​ទេ កើប​ហាលថ្ងៃ​ភ្លាម​ទុក​លក់​ឱ្យ​យួន ។

ការ​ផ្អើល​លក់​លាមក​គោ​នេះ ត្រូវ​បាន​គេ​ដឹង​ថា​យ៉ាង​ហោច​ណាស់​លាមក​គោ​ប្រមាណ​៥​តោន ក្នុង​មួយ​ថ្ងៃ​ត្រូវ​បាន​លក់​ឱ្យ​ឈ្មួញ​វៀតណាម ។ ការ​លក់​លាមក​គោ ដែល​ជា​ប្រភព​ផ្តល់​ជី​ដាក់​ស្រែ​ដោយ​មិន​ខ្វាយខ្វល់​ពី​សំណាក់​កសិករ​ខ្មែរ​នេះ កំពុង​បង្ហាញ​នូវ​កម្រិតយល់ដឹង​ទាប​ណាស់ ។

ផ្ទុយ​ទៅ​វិញ​ពួក​គាត់​បែរជា​នាំ​គ្នា​ទិញ​ជីគីមី ពី​ប្រទេស​វៀតណាម យក​មក​ដាក់​ស្រែ​គ្រប់​ៗ​គ្នា ទោះបីជា​តម្លៃ​ជី​ទាំងនោះ​ថ្លៃ​ប៉ុន្មាន​ក៏​ដោយ និង​ភ្លេច​គិត​ថា លាមក​គោ​ដែល​ពួក​គាត់​នាំ​គ្នា​កើប​លក់​ឱ្យ​គេ​នោះ គឺជា​ប្រភព​ជីធម្មជាតិ​ដ៏​សម្បូរ​បែប សំរាប់​ដាក់​ស្រែ​ចំការ​របស់​ពួក​គាត់​នោះ​ឡើយ ។

លោកយាយ ពោ​ជ គន់ អាយុ​៦៥​ឆ្នាំ ជា​ប្រជា​កសិករ​នៅ​ភូមិ​ជ្រៃ​ថ្មី ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ដែល​កំពុង​តែ​កាយ​ហាល​លាមក​គោ​ទុក សម្រាប់​លក់​ឱ្យ​ឈ្មួញ​បាន​ប្រាប់​កោះសន្តិភាព​ថា លាមក​គោ​ដែល​ហាល​ស្ងួត​ហើយ គាត់​លក់​បាន​តម្លៃ​៣០០០​រៀល​ក្នុង​១​បាវ ។ គាត់​ប្រាប់​ថា មាន​ច្រើន​ប៉ុណ្ណា​ក៏​គេ​ទិញ​ដែរ ហើយ​អ្នក​ភូមិ​របស់​គាត់​គ្រប់​ៗ​គ្នា សុទ្ធតែ​បាន​លក់​លាមក​គោ​ដូច​ជា​គាត់​ដែរ និង​បាន​កម្រៃ​គ្រាន់​ដោះស្រាយ​ជីវភាព​ខ្លះ​ៗ ។ ប៉ុន្តែ​នៅ​ពេល​សួរ​លោកយាយ​ថា តើ​លោកយាយ​បាន​ជី​អ្វី​ដាក់​ស្រែ​នោះ​បើ​លក់​លាមក​គោ​អស់​ទៅ​ហើយ​នោះ លោកយាយ​បាន​អះអាង​ថា គឺ​គាត់​ទិញ​ជីគីមី​ពី​ប្រទេស​វៀតណាម មក​ប្រើ​វិញ ។ គាត់​ចេះ​ថ្នូរ​ថា​ឥឡូវនេះ​ពិបាក​ណាស់ ធ្វើស្រែ​មិនសូវ​ចំណេញ​ទេ ព្រោះ​តម្លៃ​ស្រូវ​ថោក ឯ​ជី​ចេះ​តែ​ឡើងថ្លៃ ។

បុរស​ឈ្មោះ អ៊ឹ​ម សា​រឿ​ន ជា​ឈ្មួញ​ដើរ​ប្រមូល​ទិញ​លាមក​គោ​ពី​តាម​ខ្នង​ផ្ទះ​របស់​អ្នកស្រុក បាន​ប្រាប់​ឱ្យ​កោះសន្តិភាព​ដឹង​ថា ក្នុង​លាមក​គោ​១​បាវ គាត់​ទិញ​ពី​អ្នកស្រុក​តម្លៃ​៣០០០​រៀល ហើយ​ដឹក​យក​ទៅ​លក់​ដល់​ក្នុង​ដី​វៀតណាម​បាន​តម្លៃ​៤៥០០​រៀល ក្នុង​១​ថ្ងៃ​គាត់​ដើរ​ប្រមូល​ទិញ​លាមក​គោ​បានជា​មធ្យម​១០០​បាវ ហើយ​អ្នក​ដែល​រកស៊ី​ដើរ​ប្រមូល​ទិញ​លាមក​គោ​ដូច​ជា​គាត់ នៅ​ក្នុង​ឃុំ​កោះរ​ការ​មាន​ចំនួន​៥​ទៅ​៦​នាក់ ។ ដូច្នេះ​ជា​មធ្យម​ក្នុង​១​ថ្ងៃ ពួក​គាត់​បាន​ទិញ​លាមក​គោ យក​ទៅ​លក់​ឱ្យ​ឈ្មួញ​វៀតណាម​បាន​ចំនួន​ពី​៥០០​ទៅ​៦០០​បាវ ។

គាត់​បាន​បញ្ជាក់​ថា ធាតុ​ពិត​បើ​ពួក​គាត់​ដើរ​ប្រមូល​ទិញ​លាមក​គោ​ដល់​ណា អ្នកស្រុក​នៅ​ទីនោះ​នឹង​នាំ​គ្នា​កើប​លក់​លាមក​គោ​ដល់ទី​នោះ គឺ​លក់​គ្រប់​ៗ​គ្នា ប៉ុន្តែ បច្ចុប្បន្ន​នេះ​ពួក​គាត់​ដើរ​ប្រមូល​ទិញ​បាន​ត្រឹមតែ​ក្នុង​ឃុំ​កោះ​រកា​១​ប៉ុណ្ណោះ ។ ចំណែក​ឃុំ​ផ្សេង​ៗ​ទៀត​ពួក​គាត់​ទៅ​មិន​ដល់​នោះ​ទេ ព្រោះ​គ្មាន​កំលាំង​គ្រប់គ្រាន់ ជា​ពិសេស​គឺ​មធ្យោបាយ​ដឹក​ជញ្ជូន​តែ​ម្តង ដោយ​ពួក​គាត់​មាន​តែ​គោ​យន្ត​កែ​ច្នៃ​ប្រភេទ​តា​ឡេ​ថង​ប៉ុណ្ណោះ ប៉ុន្តែ​បើ​មាន​រថយន្ត​ធំ​ៗ​ក៏​អាច​ប្រមូល​ទិញ​បាន​ច្រើន ។

យោង​តាម​ព័ត៌មាន ដែល​ទទួល​បាន​ពី​មន្ត្រី​មូលដ្ឋាន នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ខេត្តព្រៃវែង​មិនមែន​មាន​តែ​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ​នេះ​១​ទេ ដែល​អ្នកស្រុក​ផ្អើល​នាំ​គ្នា​លក់​លាមក​គោ​ឱ្យ​វៀតណាម​នោះ ចំណែក​នៅ​ស្រុក​មួយ​ចំនួន​ទៀត ដូច​ជា​ស្រុក​ព្រះស្តេច ស្រុក​មេ​សាង ស្រុក​កំពង់ត្របែក និង​ស្រុក​កំចាយមារ​ជាដើម ក៏​មាន​អ្នកស្រុក​នាំ​គ្នា​កើប​លាមក​គោ​លក់​ឱ្យ​វៀតណាម​ដែរ ។ តាម​ការ​សន្និដ្ឋាន​ក្រៅផ្លូវការ​ក្នុង​១​ថ្ងៃ​ៗ​ចំនួន​លាមក​គោ ដែល​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម គឺ​មិន​ក្រោម​៥​តោន​នោះ​ទេ ប៉ុន្តែ​សកម្មភាព​នេះ​គឺ​មិនសូវ​ត្រូវ​បាន​គេ​ចាប់​អារ​ម្ម​ណ៌​នោះ​ទេ ដោយសារ​តែ​ការ​នាំ​ចេញ​នេះ​មាន​រូបភាព​តូច​ៗ ហើយ​ពេល​ខ្លះ​ក៏​មានការ​ភាន់ច្រឡំ​ជាមួយនឹង​ការ​នាំ​ចេញ​ស្រូវ​ផង​ដែរ ព្រោះ​គេ​ច្រក​បាវ​ដឹក​ដូច​គ្នា ។

ទន្ទឹម​នឹង​ការ​ផ្អើល​នាំ​គ្នា​លក់​លាមក​គោ​ទៅ​ឱ្យ​ប្រទេស​វៀតណាម​ដ៏​ច្រើន​សន្ធឹកសន្ធាប់ និង​ជា​រៀងរាល់ថ្ងៃ​បែប​នេះ ត្រូវ​បាន​ក្រុម​អ្នកវិភាគ​ជា​ច្រើន​សំដែង​នូវ​ការ​ព្រួយ​បារ​ម្ម​ណ៌​ជា​ខ្លាំង នៅ​ពេល​ឃើញ​បងប្អូន​កសិករ​ខ្មែរ នាំ​គ្នា​ប្រមូល​យក​លាមក​គោ ដែល​ជា​ប្រភព​ជីធម្មជាតិ​មាន​ប្រយោជន៍​បំផុត សំរាប់​មុខរបរ​ធ្វើស្រែ​របស់​ពួក​គាត់ យក​ទៅ​ដូរ​យក​លុយកាក់​បន្តិចបន្តួច រួច​ហើយ បែរជា​នាំ​គ្នា​ចំណាយ​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅ​ទិញ​ជីគីមី ពី​ប្រទេស​គេ​មក​ប្រើ​វិញ ទាំង​ដែល​ជីគីមី​ទាំងនោះ​បាន​បង្ក​នូវ​ផល​ប៉ះពាល់​ជា​ច្រើន ដល់​សុខភាព​របស់​ប្រជាជន​ខ្មែរ​យើង ។ ក្រុម​អ្នកវិភាគ​ទាំងនោះ​បាន​លើក​ឡើង​ថា បញ្ហា​នេះ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ត្រូវ​តែ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្លាំង និង​ចាត់វិធានការ​ទប់ស្កាត់​តាម​រយៈ​ការ​អប់រំ​ណែនាំ​ឱ្យ​បាន​ច្បាស់លាស់ ។ ពុំនោះ​ទេ​ផលវិបាក​ជា​ច្រើន នឹង​កើត​មាន​ជា​បន្តបន្ទាប់​នៅ​ពេល​ខាង​មុខ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​សេដ្ឋកិច្ច​របស់​ជាតិ​ផង​ដែរ ។

ចំពោះ​ករណី​នេះ​ត្រូវ​បាន​លោក អ៊ុ​ក សំណាងប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ប្រាប់​ឱ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា​ចំនួន​ប្រជា​កសិករ​ដែល​នាំ​គ្នា​លក់​លាមក​គោ​ទៅ​ឱ្យ​ប្រទេស​ជិតខាង​នោះ លោក​ទទួលស្គាល់​ថា គឺ​ពិតជា​កើនឡើង​កាន់តែ​ច្រើន​មែន ដោយសារ​តែ​លាមក​គោ​វា​មាន​តម្លៃ​ថ្លៃ ហើយ​ពួក​គាត់​អាច​បាន​ប្រាក់​កម្រៃ​មក​ប្រើប្រាស់​ភ្លាម​ៗ​តាម​សេចក្តី​ត្រូវការ ។

លោក អ៊ុ​ក សំណាង បាន​បញ្ជាក់​ទៀត​ថា​ចំពោះ​ករណី​នេះ​ខាង​មន្ទីរ​របស់​លោក បាន​ត្រឹមតែ​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​អំពី​អត្ថប្រយោជន៍​របស់​លាមក​គោ និង​អំពាវនាវ​ឱ្យ​ពួក​គាត់ ឈប់​លក់​តទៅ​ទៀត​ប៉ុណ្ណោះ ។ លោក​ថា ប៉ុន្តែ​លោក​មិន​មាន​វិធានការ​ណាមួយ សំរាប់​ទប់ស្កាត់ ឬ​ហាមឃាត់​ពួក​គាត់​មិន​ឱ្យ​លក់​លាមក​គោ​នោះ​ទេ ព្រោះ​ច្បាប់​ពុំ​បាន​ហាមឃាត់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាម​ការ​បកស្រាយ​របស់​អ្នកជំនាញ​ផ្នែក​កសិកម្ម លាមក​គោ​គឺជា​ប្រភព​ជី​ដ៏​មាន​ប្រយោជន៍​បំផុត​សំរាប់​មុខរបរ​ធ្វើស្រែ​ចំការ ព្រោះ​វា​ជួយ​ធ្វើ​ឱ្យ​ដី​ធូរ មាន​ជីវជាតិ​ល្អ និង​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ ព្រមទាំង​អ្នក​បរិភោគ​ថែម​ទៀត​ផង ។ ដោយឡែក​សំរាប់​ជីគីមី​វិញ ទោះបី​វា​មានគុណ​ប្រយោជន៍​ចំពោះ​មុខ​ដែល​ធ្វើ​ឱ្យ​ដំណាំ ស្រែ​ចំការ របស់​ប្រជា​កសិករ​លូតលាស់ និង​ផ្តល់​ផ្លែផ្កា​ល្អ​បាន​ភ្លាម​ៗ​ក៏​ពិតមែន ប៉ុន្តែ​ជាមួយ​គ្នា​នោះ​វា​ក៏​បាន​នាំ​មក​ជាមួយ​នូវ​ផល​ប៉ះពាល់​ជា​ច្រើន​ផង​ដែរ ដូច​ជា​ការ​ធ្វើ​ឱ្យ​ដី​កាន់តែ​រឹង​ហិល​ខ្សោះ​ជីជាតិ​ងាប់​អស់​ត្រី ក្តាម ខ្យង ជា​មច្ឆជាតិ​បង្កើត​មេរោគ​កាន់តែ​ច្រើន ជា​ពិសេស​គឺ​ប៉ះពាល់​ដល់​សុខភាព ទាំង​អ្នក​ប្រើ​និង​អ្នក​បរិភោគ​ថែម​ទៀត​ផង ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]