(កំពត)៖ កម្លាំងអន្ដរាគមន៍ពិសេស សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ក្រោយការណែនាំ និងបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុរិទ្ធ ស្នងការនគរបាលខេត្ត បានចាប់ខ្លួនមន្ដ្រីនគរបាលខេត្តកំពតម្នាក់ ដែលធ្វើសកម្មភាពចែកចាយគ្រឿងញៀន, លោកស្នងការ ប្រកាសកាត់ឈ្មោះចេញពីក្របខ័ណ្ឌ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់។

ប្រតិបត្តិការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យជាមន្ដ្រីនគរបាលដែលចាប់ខ្លួននេះ ឈ្មោះ ​ទូច សុមុទ្ទ អាយុ៤៥ឆ្នាំ ជាមន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកំពត ប្រចាំការនៅ​ច្រកតន់ហន់ ដោយក្នុងក្រោយពេលឃាត់ខ្លួន កម្លាំងជំនាញដកហូតបានថ្នាំញៀនមួយចំនួនធំ។

ជាមួយនឹងការចាប់ខ្លួនមន្ដ្រីនគរបាល ដែលចែកចាយគ្រឿងញៀននេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានប្រកាសកាត់ឈ្មោះជនសង្ស័យ ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងដាច់ណាត់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី​៕

ប្រភព៖ Fresh News

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖  រយៈពេលកន្លះខែ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស បង្ក្រាបបានចំនួន៥០៦ករណី ឃាត់ខ្លួន១៣០៧នាក់

យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់រយៈពេលកន្លះខែ ចាប់ថ្ងៃទី១ ដល់១៥ ខែមករា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖

* បទល្មើសគ្រឿង​ញៀនចំនួន ៥០៦ករណី

* ឃាត់ខ្លួនជនសង្ស័យចំនួន១,៣០៧នាក់

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន​ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួល​បាន​លទ្ធផល​ល្អឡើងថែមទៀត។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]