រាជធានីភ្នំពេញ ៖ អំឡុងខែតុលា ខាងមុខនេះខ្សែភាពយន្តបែប3Dរឿង«សង្សារខ្ញុំអាប»ដែលជាស្នាដៃ ដំបូងរបស់ផលិតករភាពយន្តខ្មែរនឹងដាក់បញ្ចាំងតាមរោងភាពយន្ត នៅភ្នំពេញ និងបណ្តាខេត្តហើយគេរំពឹងថានឹងទទួលបានជោគជ័យ។ ឆ្ពោះទៅការបញ្ចាំងខ្សែភាពយន្ត បែប3Dនេះលោកជា វណ្ណារិទ្ធ ដែលជាពិធីករស្ថានីយទូរទស្សន៍បាយ័ន និងជាតួឯកក្នុងខ្សែភាពយន្តរឿង«សង្សារខ្ញុំអាប»អំពាវនាវដល់ ប្រជាពលរដ្ឋខ្មែរដែលនិយមទស្សនាខ្សែភាពយន្ត3Dជួយគាំទ្រ ភាពយន្តដែលជាស្នាដៃដំបូងរបស់ផលិតករខ្មែរលោក គាំ ចន្ធី នេះផង។

តារាសម្តែងរូបនោះលើកឡើងថា ខ្សែភាពយន្តរឿង«សង្សារខ្ញុំអាប» ដែលផលិតជាភាពយន្តបែប3D សម័យទំនើប និងកំពុងពេញនិយមលើពិភពលោកគឺជា ភាពយន្តទី១ របស់កម្ពុជា និងជាស្នាដៃនិពន្ធនិងដឹកនាំរឿងដោយលោក គាំ ចន្ធី របស់ផលិតកម្ម FCI ។ ភាពយន្តដ៏ទំនើបនេះទើបតែថតចប់នៅអំឡុងខែសីហា និងកំពុងកាត់តនៅប្រទេសកូរ៉េខាងត្បូង ហើយអាចនឹងចប់សព្វគ្រប់នៅពេលឆាប់ៗខាងមុខនេះ ។ គម្រោងដាក់បញ្ចាំងខ្សែភាពយន្តដ៏អស្ចារ្យនេះគឺនៅក្នុងខែតុលា ឆ្នាំ២០១២នេះ ។

លោក ជា វណ្ណារិទ្ធឱ្យដឹងថា ខ្សែភាពយន្តបែប3Dរឿង«សង្សារខ្ញុំអាប»ចូលរួមសម្តែងដោយតារាល្បីៗ ជាច្រើនដូចជា កញ្ញាសុខ សោ ម៉ាវត្តី កញ្ញាកុល ដាវី នាងស្វែង សុជាតា និងលោកសុវណ្ណ គីរី ជាដើម ។ លោកគាំ ចន្ធី អ្នកនិពន្ធ និងដឹកនាំរឿង«សង្សារខ្ញុំអាប»បញ្ជាក់ថា នៅពេលនេះខ្សែភាពយន្ត3Dស្នាដៃដំបូងរបស់លោកកំពុងតែយកទៅកាត់ត នៅប្រទេសកូរ៉េខាងត្បូង ហើយនៅចុងខែកញ្ញា គេបញ្ជូនមកវិញត្រៀមដាក់បញ្ចាំងនៅ តាមរោងភាពយន្តនានានៅភ្នំពេញ និងតាមបណ្តាខេត្ត ។

លោកចន្ធីមានសុទិដ្ឋិនិយមថា ខ្សែភាពយន្តបែប3Dរបស់លោកនេះនឹងទទួលបានការគាំទ្រពីទស្សនិក ជននៅក្នុងស្រុកមិនខានឡើយ ព្រោះជាភាពយន្តបែប3Dដំបូងសម្រាប់ប្រទេសកម្ពុជា ។ ទស្សនិកជនពិតជាចង់ដឹង និងចង់ទស្សនាការវិវត្តរបស់ភាពយន្តខ្មែរថា តើមានភាពប្លែកប៉ុនណានិងអស្ចារ្យប៉ុនណា ។ផលិតកររូបនេះទទួលស្គាល់ថា ខ្សែភាពយន្តរបស់លោកដែលផលិតឡើងនេះប្រាកដជាមានការខ្វះខាត និងមានចន្លោះប្រហោង ដូច្នេះហើយលោកនឹងចាំទទួលស្វាគមន៍រាល់មតិរិះគន់ទាំងឡាយពីមហា ជន ។ ប្រសិនបើរឿងនេះទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅពេលដាក់ បញ្ចាំងលោកនឹងផលិតខ្សែភាពយន្តបែប3Dនេះជាបន្តទៀត ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]