(ភ្នំពេញ)៖ សំណុំរឿង​បុរសស្បែកខ្មៅ សញ្ជាតិនីហ្សេរីយ៉ា៦នាក់ និងខ្មែរម្នាក់ ឃុបឃិតលួចលេខកូដសម្ងាត់របស់ធនាគារមួយចំនួន លួចដកប្រាក់តាមប្រព័ន្ធ​បច្ចេកវិទ្យា​ស្វ័យប្រវត្ត ត្រូវបានចៅក្រមសាលាដំបូងលើកយកមកបើកសវនាការបន្តសួរដេញដោល លើជនជាប់ចោទទាំង៧នាក់ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ តែមិន​ទាន់បញ្ចប់នៅឡើយទេ ហើយនឹងបន្ដនៅព្រឹកស្អែកទៀត។

ក្នុងសវនាការនៅព្រឹកថ្ងៃទី១៧ ខែមករានេះ ពួកជនជាប់ មិនឆ្លើយសារភាពពីការលួច ឬរបៀបលួចលេខកូដសម្ងាត់របស់ធនាគារទេ ដោយពួកគេម្នាក់ៗ បានអះអាងថា ពួកគេសុទ្ធតែជាកីឡាកបាល់ទាត់ ដែលមកហ្វឹកហាត់ប៉ុណ្ណោះ​ ហើយអ្នកខ្លះថា មករស់ប្រទេសកម្ពុជាដើម្បីរងចាំចាកចេញ ទៅរស់នៅប្រទេសអូស្ត្រាលី ព្រោះនៅកម្ពុជា​មានស្ថានទូតអូស្ត្រាលីនៅភ្នំពេញ។ ចំណែកអ្នកខ្លះទៀតឆ្លើយថា ខ្លួនគេមានភរិយាជានារីខ្មែរ មានមុខរបរលក់នាឡិកា និងលក់សម្លៀកបំពាក់ជាដើម។

យ៉ាងណាមិញ សវនាការនេះ​តុលាការ នៅមិនទាន់បានបង្ហាញទិន្ន័យ លុយកាក់របស់ធនាគារណាខ្លះ ដែលត្រូវបាត់បង់ដោយសារការលួចតាមរយៈលេខកូដសម្ងាត់ របស់ធនាគារនៅឡើយ ដោយរងចាំដល់ថ្ងៃទី១៨ ខែមករាស្អែកនេះ ក្រោយពីបញ្ចប់ការសួរដេញដោល លើជនជាប់ទាំង៧នាក់សិន។

សូមបញ្ជាក់ថា រឿងក្ដីនេះ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង បាន​បើកសវនាការជំនុំជម្រះម្ដងរួចហើយ ពីអំពើលួចលេខសម្ងាត់ប័ណ្ណ ឥណទានតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តនៅរាជ​ធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ប៉ុន្តែការសាកសួរជនជាប់ មានរយៈពេល​ខ្លីពេក តុលាការក៏លើកពេលបន្តមកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ។

ជនជាប់ចោទទាំង៧នាក់ ដែលតុលាការកាត់ទោសនេះ ទី១៖ឈ្មោះ ODEBUNMI OLASUNKANMIFRANK អាយុ៣២ឆ្នាំ, ទី២៖ឈ្មោះ ADEMILUYI GBENGA ADEGOKE អាយុ២៤ឆ្នាំ, ទី៣៖ឈ្មោះ TAIWO TEMITOPE OLAKUNLE អាយុ៣០ឆ្នាំ, ទី៤៖ឈ្មោះ NJOKU DAVID អាយុ២៧ឆ្នាំ, ទី៥៖ឈ្មោះ ODEBUNMI OLUWANIFISE OLUWASESAN ​អាយុ៤៤ឆ្នាំ, ទី៦៖ឈ្មោះ ABODUNRINSEYI ABODUNDE អាយុ៣៩ឆ្នាំ និងទី៧៖ឈ្មោះ អ៊ីង វណ្ណៈ ​អាយុ២៩ឆ្នាំ។

សូមបញ្ជាក់ថា ពួកជនជាប់ចោទស្បែកខ្មៅទាំង៦នាក់ មានអ្នកខ្លះបានមករស់នៅប្រទេសកម្ពុជាយ៉ាងតិច៤ឆ្នាំ រហូតដល់៨ឆ្នាំ និងមានជួលផ្ទះស្នាក់នៅ បើកមុខរបររកស៊ីលក់នាឡិកា ហាងកាត់សក់ និងការកម្ម៉ង់ទំនិញមកពីអូស្ត្រាលីជាដើម ប៉ុន្តែអាជ្ញាធរខ្មែរសង្ស័យថា មុខរបរពួកគេ គ្រាន់តែជាការបិតបាំងអំពើទុច្ចរិត នៃការលួចដកប្រាក់ពីធនាគារ តាមរយៈការប្រើប្រាសលេខកូដសម្ងាត់តែប៉ុណ្ណោះ៕

ប្រភព៖ FreshNews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]