ជាក់ស្តែងសព្វថ្ងៃនេះមនុស្សរស់នៅលើភពផែនដីយើង មានប្រមាណ ៧ ពាន់លាននាក់ទៅហើយ។ ចំនួនដ៏ច្រើនលើសលុបនេះ មិនសមថា មានកន្លែងណា ដែលសេសសល់ គ្មានមនុស្សរស់នៅឡើយ។ ប៉ុន្តែផ្ទុយទៅវិញ មានទីកន្លែងជាច្រើន ដែលត្រូវបានគេបោះបង់ចោល គ្មានមនុស្សរស់នៅទាល់តែសោះ។

ខាងក្រោមនេះ គឺជាទីកន្លែងទាំង ១០ ជុំវិញពិភពលោក ដែលបានក្លាយជាវាលរហោឋាន ដោយត្រូវបានទុកចោលជាយូរណាស់មកហើយ ៖

១០. ទីក្រុង Pripyat

Pripyat គឺជាទីក្រុងខ្មោច ដែលស្ថិតនៅឯភាគខាងជើង ប្រទេសអ៊ុយក្រែន ជិតព្រំដែនរបស់ប្រទេស បេឡារុស។ កាលពីឆ្នាំ ១៩៧០ វាជាទីក្រុងនុយក្លេអ៊ែរទីប្រាំបួន របស់សហភាពសូវៀត ដែលគេបិទសម្រាប់សាងសង់រោងចក្រថាមពល នុយក្លេអ៊ែរ Chernobyl ។ ក្រោយមកនៅឆ្នាំ ១៩៧៩ ទីក្រុងនេះ ត្រូវបានប្រកាសជាផ្លូវការ រហូតមានមនុស្សមករស់នៅចំនួន ៤៩,៣៦០ នាក់។ នៅឆ្នាំ ១៩៨៦ ពួកគេត្រូវបានជម្លៀសចេញពីទីក្រុងទាំងអស់ ដោយសារតែមានគ្រោះមហន្តរាយប្រតិកម្មនុយក្លេអ៊ែរ Chernobyl ។ ទោះបីជាសព្វថ្ងៃ កម្រិតវិទ្យុសកម្មលែងមានទៀតក៏ដោយ ក៏គេប្រកាសមិនឲ្យមានមនុស្យចូល ហើយថែមទាំងចាត់ទុកជាតំបន់ពិសេសទៀតផង។ 

៩. កំពែង Machu Picchu

Machu Picchu គឺជាកំពែងរបស់អាណាចក្រ Inca ពីបុរាណ កាលពីអំឡុងសតវត្សទី ១៥ និងមានទីតាំងនៅលើជួរភ្នំ ដែលមានកម្ពស់ ២,៤៣០ ម៉ែត្រ ពីកម្រិតទឹកសមុទ្រ។ វាមានទីតាំងក្នុងតំបន់ Cusco ខេត្ត Urubamba ស្រុក Machupicchu នៅក្នុងប្រទេសប៉េរូ សព្វថ្ងៃ។ អ្នកបុរាណវិទូជឿជាក់ថាកំពែងនេះ ត្រូវបានសាងសង់ឡើង សម្រាប់ថ្វាយអធិរាជ Pachacuti អំឡុងឆ្នាំ ១៤៥០ និងត្រូវបានទុកចោល នៅរយៈពេលមួយសតវត្សក្រោយ (មានសង្រ្គាមជាមួយអេស្ប៉ាញ)។ កំពែងនេះ នៅរក្សាអាថ៌កំបាំងជាច្រើន ដែលមិនទាន់មានអ្នកណាអាចបកស្រាយបានច្បាស់នៅឡើយទេ។ 

៨. កោះ Gunkanjima

កោះ Hashima ឬតែងត្រូវបានគេហៅថាជា កោះ Gunkanjima គឺជាកោះដែលគេបោះបង់ចោលមួយ មានចម្ងាយប្រមាណជា ១៥ គីឡូម៉ែត្រ ពីទីក្រុងណាហ្គាសាគី ភាគខាងត្បូងប្រទេស ជប៉ុន។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុត លើកោះនោះគឺ អាគារបេតុងចាស់ៗ ដ៏គួរឲ្យព្រឺក្បាល។ កោះទំហំ ៦.៣ ហិកតានេះ ជាកន្លែងរុករករ៉ែធ្យូងថ្មបាតសមុទ្រ តាំងពីឆ្នាំ ១៨៨៧ រហូតមានមនុស្សរស់នៅដល់ទៅ ៥,២៥៩ នាក់ ក្នុងឆ្នាំ ១៩៥៩។ ក្រោយមកនៅឆ្នាំ ១៩៧៤ ធនធានរ៉ែក៏ចាប់ផ្តើមអស់ រួចបណ្តាលឲ្យមនុស្សចាកចេញពីកោះនេះ រហូតគ្មានមនុស្សរស់នៅដល់សព្វថ្ងៃ។ 

៧. ទីក្រុង Kolmanskop

Kolmanskop គឺជាទីក្រុងខ្មោច ស្ថិតនៅលើវាលខ្សាច់ Namib ភាគខាងត្បូង ប្រទេសណាមីប៊ី (Namibia)។ ទីក្រុង Kolmanskop នេះ ធ្លាប់ជាទីក្រុងអ្នកមាន ដោយសារធនធានរ៉ែ ប៉ុន្តែសព្វថ្ងៃ វាជាទិសដៅដើរកម្សាន្តរបស់ភ្ញៀវទេសចរ និងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន NamDeb ។ កាលពីឆ្នាំ ១៩០៨ កម្មករជនជាតិអាល្លឺម៉ង់ម្នាក់បានរកឃើញត្បូងពេជ្រនៅទីនោះ រហូតមានមនុស្សមករុករករ៉ែពេជ្រជាច្រើន ហើយថែមទាំងសង់ផ្ទះរស់នៅថែមទៀតផង។ ប៉ុន្តែ អំឡុងទសវត្សឆ្នាំ ១៩២០ រ៉ែពេជ្រ ក៏ចាប់ផ្តើមអស់ និងត្រូវបានមនុស្សបោះបង់ចោលនៅឆ្នាំ ១៩៥៤ រហូតដល់សព្វថ្ងៃ។ 

៦. ទីក្រុង Centralia

Centralia គឺជាទីក្រុងមួយ ដែលនឹងជិតក្លាយជាទីក្រុងខ្មោចដែរហើយ។ ទីក្រុងនេះ មានទីតាំងនៅ Columbia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ទីក្រុងរុករករ៉ែធ្យូងនេះ ត្រូវបានគេបោះបង់ចោល បន្ទាប់ណីមានភ្លើងឆេះ រ៉ែធ្យូងក្រោមដី តាំងពីឆ្នាំ ១៩៦២ មកម្ល៉េះ។ រហូតមកដល់សព្វថ្ងៃនេះ ភ្លើងទាំងនោះនៅមិនទាន់រលត់នៅឡើយទេ ដែលជាហេតុធ្វើឲ្យទីក្រុងនេះ មានផ្សែងពាសពេញ ដូចជាឋាននរកពិតៗ ហើយថែមទាំងប្រេះដីបែកក្រហែង ម្តងម្កាលទៀតផង។ ជាក់ស្តែង វាមិនទាន់ត្រូវបានទុកចោលទាំងស្រុងទេ ពីព្រោះកាលពីឆ្នាំ ២០១០ មានមនុស្សរស់នៅប្រមាណជា ១០ នាក់ផងដែរ។ 

៥. ទីក្រុង Humberstone

Humberstone គឺជាអតីតទីក្រុងស្ល អំបិលប៉ូតាស្យូមនីត្រាត ដែលមានទីតាំងនៅភាគខាងជើងប្រទេសឈីលី (Chile)។ ជាក់ស្តែង នីត្រាត គឺជាជំនួញដ៏ធំក្នុងត្រីមាសទី ១ អំឡុងទសវត្សទី ២០ ដោយសារតែវាជាធាតុផ្សំសំខាន់របស់ជី។ ក្រោយមកក្នុងទសវត្សឆ្នាំ ១៩៣០ គេបានរកឃើញធាតុគីមីថ្មី មកជំនួស នីត្រាត ហើយមានតម្លៃថោកជាង រហូតធ្វើឲ្យឧស្សាហកម្មនីត្រាតក៏ចាប់ផ្តើមដាំក្បាលចុះ។ ទីក្រុងនេះបានក្លាយជា ទិសដៅដើរកំសាន្តរបស់អ្នកទេសចរ និងត្រូវបានចាត់ចូលជាតំបន់បេតិកភណ្ឌពិភពលោកទៀតផង។ 

៤. ទីក្រុង Craco

Craco គឺជាទីក្រុងខ្មោច និងជាឃុំមួយ ក្នុងខេត្ត Matera នៅជួរភ្នំ Basilicata ភាគខាងត្បូង ប្រទេសអ៊ីតាលី។ វាមានទំហំផ្ទៃដីដ៏ធំ និងត្រូវបានប្រកាសជាទីក្រុងផ្លូវការ កាលពីឆ្នាំ ១៨១៥។ ទីក្រុងចំណាស់នេះ ត្រូវបានបោះបង់ចោល រហូតសព្វថ្ងៃនេះ ដោយសារតែមានគ្រោះមហន្តរាយធម្មជាតិ។ នេះក៏បណ្តាលមកពីជ្រលងភ្នំ គ្មានលំនឹងអាចទប់ សំណង់អាគារ និងផ្ទះ នៅពីលើបាននឹងនរឡើយ ហើយថែមទាំង ឧស្សាហ៍មានបញ្ហាគ្រោះរញ្ជួយដីថែមទៀត។ 

៣. ទីក្រុង Salton Riviera

Salton Riviera គឺជាទីក្រុងមួយ ដែលកើតចេញពីទឹកទន្លេ Colorado ដែលហូរហៀរចាក់ចូលវាលខ្សាច់របស់ California កាលពីឆ្នាំ ១៩០៥ បង្កើតបានជា បឹងនិម្មិតមួយ រហូតមានមនុស្សមកឆ្លៀតឱកាសឆក់យកតំបន់នោះធ្វើអាជីវកម្ម ជាពិសេស គេបានចាត់ទុកថាជា អព្ភូតហេតុទៀតផង។ ប៉ុន្តែក្រោយមកជីគីមី បានហូរចូលក្នុងទឹក ពីដីដំណាំជុំវិញនោះ បានធបណ្តាលឲ្យ ងាប់ត្រី សូម្បីតែបក្សីដែលស៊ីត្រីទាំងនោះក៏ងាប់ដែរ។ ការបំពុលខ្យល់ ដោយសារសាកសពបក្សី និងត្រីរាប់លានក្បាលទាំងនោះ បានធ្វើឲ្យមនុស្សចាកចេញ អស់ត្រឹមតែរយៈពេលមួយយប់ប៉ុណ្ណោះ។ 

២. Wonderland Amusement Park

សួនកម្សាន្ត Wonderland ត្រូវបានបោះបង់ចោល ទាំងដែលគម្រោងសួនកម្សាន្តនេះ មិនទាន់បញ្ចប់ស្រួលបួលនៅឡើយ។ វាមានទីតាំងនៅក្នុងភូមិ Chenzhuang ក្រុង Nankou ស្រុក Changping ប្រទេសចិន ដែលមានចម្ងាយពីទីក្រុងប៉េកាំង ៣២ គីឡូម៉ែត្រ។ ជាក់ស្តែងសួនកម្សាន្តនេះ គឺជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ របស់ក្រុមហ៊ុន Reignwood Group ប្រទេសថៃ ដោយបានគ្រោងទុកថា ជាសួនកម្សាន្តធំជាងគេ នៅតំបន់អាស៊ីទៀតផង។ ផ្ទុយទៅវិញ ដោយសារតែជួបប្រទះបញ្ហាហិរញ្ញវត្ថុ សួនកម្សាន្តនេះ ក៏បានបញ្ឈប់ការសាងសង់ នៅឆ្នាំ ១៩៩៨ សូម្បីតែគម្រោងសាងសង់ឡើងវិញ កាលពីឆ្នាំ ២០០៨ ក៏ត្រូវបានបរាជ័យដែរ។ 

១. ទីក្រុង Ordos

Ordos គឺជាទីក្រុង និងជាតំបន់មួយផ្នែក ក្នុងចំណោមតំបន់ទាំង ១២ របស់ទឹកដីពួក Inner Mongolia ក្នុងប្រទេសចិន។ ទីក្រុងនេះ លាតសន្ធឹងតាមបណ្តោយទន្លេលឿង (Yellow River)ត្រង់ចំនុចកោងរបស់ទន្លេ។ កាលដំបូងឡើង ក្រុមអ្នកវិនិយោគ បានធ្វើការប៉ាន់ប្រមាណថា នឹងមានអ្នកស្រុក យ៉ាងហោចណាស់មួយលាននាក់ មករស់នៅតំបន់នោះ។ ផ្ទុយទៅវិញ មិនថា អាគារខ្ពស់ៗ ផ្ទះវីឡាធំៗ ឬផ្ទះតូចនោះទេ បែរជាគ្មានអ្នកណាចូលមករស់នៅទាល់តែសោះ ជាងនេះទៅទៀតនោះ សូម្បីតែផ្លូវ ក៏មានសភាពស្ងាត់ជ្រៀបដែរ៕ 

ប្រភព៖ The Richest | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]