កូរ៉េខាងត្បូង៖ ក្រោយលេចឭដំណឹងរៀបការរវាង តារាប្រុសរូបសង្ហា Rain ជាមួយ នឹងមិត្តស្រី នាង Kim Tae Heeភ្លាម ក៏មានប្រព័ន្ធផ្សព្វផ្សាយមួយរបស់កូរ៉េ បានចេញមុខបដិសេធថា ដំណឹងពីការរៀបការរបស់តារាចម្រៀងរូបនេះ មិនមែនជាការពិតឡើយ ដោយវាត្រឹមតែជាការភ័ន្តច្រឡំតែប៉ុណ្ណោះ។

ប៉ុន្តែមិនប៉ុន្មានម៉ោង ក្រោយពីការប្រកាស ថាការរៀបការរវាង Rain ជាមួយនឹងមិត្តស្រីមិនមែនជាការពិតនោះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលពាសពេញ បណ្តាញសារព័ត៌មាន រហូតដល់ខាងភ្នាក់ងារផលិតកម្ម របស់តារាទាំងពីររូបនេះ បានបកស្រាយយ៉ាងឆាប់រហ័សថា ដំណឹងទាំងនេះគឺមិនមែនជាការពិតនោះទេ។

ទន្ទឹមនឹង ព័ត៌មានមិនច្បាស់ការណ៍ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន មានភាពងឿងឆ្ងល់ និងច្របូកច្របល់ពេញបណ្តាញសង្គម ដោយមិនប្រាកដថា Rain នឹងរៀបការនៅខែក្រោយនេះពិតមែន? ឬក៏ ដំណឹងនេះត្រឹមតែជាពាក្យចចាមអារ៉ាម ដូចជាការលើកឡើងរបស់ ប្រព័ន្ធផ្សព្វផ្សាយនោះទេ?

ទាក់ទងនឹងមន្ទិលសង្ស័យអស់ទាំងនេះផងដែរ តារាចម្រៀងវ័យ៣០ផ្លាយ លោកRain ក៏បានសារភាពដោយផ្ទាល់ថា លោកនឹងរៀបការជាមួយកំពូលតារាស្រីនាង Kim Tae Hee យ៉ាងពិតប្រាកដមែន។ ដោយក្នុងនោះ លោកបានសរសេររៀបរាប់ពីអត្ថន័យយ៉ាងកក់ក្តៅ ចេញពីបេះដូងរបស់លោកផ្ទាល់ នៅលើសំបុត្រមួយសន្លឹកដែលលោកបានបង្ហោះ នៅលើបណ្តាញសង្គមInstagram របស់លោក នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៧នេះ ។

ដោយក្នុងសំបុត្រនោះមានអត្ថន័យដូចតទៅ៖

« សួស្តី ខ្ញុំបាទគឺ Jung Ji Hoon, ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងមើលថែទាំសុខភាពឲ្យបានល្អ នៅក្នុងរដូងរងានេះ ។

រយៈ១៦ឆ្នាំមកហើយ ដែលខ្ញុំឈរជើងនៅលើវិថីសិល្បៈ ហើយខ្ញុំជឿថាមកដល់ពេលនេះ អ្នកគាំទ្ររបស់ខ្ញុំ ក៏បានក្លាយទៅជាសភាពនារីដ៏ស្រស់ស្អាត ឬឯអ្នកខ្លះទៀតក៏បានក្លាយទៅជាអ្នកម្តាយដ៏អស្ចារ្យផងដែរ។ ចំពោះខ្ញុំក៏ដូចគ្នា ខ្ញុំក៏កំពុងព្យាយាមវិវត្តន៍ខ្លួន ឲ្យក្លាយទៅជាមេគ្រួសារ និងជាស្វាមីដ៏ល្អម្នាក់ផងដែរ។

នាង(Kim Tae Hee) តែងតែនៅក្បែរខ្ញុំជានិច្ច មិនថាតែពេលខ្ញុំលំបាក ឬក៏សប្បាយរីករាយនោះទេ ហើយនាងក៏បានធ្វើឲ្យខ្ញុំផ្លាស់ប្តូរយ៉ាងច្រើនផងដែរ។ ដោយសារតែការជឿទុកចិត្តលើគ្នា បានធ្វើឲ្យស្នេហារបស់យើងកាន់តែរីកចម្រើនឡើងៗ ហាក់បីដូចជាផ្លែឈើកំពុងតែជិតចេញផ្លែដូច្នោះដែរ។

ការរៀបការរបស់ពួកយើង គឺនឹងធ្វើឡើងជាលក្ខណៈផ្ទាល់ខ្លួន និងស្ងៀមស្ងាត់បំផុត ប៉ុន្តែពោរពេញទៅដោយមនោសញ្ចេតនា និងជាពេលវេលាដ៏គួរឲ្យការចងចាំ។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា នឹងយល់ពីពួកយើង ហើយខ្ញុំក៏មិនអាចនិយាយបានដែរ ថានៅទីកន្លែងណា និងពេលណា ដែលពួកយើងនឹងត្រូវរៀបការ។ ខ្ញុំពិតជាអគុណដល់ក្តីស្រលាញ់របស់អ្នកទាំងអស់គ្នា ដែលមានចំពោះខ្ញុំរយៈពេល១៦ឆ្នាំកន្លងមកនេះ ហើយចាប់ពីពេលនេះទៅ ខ្ញុំសន្យាថាខ្ញុំនឹង កាន់តែមានភាពទទួលខុសត្រូវឲ្យច្រើនជាងនេះ ក្នុងនាមខ្ញុំជាតារាសម្តែង និងជាតារាចម្រៀងមួយរូប៕

“ចំពោះខ្ញុំ នាងគឺជានារីដ៏ល្អបំផុត”។

-Jung Ji Hoon (Rain) »។

នេះបើយោងតាម Ilgan Sports ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ បានឲ្យដឹងថា ពិធីរៀបការរបស់អ្នកទាំងពីរ នឹងប្រារព្ធឡើងនៅឯ ព្រះវិហារការតូលិក នៅថ្ងៃទី ១៩ ខែកុម្ភៈ ខាងមុខនេះ ដោយមានការចូលរួមជាលក្ខណៈគ្នាឯងបំផុត គឺមានតែមិត្តភក្តិជិតដិត និងក្រុមគ្រួសារទាំងសងខាងតែប៉ុណ្ណោះ ។

គួររំលឹកដែរថា កញ្ញា Kim Tae Hee ធ្លាប់និយាយបើកចំហពីស្នេហារបស់នាងជាមួយ Rain នៅក្នុងកិច្ចសម្ភាសន៍របស់ ទស្សនាវដ្តី Instyle ដែលនាងបានលើកឡើងថា៖ «ពួកយើងពូកែញ៉ាំ និងចូលចិត្តនិយាយច្រើន ពួកយើងមានអ្វីៗស្រដៀងគ្នាជាច្រើន។ ខ្ញុំជាមនុស្សស្ងៀមស្ងាត់ម្នាក់ រីឯគាត់គឺជាមនុស្សចូលចិត្តកំប្លែង និងពូកែនិយាយ ដូច្នេះហើយពួកយើងមិនសូវខ្វះរឿងនិយាយជាមួយគ្នាឡើយ»៕ 

ប្រភព៖Koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]