អាមេរិក៖ អវកាសយាននិក លោក Gene Cernan ជាបុរសចុងក្រោយ ដែលបានដើរលើឋានព្រះចន្ទ  ពេលនេះបានទទួលមរណៈភាពបាត់ហើយ ដោយស្ថិតក្នុងវ័យ៨២ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។

តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់ អង្គការណាសា បានឲ្យដឹងថា ពួកគេមានការសោកស្តាយជាខ្លាំង ចំពោះការបាត់បង់ អតីតអវកាសយាននិក ដែលបានចូលនិវត្តន៍ លោក Gene Cernan ដែលជាមនុស្សចុងក្រោយ ដែលបានដើរលើឋានព្រះចន្ទ។ តែទោះជាយ៉ាងណា ព័ត៌មានលម្អិតនៃការស្លាប់របស់គាត់ នៅមិនទាន់ត្រូវបានគេដឹងភ្លាមៗនោះទេ។

គួររំឮកថា លោក Gene Cernan ដែលជាអតីត កាប់ពីទែនកងទ័ពជើងទឹកសហរដ្ឋអាមេរិក គឺជាបុរសជនជាតិអាមេរិកាំង ទី២ ដែលបានឈានជើងដើរនៅលើទីអវកាស និងជាមេបញ្ជាការយានអាប៉ូឡូ ទី១៧ (Apollo 17) ជាបេសកកម្មទៅឋានព្រះចន្ទចុងក្រោយបង្អស់ ដែលមានមនុស្សបើក។ 

លោក Gene Cernan បានកើតនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ ១៩៣៤ ក្នុងទីក្រុងឈីកាហ្គោ រដ្ឋអៀលលីនណយ សហរដ្ឋអាមេរិក។ លោកត្រូវបានគេស្គាល់ជាទូទៅថា ជាមេបញ្ជាការកងទ័ពជើងទឹកមួយរូប។ លោកបានចូលហ្វឹកហ្វឺនផ្នែកហោះហើរ បន្ទាប់ពីបានបញ្ចប់ការសិក្សា ហើយក្រោយមកត្រូវបានបញ្ជូនទៅក្នុងក្រុមវាយប្រហារអាកាស លេខ២៦ និង ១១២ ក្នុងទីក្រុង Miramar រដ្ឋកាលីហ្វញ៉ា ក្នុងស្ថានីយ៍អាកាស Naval Air។

បន្ទាប់ពីបានហ្វឹកហ្វឺនអស់រយៈពេលជាង ៥ ០០០ម៉ោង លោកកាប់ពីទែន Cernan ត្រូវបានគេជ្រើសរើសជាមនុស្សម្នាក់ ក្នុងចំណោមអវកាសយានិក ១៤នាក់ ដើម្បីធ្វើដំណើរក្នុងបេសកកម្ម Gemini IX របស់អង្គការណាសា កាលពីខែតុលា ឆ្នាំ១៩៦៣ នៅឋានព្រះចន្ទ រយៈពេល៣ថ្ងៃ និងចំណាយពេល ២ម៉ោង ១០នាទី នៅខាងក្រៅយានអវកាស ដើរលើឋានព្រះចន្ទ។

នៅខែធ្នូ ឆ្នាំ១៩៧២ លោកបានក្លាយជាបុរសចុងក្រោយបំផុតដែលទៅដល់ឋានព្រះចន្ទ បន្ទាប់ពីលោកបានក្លាយទៅជាអវកាសយាននិកចុងក្រោយ ដែលជិះក្នុងយានអាប៉ូឡូ Apollo Lunar Module ហើយគាត់ជាមនុស្សចុងក្រោយ ដែលបានបន្សល់ទុកដានជើង នៅលើផ្ទៃព្រះចន្ទ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]