មនុស្សយើងកើតមកប្រាកដជា ត្រូវតែមានគូហ្នឹងគេ គ្រាន់តែយូរឬឆាប់ប៉ុណ្ណោះ។ ទម្រាំតែរកដៃគូជីវិតឃើញ ម្នាក់ៗពិតជាឆ្លងកាត់រឿងរ៉ាវជាច្រើន រាប់មិនអស់ជាក់ជាមិនខានឡើយ។ ជាពិសេស ក្តីស្រមៃធំបង្អស់ គឺបានចូលរោងការ ប្រារព្ធពិធីអាពាហ៍ពិពាហ៍ តាមប្រពៃណី ទំនៀមទម្លាប់ ជាមួយមនុស្សដែលយើងស្រលាញ់ នោះឯង។

ជាការពិតណាស់ ពិធីរៀបអាពាហ៍ពិពាហ៍ គឺជាវប្បធម៌ និងជាទំនៀមទម្លាប់ របស់ជនជាតិខ្មែរ តាំងពីយូរលង់ណាស់មកហើយ។ ពិធីរៀបមង្គលការនេះ គឺជាពិធីមួយដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំ មនុស្សប្រុសស្រីឲ្យក្លាយជាប្ដីប្រពន្ធនឹងគ្នា។ ពិធីរៀបអាពាហ៍ពិពាហ៍នៅក្នុងប្រទេសកម្ពុជាត្រូវបានរៀបចំឡើងតាមលំដាប់លំដោយតាំងពី ដំណាក់កាលចែចូវ មកពិធីភ្ជាប់ពាក្យ រហូតដល់កម្មវិធីមង្គលការ។

គួរបញ្ជាក់ផងដែរថា តាមប្រពៃណីខ្មែរ ពិធីរៀបមង្គលការត្រូវធ្វើឡើងរយៈពេលបីថ្ងៃ ដោយថ្ងៃទី ១ ជាថ្ងៃចូលរោង រីឯ ថ្ងៃទី ២ គឺជាថ្ងៃដែលគេប្រារព្ធពិធីសែន និងចុងក្រោយ ថ្ងៃទី ៣ ជាថ្ងៃផ្ទឹម។ ប៉ុន្តែសព្វថ្ងៃនេះ គេបានបំព្រួញពិធីរៀបអាពាហ៍ពិពាហ៍ឲ្យមកនៅត្រឹមតែមួយថ្ងៃប៉ុណ្ណោះ គឺចាប់ពីព្រលឹម គេហែកូនកម្លោះទៅផ្ទះកូនក្រមុំដោយនាំគ្រឿងភស្តុភារទៅជាមួយផង។ បន្ទាប់មក គេក៏រៀបចំពិធីផ្សេងៗទៀតជាបន្តបន្ទាប់។ រហូតដល់ពេលល្ងាចគេរៀបចំពិធីជប់លៀងនៅគេហដ្ឋានខាងស្រី ឬនៅភោជនីយដ្ឋានជាកិច្ចបញ្ចប់ពិធី ដោយមានគូស្វាមីភរិយាថ្មី អមដោយយុវជន យុវនារីកិត្តិយស(អ្នកកំដរ) ឈរនៅច្រកចូលរោងពិធី ចាំទទួល និងជូនវត្ថុថ្លែងអំណរគុណចំពោះភ្ញៀវដែលបានអញ្ជើញមកចូលរួម។

អ្នកទាំងអស់គ្នា ប្រាកដជាដឹងច្បាស់ណាស់ថា ការចំណាយប្រាក់លើពិធីមង្គលការ ត្រឹមតែមួយថ្ងៃនេះ (មានមួយចំនួន នៅតែបន្តប្រារព្ធចំនួន ៣ ថ្ងៃទៀតផង) មានចំនួន មិនតិចនោះទេ។ តែផ្ទុយទៅវិញ យើងសង្កេតឃើញថា មង្គលការភាគច្រើន សព្វថ្ងៃនេះមានភាពស្រស់ស្អាត និងអស់ថ្លៃមិនតិចឡើយ ជាពិសេស ការតុបតែងផ្កាស្រស់តែម្តង។ តើសម័យឥលូវនេះ ទាល់តែត្រូវពិធីរៀបអាពាហ៏ពិពាហ៍ ឲ្យអធិកអធម ទើបឡូយមែនដែរទេ? ឬមួយជាតិរៀបការ បានតែម្តង ចំណាយខ្លះក៏មិនអី? 

និស្សិតកំពុងសិក្សាឆ្នាំទី ៤ ម្នាក់ឈ្មោះ “ម៉ាណែត” ដោយកញ្ញា បានរៀបរាប់ពីគំនិតផ្ទាល់ខ្លួនប្រាប់ដល់ Khmerload ថា ៖ “ជាក់ស្តែង ការរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ឥលូវ មានការរៀបចំចំណាយច្រើន ទាំងផ្កា ទាំងភ្នួង ដោយសារតែមួយជាតិ យើងម្នាក់ៗការតែម្តងទេ ហេតុនេះប្រាកដជាចង់រៀបចំយ៉ាងណាឲ្យល្អបំផុតហើយ។ មួយទៀតអាចនិយាយបានថា ជាសម័យកាលនិយម ដូចឥលូវគេនិយមផ្កាចឹង អ្នកការភាគច្រើន ក៏រៀបផ្កាតាមសម័យដែរទៅ។ តែបើអ្នកដែលគេមិនចូលចិត្តផ្កា គេមិនដាក់ទេ គេដាក់ប៉េងប៉ោង ឬតុបតែងអីផ្សេងជំនួស ពីព្រោះមិនមែនមែនមានន័យថា ឲ្យតែមានផ្កាគឺឡូយឯណា។”

កញ្ញាបានបន្តថា ៖ “អ្នកណាក៏គេចង់រៀបពិធីមង្គលការឲ្យមានភាពឱឡារិក ទោះជាខ្ញុំក៏ដោយ ពីព្រោះបើមានលទ្ធភាពថវិកាគ្រប់គ្រាន់ ខ្ញុំប្រាកដជាធ្វើឲ្យអធិកអធមដែរហើយ ក៏មិនមែនក្នុងគោលបំណង ដើម្បីភាពហ៊ឺហារ ឬឡូយឆាយអ្វីទេ នេះដូចដែលធ្លាប់លើកឡើងមុននេះអ៊ីចឹង គឺដោយសារតែមួយជាតិ រៀបការបានតែម្តង ហើយវាក៏ជាពិធីដ៏ធំ ក្នុងជីវិតរបស់មនុស្សផងដែរ។ មួយវិញទៀត ថ្វីត្បិតតែមានមនុស្សមួយចំនួនតូច និយាយថា ចំណាយលុយច្រើនលើពិធីរៀបអាពាហ៍ពិពាហ៍ វាមិនសូវមានប្រយោជន៍ បើទុកលុយរកស៊ី ចុះតែអេតាស៊ីវិលក៏បានពិតមែន ប៉ុន្តែការរៀបការ ជាពិធីរបស់ប្រពៃណីទំនៀមទម្លាប់ខ្មែរ ហេតុនេះ លទ្ធភាពមានប៉ុណ្ណា ធ្វើប៉ុណ្ណឹងទៅ មិនអាចមិនគោរពប្រពៃណីជាតិយើងបាននោះទេ។ បើឧទាហរណ៍ដូចជា សែនតែក្បាលជ្រូក ឲ្យតែចាស់ទុំដឹងឮអីហ្នឹង គឺដូចជាធ្វើឲ្យតែរួចៗហ្នឹង។ ចឹងហើយ យើងមានតិចធ្វើតាមតិច មានច្រើនក៏ធ្វើតាមច្រើនទៅ កុំខ្វល់ពីសម័យកាល ឬចាំទាល់តែហ៊ឺហាអី។” 

រូបភាព៖ ម៉ាណែត

បើតាមអ៊ំស្រីម្នាក់ ដែលគេតែងហៅគាត់ថា “អ៊ីម៉ៅ” អាយុប្រមាណជាជិត ៥០ ឆ្នាំ រស់នៅទីក្រុងភ្នំពេញ សុំមិនបញ្ចេញរូបភាព បាននិយាយពីបញ្ហាជុំវិញពិធីរៀបអាពាហ៍ពិពាហ៍នេះថា ៖ “បើតាមក្មេងឥលូវ គេនាំគ្នាសន្សំលុយការ ឲ្យវាឡូយ ឲ្យវាធំដុំបន្តិចហើយ ពីព្រោះឲ្យវាទាន់សម័យកាលទំនើប។ ដូចឧទាហរណ៍ឥលូវ ឃើញគេនាំគ្នា ងាកមកពេញនិយម តុបតែងផ្កាក្នុងពិធីចឹង ម្នាក់ៗក៏នាំគ្នារៀបចំតាមគ្នា បើមិនបានច្រើន ក៏បានតិចតួច ឲ្យបានស្អាត បានទាន់សម័យនឹងគេដែរ នេះបើតាមអ៊ុំមើលឃើញ។ តែតាមពិតទៅ ក៏មិនមែនតម្រូវឲ្យ ហ៊ឺហាគ្រប់តែរោងការទេ អ្នកដែលមានលទ្ធភាពប៉ុណ្ណា ក៏គេធ្វើប៉ុណ្ណឹងទៅ។ ណាមូយផ្កា អស់ហ្នឹងយកមកដាក់ ក៏គ្មានបានជាប្រយោជន៍អីដែរ ធ្វើម៉េចឲ្យតែការហើយ នៅជាមួយគ្នាសុខទៅ។”

អ៊ំស្រី បានបន្តថា ៖ “មានអ្នកខ្លះ គេថាមួយជាតិការម្តង ចំណាយឲ្យច្រើនបន្តិច ឲ្យរាងឡូយ វាមិនជាអីទេ តែបើសិនជាម្នាក់ៗគិតចឹងមែននោះ គឺចប់បាត់ហើយ។ នេះក៏ព្រោះ មនុស្សយើងជីវភាពមានកម្រិតខុសៗគ្នា បើអ្នកក្រ ចាំសន្សំលុយទុកតែចំណាយការហ៊ឺហានោះ មិនដឹងកាលណាទើបបានការទេ សំខាន់អត់លុយសល់ទុករកស៊ីទៀត។ យើងមានប៉ុណ្ណា ក៏ធ្វើប៉ុណ្ណឹងទៅ កុំឲ្យតែរស់នៅជាមួយគ្នា មិនចូលរោងការ គឺបានទៅហើយ។ នេះមិនត្រឹមតែខូចកិត្តិយស បាក់មុខបាក់មាត់ ចំពោះបងប្អូនសាច់ញាតិជិតខាងប៉ុណ្ណោះទេ វាជារឿងខុសប្រពៃណីទៀត។ កុំដោយសារវប្បធម៏បរទេសហូរចូល ចុះតែអេតាស៊ីវិល ឬចូលតែវិហារសាសនា បំបាត់ពីមង្គលការឲ្យសោះ ពីព្រោះចាស់ៗប្រកាន់រឿងនេះណាស់។ និយាយរួម ធ្វើពិធីតូចធំ តាមលទ្ធភាពទៅ ជាការល្អហើយ។” 

ថ្វីត្បិតតែសម័យឥលូវមានភាពជឿនលឿន និងច្នៃប្រឌិតខ្ពស់ រហូតមានគំនិតតុបតែង ពិធីការជាច្រើនបែប ច្រើនម៉ូតក៏ពិតមែន ក៏មនុស្សម្នាក់ៗមិនអាចមានលទ្ធភាពដូចៗគ្នាឡើយ។ ហេតុនេះ គូស្នេហ៍ទាំងឡាយគួរកុំគិតចំណាយច្រើនពេកលើមង្គលការ គួរធ្វើយ៉ាងណាឲ្យសក្តិសមនឹងលទ្ធភាព និងកុំឲ្យខុសប្រពៃណី គឺល្អណាស់ទៅហើយ៕

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]