រាជធានី​ភ្នំពេញ ៖ និស្សិត​ស្រី​វ័យក្មេង​ ស្រស់​ស្អាត​ម្នាក់ ខណៈ​ទំនេរ​ពី​ការ​សិក្សា​បាន​ទៅ​ជួយ​លក់​សាច់​ផាក់​ឡូ​វ​ ក្រុម​គ្រួសារ​ជាមួយ​បងប្រុស ស្រាប់តែ​បុរស​៣​នាក់​ជិះ​ម៉ូតូ​មក​ដល់​យក​ដុំ​ថ្ម​គប់​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ នៅ​ជិត​ច្រកចូល​ ផ្សារ​ប៉េសេ​ចាស់ ផ្លូវ​លេខ​៣៧១ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

នារី​រង​គ្រោះ​ឈ្មោះ សាំង ស៊ី​វ៉ា ហៅ ធូ​ង អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤ នៅ​វិទ្យាស្ថាន PSE ស្នាក់​នៅផ្ទះ​លេខ​២៧១ ផ្លូវ​លេខ​៥០BT ភូមិ​ក្បាល​ទំនប់​២ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ចំណែក​ជន​បង្ក​ត្រូវ​បាន​បងប្អូន​នារី​រង​គ្រោះ​ ឃាត់ខ្លួន​បាន​ម្នាក់​ឈ្មោះ ទេព វាសនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​២ នៅ​វិទ្យាស្ថាន PSE ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

បើ​តាម​សម្តី​នារី​រង​គ្រោះ​ បាន​ឲ្យ​ដឹង​ថា ឆ្លៀតពេល​ទំនេរ​ពី​ការ​សិក្សា​ នាង​បាន​មក​ជួយ​លក់​សាច់​ផាក់​ឡូ​វ​ក្រុម​គ្រួសារ​ នៅ​កន្លែង​កើតហេតុ​ខាងលើ​ ជា​រៀងរាល់ថ្ងៃ ។ មុន​ពេល​កើតហេតុ នាង​កំពុង​តែ​ឈរ​កាប់​សាច់​ ផាក់​ឡូ​វ​លក់​ឲ្យគេ ស្រាប់តែ​មាន​ជន​បង្ក​៣​នាក់ ជិះ​ម៉ូតូ​មិន​ស្គាល់​ម៉ាក​១​គ្រឿង​ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៣៧១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​បុរស​ដែល​អង្គុយ​ខាងក្រោយ​គេ​ បាន​យក​ដុំ​ថ្ម​គប់​សំដៅ​ មក​ទូកញ្ចក់​ដែល​ដាក់​ផាក់​ឡូ​វ​ លក់​បណ្ដាល​ឲ្យ​បែក​ខ្ទាត​អំបែង​កញ្ចក់​ទូ​ មក​ចំ​ពីមុខ​នាង​ចំហៀង​ ខាងស្ដាំ​រយះ​ហូរ​ឈាម​ ដោយ​មិនដឹង​ខ្លួន ហើយ​ក៏​ត្រូវ​បាន​បងប្អូន​ ដែល​នៅ​ក្បែរ​នោះ​ដឹក​តាម​ម៉ូតូ​ យក​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរ​ពហុ​ព្យាបាល​បញ្ញា​សក្តិ ដោយ​មិន​បាន​ដេរ​មុខរបួស​ទេ ព្រោះ​ខ្លាច​មាន​ស្នាម​មុខ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ជន​បង្ក​ទាំង​៣​នាក់​ បាន​ព្យាយាម​ជិះ​ម៉ូតូ​បន្ថែម​ល្បឿន​បើក​រត់​រហូត​ដល់​ ជិត​សាលា​អង្គការ​ភាព​ញញឹម​ នៃ​កុមារ​កម្ពុជា ក៏​ត្រូវ​បងប្អូន​របស់​នារី​រង​គ្រោះ​ជិះ​ម៉ូតូ​ ដេញ​តាម​ឃាត់ខ្លួន​បាន​ម្នាក់​ ក្នុង​ចំណោម​បក្សពួក​៣​នាក់​យក​ទៅ​ប្រគល់​ឲ្យ​ សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ទំពុន ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ពេល​សមត្ថកិច្ច​ សាកសួរ​ជន​បង្ក​ បាន​សារភាព​ថា រូបគេ និង​បក្សពួក​ពិតជា​បាន​យក​ដុំ​ថ្ម​គប់​សំដៅ​ ទៅ​កន្លែង​លក់​សាច់​ផាក់​ឡូ​វ​មែន តែ​ពួក​គេ​គប់​នោះ​មិនមែន​មាន​បំណង​ចង់​ឲ្យ​ត្រូវ​នារី​ រង​គ្រោះ​នោះ​ទេ គឺ​ពួក​គេ​មាន​បំណង​ចង់​គប់​ ឲ្យ​ចំ​បងប្រុស​នារី​រង​គ្រោះ ព្រោះ​អី​ពួក​គេ​និង​បងប្រុស​ របស់​នារី​រង​គ្រោះ​បាន​មាន​ ទំនាស់​គ្នា​ជាមួយ​កាលពី​ល្ងាច​នៅ​ឯ​ សាលារៀន​ជាមួយ​គ្នា ។ ជន​បង្ក​បាន​និយាយ​បន្ត​ទៀត​ថា រូបគេ​មិនមែន​ជា​អ្នក​គប់​នោះ​ទេ គឺ​គេ​គ្រាន់តែ​អ្នក​បើក​ម៉ូតូ​តែ​ប៉ុណ្ណោះ ចំណែក​អ្នក​គប់​បាន​រត់​គេ​ខ្លួន​បាត់​អស់ហើយ ។

ក្រោយ​ពេល​សាកសួរ​រួច ជន​រង​គ្រោះ​បាន​មក​ដាក់​ ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន ដើម្បី​ឲ្យ​សមត្ថកិច្ច​ធ្វើ​តាម​នីតិវិធី គឺ​គ្មាន​សំណង​ជា​លុយ​នោះ​ទេ ។ ចំណែក​ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ កសាង​សំណុំរឿង​ដើម្បី​ បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​បន្ត ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]