ភ្នំពេញ៖ អ្នកបើកបររថយន្ដធុនធំ ដឹកដី ដឹកថ្ម របស់ក្រុមហ៊ុន ក្រឡុកស៊ីម៉ង់ «អ៊ីធាន» មិនមានការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកម៉ូតូ MSX ១គ្រឿង ពេញទំហឹង ដែលបើកបរដោយយុវជនម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុចទល់មុខក្រុមហ៊ុនក្រឡុកស៊ីម៉ង់

«អ៊ីធាន» លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម២ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

​លោក ហ៊ឹម គឹមសាន្ដ នាយនគរបាលប៉ុស្ដិ៍ស្វាយប៉ាក បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ ដែលបើកមកបុកម៉ូតូបណ្ដាលឲ្យយុវជនម្នាក់ស្លាប់នេះ បន្ទាប់ពីម៉ូតូជនរងគ្រោះ បើកបរម្នាក់ឯង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿ​នលឿនល្មម ខណៈបើកមកដល់ចំណុចកើតហេតុ ស្រាប់តែ​អ្នកបើក​បររថយន្ដធុនធំ ដឹកដី ដឹកថ្ម បានបើកចេញពីក្រុមហ៊ុន ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ហើយជាន់ហ្វ្រាំងមិនជាប់ ក៍ជ្រុលទៅបុក ម៉ូតូចំពីចំហៀងខាងមុខ បណ្ដាលឲ្យដួលអូស ចូលទៅខាងក្រោមរថយន្ដ និងកិនហើយ ក៍ខ្ទាតចេញមកក្រៅវិញបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។

លោកនាយប៉ុស្ដិ៍ដដែល បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ វៀង យ៉ាន់ផាន់ អាយុ១៧ឆ្នាំ ស្នាក់នៅ​ភូមិ​ពោធិ៍គល់ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ​ បើកបរម៉ូតូម៉ាក MSX ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GB-8297។ រីឯរថយន្ដបង្កម៉ាក HiNO ពណ៍លឿង ពាក់ស្លាកលេខកណ្ដាល3A-0183 ចំណែកអ្នកបើកបររថយន្ដ បានរត់គេចខ្លួន បន្ទាប់ពីកើតហេតុ។

ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ស្វាយប៉ាក សហការចុះអន្តរាគមន៍ និងវាស់វែង ដោយសម្រេចយករថយន្ដបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយស្រាវជ្រាវអនុវត្តតាមនិតិវិធីនៅពេលក្រោយ។ ដោយឡែក សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ Fresh News

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

សំណាងមែន! រថភ្លើងបើកពីលើហើយ នៅតែមិនអី...! (មានវីដេអូ)

ថៃ៖ ហេតុការណ៍មួយ ដែលធ្វើឲ្យអ្នកដំណើរ មានភាពស្រឡាំងកាំង បានកើតឡើងនៅឯស្ថានីយ៍រថភ្លើងមួយកន្លែង ក្នុងខេត្ត Petchaburi ភាគខាងត្បូងប្រទេសថៃ។

តាមរយៈឃ្លីបវីដេអូ បានបង្ហាញថាបុរសពាក់អាវពណ៌បៃតងម្នាក់ បានហក់ចូលផ្លូវរថភ្លើង ស្របពេលដែលរថភ្លើងបានមកដល់ និងបើកកាត់ពីលើ។ រឿងដែលអស្ចារ្យនោះ គឺបុរសនោះមិនបានរងរបួសអ្វីទេ ហើយរត់ចេញពីតំបន់នោះដូចគ្មានរឿងអ្វីកើតឡើង ខណៈដែលអ្នកនៅកន្លែងកើតហេតុ នឹកស្មានថាគាត់ត្រូវបានរថភ្លើងកិនពីលើបាត់ទៅហើយនោះ។

បុរសជនជាតិថៃ វ័យ២៣ឆ្នាំរូបនោះ មានឈ្មោះ Wirachai Nisairam ត្រូវបានប៉ូលិសឃាត់ខ្លួនដើម្បីសួរចម្លើយពីមូលហេតុដែលបានកើតឡើង។ បុរសម្នាក់នោះ ក៏ត្រូវបាន អ្នករស់នៅក្នុងតំបន់ប្រទះឃើញ២ ទៅ ៣ថ្ងៃកន្លងមកហើយ ដោយសង្ស័យថាគាត់មានសម្ពាធផ្លូវចិត្ត និងថែមទាំងធ្លាប់ធ្វើទារុណកម្មខ្លួនឯងទៀតផង។

យ៉ាងណាមិញបុរសនោះ ត្រូវបានបញ្ជូនទៅមន្ទីរពទ្យ Phra Jorm Klao ដើម្បីព្យាបាល ប៉ុន្ដែគាត់មិនបានរងរបួសអ្វីធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែឈឺជើងបន្តិចបន្ដួចប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]