(ភ្នំពេញ)៖ ទន្ទឹមនឹងការប្រកាសផ្ទេរខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន ចាន់ វឌ្ឍនាកា ទៅក្លឹប Fujieda របស់ជប៉ុន ក្លឹប បឹងកេត អង្គរ បានប្រកាសនាំចូលខ្សែប្រយុទ្ធប្រេស៊ីលម្នាក់ភ្លាមៗ គឺកីឡាករ Silva Calijuri Maycon Rogerio មកជំនួសតំណែងរបស់កីឡាករ​ជំនាញជើងឆ្វេងខាងលើ ដើម្បីត្រៀមប្រកួតវគ្គ Play-Off នៃពានរង្វាន់ AFC Cup 2017 និងលីគកំពូលនាពេលខាងមុខ។

គួរបញ្ជាក់ថា មុនផ្លាស់មកលេងឲ្យបឹងកេត ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ធ្លាប់បានប្រកបអាជីពបាល់ទាត់នៅប្រទេសជាច្រើននៅអឺរ៉ុប និងអាស៊ី ខណៈចុងក្រោយលេងឲ្យក្លឹប Persatuan Balikpapan នៃលីគកំពូលម៉ាឡេស៊ី។ ចំណែកការឈានជើងមកប្រកបអាជីពនៅកម្ពុជាវិញ ក្លឹបបឹងកេតអង្គរ រំពឹងថា គេនឹងធ្វើឲ្យបានល្អ នៅក្នុងយុទ្ធនាការប្រកួតជើងឯកជាតិ និងអន្ដរជាតិ ក្នុងឆ្នាំ២០១៧នេះ។

ក្រោយចូលរួមជាមួយបឹងកេត Calijuri Maycon បាននិយាយថា «ខ្ញុំរីករាយជាទីបំផុត ដែលបានចុះហត្ថលេខាជាមួយក្លឹប​ដ៏ល្អនៅកម្ពុជា។ ខ្ញុំសង្ឃឹមថា ពួកយើងនឹងសម្រេចបាននូវលទ្ធផលវិជ្ជមានសម្រាប់រដូវកាលនេះ ហើយខ្ញុំសូមអរគុណដល់ក្លឹប ដែលផ្ដល់​សេចក្ដីទុកចិត្តលើរូបខ្ញុំ។ សម្រាប់អ្នកគាំទ្រទាំងអស់គ្នាវិញ ខ្ញុំរំពឹងថា នឹងធ្វើឲ្យអ្នករាល់គ្នារីករាយជាមួយនឹង លទ្ធផលដ៏អស្ចារ្យនៅ​លើទីលានប្រកួត»

ប្រភព៖ Khmertalking

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖ ប្រធានក្លឹប Fujieda សន្យាជួយ ចាន់ វឌ្ឍនាកា រហូតឡើង J-League និងល្បីនៅអឺរ៉ុប   

លោក Jun Koyama ប្រធានក្លឹប Fujieda MYFC បានសម្ដែងការពេញចិត្តជាខ្លាំង ក្រោយឆក់បានកីឡាករ ខ្សែប្រយុទ្ធ ដ៏ឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ទៅជួយក្លឹបរបស់ខ្លួន បើទោះបីក្នុងលក្ខខណ្ឌខ្ចីជើងក៏ដោយ។ លើសពីនេះ លោកថែមទាំងប្ដេជ្ញាជួយអភិវឌ្ឍន៍សមត្ថភាពខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ ឲ្យកាន់តែល្បីនៅជប៉ុន ប្រចាំទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងពិភពលោកទៀតផង។

ក្រោយប្រកាសផ្ទេរ និងទទួលកីឡាករ ចាន់ វឌ្ឍនាកា ជាផ្លូវការក្នុងសន្និសីទសារព័ត៌មាន លោក Jun Koyama បាននិយាយថា «ខ្ញុំសន្យាថា នឹងបណ្ដុះបណ្ដាល វឌ្ឍនាកា ឲ្យកាន់តែរីកចម្រើន ដែលអាចនិយាយបានថា រីកចម្រើន រហូតបានឡើងទៅលេងលីគកំពូលជប៉ុន (J-League) ឬតំបន់អឺរ៉ុប និងពិភពលោកជាដើម។ តែយ៉ាងណា ខ្ញុំសូម សំណូមពរដល់អ្នកគាំទ្រកម្ពុជា សូមបន្ដគាំទ្រ វឌ្ឍនាកា ដើម្បីជំរុញសមត្ថភាពរបស់គេឲ្យកាន់តែរីកចម្រើនបន្ថែមទៀត»។

បុរសជនជាតិជប៉ុនរូបនេះបានឲ្យដឹងថា មូលហេតុនៃការទទួលយក ចាន់ វឌ្ឍនាកា នេះគឺជាយុទ្ធសាស្ដ្របាល់ទាត់ជប៉ុន និងពង្រឹងកីឡាករក្នុងក្រុមបន្ថែម។ ជប៉ុនមានយុទ្ធសាស្ដ្រស្វែងរកកីឡាករឆ្នើមៗក្នុងអាស៊ី នៅលេងនៅលើទឹកដីជប៉ុន ហើយធ្វើយ៉ាងម៉េចឲ្យកីឡាករអាស៊ីមានភាពខ្លាំង ដូចបណ្ដាកីឡាករនៅអឺរ៉ុប និងពិភពលោកដែរ។

សូមរំលឹកដែរថា តំណាងក្លឹបបឹងកេតអង្គរ របស់កម្ពុជាលោក បែ មករា រួមជាមួយតំណាង ក្លឹបជប៉ុន Fujieda MYFC បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ១ឆ្នាំ (ឆ្នាំ២០១៧) ដើម្បីនៃយកកីឡាករដ៏ល្បីរបស់ កម្ពុជា ទៅលេងនៅជប៉ុន ក្នុងលក្ខខណ្ឌខ្វីជើង ក្រោមតម្លៃពលកម្មបិទជិត ដោយមិនត្រូវក្លឹបទាំងពីរទម្លាយឲ្យដឹងឡើយ បើទោះបីជា អ្នកសារព័ត៌មាន និងអ្នកគាំទ្រឯទៀតជជីកសួរយ៉ាងណាក៏ដោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]