(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់រយៈពេលកន្លះខែ ចាប់ថ្ងៃទី១ ដល់១៥ ខែមករា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖

* បទល្មើសគ្រឿង​ញៀនចំនួន ៥០៦ករណី

* ឃាត់ខ្លួនជនសង្ស័យចំនួន១,៣០៧នាក់

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន​ខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួល​បាន​លទ្ធផល​ល្អឡើងថែមទៀត។

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ សមត្ថកិច្ច សាកសួរអ្នកលក់បាយ២នាក់ ពាក់ព័ន្ធនឹងករណី សិស្ស និងពលរដ្ឋ ជិត២០០នាក់ ពុលអាហារ នៅស្រុកក្រវាញ

រយៈពេល២ថ្ងៃមកនេះ សមត្ថកិច្ចខេត្តពោធិ៍សាត់ បានចុះស្រាវជ្រាវជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីពុលអាហារ នៅឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្ស ១៩៧នាក់ ដែលចូលរួមសន្និបាតនៅឃុំសំរោង រងការក្អួតចង្អោរ ចុកពោះ និងរាគរូស រហូតដល់បញ្ជូនទៅមន្ទីរពេទ្យ។

ជុំវិញករណីនេះ សមត្ថកិច្ចចម្រុះ ដោយមានចូលរួមពីអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ផង បានចុះសាកសួរស្រ្តី២នាក់ ដែលជាអ្នកលក់បាយសាច់ជ្រូក ផ្គត់ផ្គង់ឱ្យសន្និបាតខាងលើនេះ។ អ្នកលក់បាយទាំង២រូបនោះ នៅស្រុកសំរោង ក្នុងនោះមានឈ្មោះ អៀម មុំ ដែលបានផ្គត់ផ្គង់បាយសាច់ជ្រូក៤០០ប្រអប់ដល់សន្និបាតខាងលើ និងម្នាក់ទៀត ឈ្មោះ ជា អៀមនី ភេទស្រី ជាអ្នកផ្គត់ផ្គង់បាយប្រអប់៤០០ប្រអប់ដូចគ្នាដល់អង្គសន្និបាតដែរ។ នេះបើតាមកំណត់ហេតុរបស់សមត្ថកិច្ច ផ្ញើជូនទៅលោកអភិបាលខេត្ត ។

បន្ទាប់ពីស្រាវជ្រាវ និងសួរព័ត៌មានពីអ្នកលក់បាយទាំង២នាក់ខាងលើហើយ សមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួន សម្រាប់ការប្រើប្រាស់ក្នុងការធ្វើបាយប្រអប់នោះ យកទៅពិនិត្យបន្ត ដើម្បីរកប្រភពឱ្យកាន់តែច្បាស់ ពាក់ព័ន្ធនឹងករណីពុលទ្រង់ទ្រាយធំនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ កន្លងទៅ មានករណីប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ១៩៧នាក់ ស្ថិតនៅក្នុងសាលាបឋមសិក្សាបទរំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានក្អួតចង្អោរ វិលមុខ ចុកពោះ ជាបន្តបន្ទាប់ ក្រោយពេលទទួលទានបាយកញ្ចប់ ដែលអង្គសន្និបាតឃុំសំរោង បានរៀបចំដល់ពួកគេ។ ករណីនេះ ទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ច មានការសង្ស័យថាបណ្តាលមកពីពុលបាយប្រអប់តែម្តង។ ប៉ុន្តែទោះជាយ៉ាងណាករណីនេះ មិនបានបណ្តាលឱ្យមានពលរដ្ឋ ឬសិស្សានុសិស្សណាម្នាក់ស្លាប់បាត់បង់ជីវិតនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]