ខេត្តស្ទឹងត្រែង ៖ កម្លាំង​កងរាជអាវុធហត្ថ​និង​កម្លាំង​នគរបាល​ខេត្ត​បាន​ចេញ​ប្រ​តិ​ប​តិ្ត​ការ​ស្រាវជ្រាវ​ជា​បន្ទាន់​ភ្លាម​ៗ បន្ទាប់​មានការ​ផ្អើល​ឆោឡោ​ពី​ការ​ចាប់ជំរិត​មនុស្ស កាលពី​ថ្ងៃ​ទី​១៤ មក​រា​ស្ថិត​នៅ​ក្រុង​ស្ទឹង​ត្រែង ក្រោយមក​ទើបដឹង​មូលហេតុពិត គឺជា​ការ​ចាប់​បង្ខាំង​អតីត​ប្រពន្ធ​ដើម្បី​សុំ​សាង​ស្នេហ៍​ជា​ថ្មី បន្ទាប់​ពី​លែងលះ​គ្នា​បាន​៣​ខែ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា គេ​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​ស្ត្រី​ម្នាក់​ដែល​ជិះ​ម៉ូតូ​ដឹក​កូនស្រី​តាម​ផ្លូវ​ក្នុង​សង្កាត់​ស្ទឹង​ត្រែង លុះដល់​ចំណុច​សាលា​បឋម​សិក្សា​បួន​មក​រា ក្រុង​ស្ទឹង​ត្រែង បុរស​រូប​នោះ​បាន​ទាញ​ដៃ​នារី​ខាងលើ​ឲ្យ​ឈប់​និង​ចាប់​ទាញ​នាង ដាក់​លើ​ម៉ូតូ​របស់​ខ្លួន​ជិះ​ចេញ​ទៅ ទាំង​នារី​នោះ​បាន​ស្រែកយំ ហើយ​បន្សល់​ទុក​កូនស្រី​តូច​ម្នាក់ និង​ម៉ូតូ​លើ​ផ្លូវ ។

អ្នក​ឃើញ​ហេតុការណ៍​នោះ បាន​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ ។ ប្រភព​ដដែល​បន្ត​ថា គ្រានោះ​ឪពុក​ម្តាយ​នារី​រង​គ្រោះ​មក​នាំ​ចៅ​និង​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ ព្រមទាំង​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​ចុះ​អន្តរាគមន៍ ដោយ​សង្ស័យ​បុរស​ចាប់​កូនស្រី​គាត់​ទៅ​នោះ គឺជា​អតីត​ប្តី​របស់​នាង ។

តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជា​ម្តាយ​និង​ឪពុក​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​មក​វិញ ដោយសារ​តែ​ពួក​គាត់​សង្ស័យ​លើ​អតីត​បុរស​ជា​ប្តី​របស់​នាង ។ ព្រោះ​បុរស​ជា​ប្តី​នោះ​តែង​តាមដាន​រាល់​សកម្មភាព​ពេល​នាង​ចេញពីផ្ទះ​និង​ត្រឡប់​មក​ផ្ទះ ដើម្បី​ចង់​ជួប​សុំ​រួមរស់​ជួបជុំ​គ្នា​វិញ ក្រោយ​ពី​លែងលះ​ជាង​៣​ខែ​កន្លង​មកនេះ ។

លោក​វរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា ក្រោយ​ពេល​មាន​បណ្តឹង​ពី​គ្រួសារ​ជន​រង​គ្រោះ ក្រោម​បទបញ្ជា​ពី​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​ផ្ទាល់ និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​បាន​បញ្ជា​កម្លាំង​ស្រាវជ្រាវ​នៅ​ទីតាំង​កើតហេតុ និង​តាម​រយៈ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បង្ហាញ​ថា បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​បាន​ដឹក​នារី​តាម​ម៉ូតូ​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ឆ្ពោះទៅ​ភូមិ​ថ្មី ទើប​លោក​ដាក់​ពង្រាយ​កម្លាំង​តាមដាន​បន្ថែម ដោយ​ក្នុង​នោះ​មាន​កម្លាំង​បង្កប់​ស្លៀកពាក់​ឯកសណ្ឋាន​ស៊ី​វិល និង​កម្លាំង​តាមដាន​កសាង​ពី​អ្នក​រត់​ម៉ូតូឌុប ។

លោក​វរសេនីយ៍ឯក​បន្ត​ថា ក្រោយ​ការ​តាមដាន​ដល់​ចំណុច​ភូមិ​ថ្មី​បាត់ដាន លោក​បាន​ស្រាវជ្រាវ​បន្ត​ដឹង​ថា បុរស​អតីត​ជា​ប្តី​រូប​នោះ​ជួល​ផ្ទះ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ថ្មី លោក​ក៏​បាន​ដាក់​កម្លាំង ទៅ​លើ​ភូមិសាស្ត្រ​នោះ​ដែលមានផ្ទះ​សំណាក់ និង​ផ្ទះ​ជួល​ច្រើន​កន្លែង ។ ការ​ដាក់​កម្លាំង​តាមដាន​ក៏​បាន​សម្រេច ចូល​ទៅ​ផ្ទះសំណាក់​មួយ​កន្លែង​យីហោ (​ហេង​ជី​រ៉ា​) ដោយ​ធ្វើការ​សាកសួរ​និង​មានការ​ផ្តល់​ព័ត៌មាន​តាម​ភិនភាគ ព្រមទាំង​ស្នើ​សុំ​ម្ចាស់ផ្ទះ​សហការ និង​មានការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​ធ្វើការ​ឆែកឆេរ​នៅ​បន្ទប់​សង្ស័យ ។ ពេល​គោះ​ទ្វារ​ហៅ​អ្នក​ស្នាក់​នៅ​ក្នុង​បន្ទប់​ឱ្យ​ចេញ​មក​ក្រៅ​ទើប​ប្រទះ​ឃើញ​បុរស​ជនសង្ស័យ និង​នារី​រង​គ្រោះ ព្រមទាំង​ម៉ូតូ​១​គ្រឿង​ទៀត នៅ​ក្នុង​បន្ទាប់​នោះ​ក៏​នាំ​ខ្លួន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត នា​រសៀល​នៅ​ម៉ោងជាង​៥​ល្ងាច​ក្នុង​ថ្ងៃ​ដដែល ។

ក្រោយ​ការ​ស្រាវជ្រាវ​ករណី​ខាងលើ​ជនសង្ស័យ​ជា​អតីត​ប្តី​បាន​និយាយ​ថា ខ្លួន​គ្មាន​ចេតនា ប៉ុនប៉ង​ចាប់ជម្រិត​មនុស្ស ឬ​មាន​បំណង​ធ្វើបាប​នាង​នោះ​ទេ តែ​ដោយសារ​ខ្លួន​មិន​ដាច់​អាល័យ​បែក​ពី​នាង ហើយដោយ​សារ​នាង​ក៏​មិន​ព្រម​ទទួល​ទូរស័ព្ទ ពេល​ខ្លួន​ខ​ល​ទៅ​ដើម្បី​សុំ​ផ្សះផ្សារ​រួមរស់​ជាមួយ​គ្នា​វិញ​នោះ ទើប​ខ្លួន​បង្ខំចិត្ត​នាំ​នាង​ទៅ​ផ្ទះសំណាក់​ដើម្បី​សម្រុះសម្រួល​ជានា​នឹង​គ្នា​វិញ ។

នារី​អតីត​ជា​ប្រពន្ធ​រូបសម្បត្តិ​ផូរផង់​ក៏​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ដែរ​ថា នៅ​ពេល​កើតហេតុ​នាង​មិន​មាន​ទូរស័ព្ទ​ប្រាប់​ឪពុក​ម្តាយ ទើប​ពួក​គាត់​ផ្អើល​ឈូឆរ​បែប​នេះ ហើយ​នាង​មិន​ហ៊ាន​ខ្ចី​ទូរស័ព្ទ​អតីត​ប្តី​ខ​ល​ទេ ។

ប្រធាន​មន្ទីរ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ខេន លី​ហុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​កំពង់ក្របី ឃុំ​ក្រគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ជា​អតីត​ប្តី​ទី​២​របស់​នារី​រង​គ្រោះ​ឈ្មោះ​ផាត សុ​ឈៀក អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​លើ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង ។

ម្តាយ​ឪពុក​នារី​ខាងលើ​និយាយ​ថា កូនស្រី​គាត់​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់ និង​បាន​លែងលះ​គ្នា​ជាង​៥​ឆ្នាំ​មក​ហើយ ដោយ​បន្សល់​ចំណងដៃ​កូនស្រី​ម្នាក់ ។ បន្ទាប់​ពី​ឮដំណឹង​ថា ប្តី​រូប​នោះ​មាន​ប្រពន្ធ​មួយទៀត ទើប​នាង​សម្រេចចិត្ត​រៀប​ការ​ជាមួយ​អតីត​ប្តី​ក្រោយ​នេះ តែ​ការ​រស់នៅ​ជាមួយ​គ្នា​បាន​ជាង​មួយ​ឆ្នាំ​កូនស្រី​គាត់​ក៏​សម្រេច​លែងលះ​គ្នា​ត្រឹម​ភូមិ​-​ឃុំ​និង​អ្នក​ជិតខាង ។ ជាមួយ​ប្តី​ក្រោយ​នេះ នាង​ពុំ​ទាន់​មានកូន​នៅឡើយ​ទេ ។ មូលហេតុ​ដែល​កូនស្រី​គាត់​ទ្រាំ​និង​ទ​ង្វើ​ត្រ​គោះ​បោះបោក​រករឿង​គ្មាន​ហេតុផល​របស់​អតីត​ប្តី​ក្រោយ​នេះ​ពុំ​បាន ។

ប្រភព​ព័ត៌មាន​មួយ​បង្ហើប​ថា ក្រោយ​ពី​លែងលះ​អតីត​ប្តី​រូប​នេះ​រួច​មក នាង​បាន​ស្គាល់​បុរស​ម្នាក់​នៅ​ខេត្តព្រះវិហារ ព្រមទាំង​មានការ​ទំនាក់ទំនង​គ្នា​តាម​រយៈ​ទូរស័ព្ទ និង​ហ្វេ​ស​ប៊ុ​ករ​ហូត​បច្ចុប្បន្ន​ផង​ដែរ ។ បន្ទាប់​ពី​នាង​បាន​រៀប​ការ​ប្តី​ក្រោយ​ទៅ​ហើយ បុរស​រស់នៅ​ខេត្តព្រះវិហា​នោះ​ក៏​តែង​ទំនាក់ទំនង​មក​រក​នាង​រហូត ទើប​ធ្វើ​ឲ្យ​អតីត​ប្តី​ក្រោយ​រូប​នេះ​ប្រច័ណ្ឌ ចេះ​តែ​មួរ​ម៉ៅ​មិន​ឈប់​ឈរ​ឈាន​ដល់​ការ​លែងលះ​គ្នា តែ​អតីត​ប្តី​ក្រោយ​នេះ​នៅ​តែ​មិន​ដាច់​ចិត្តបាន​ព្យាយាម​តាម​លួងលោម​សុំ​រួមរស់​ជាមួយ​គ្នា​វិញ ។

ទាក់ទិន​ករណី​នេះ​កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​បន្ត​នីតិវិធី ៕

ប្រភព៖ កោះសន្តិភាព

ចុចអានព័ត៌មានចាស់៖ ហួសហេតុ ! បង្ខាំង​ទុក​ក្នុងផ្ទះ​សំណាក់​ដើម្បី​សុំ​ស្នេហ៍​ជា​ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]