អាមេរិក៖ រថយន្តថ្មីសម្រាប់ប្រធានាធិបតី ដែលមានឈ្មោះថា Cadillac One Limousine របស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ នឹងត្រូវដាក់បង្ហាញជាលើកដំបូង នៅថ្ងៃប្រកាសចូលកាន់តំណែងផ្លូវការរបស់លោកត្រាំ នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល។

រូបភាពដំបូងនៃរថយន្តថ្មីសម្រាប់ប្រធានាធិបតី ដែលមានរហស្សនាមថា "The Beast" នេះ បានបង្ហាញនូវមុខងារដ៏អស្ចារ្យជាងរថយន្ត "The Beast" ពីមុនៗ ដែលប្រើបាស់ដោយអតីតប្រធានាធិបតីអាមេរិកទៅទៀត។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Cadillac One Limousine នេះ នឹងបំពាក់មកជាមួយនូវសព្វាវុធមួយចំនួន រួមមានកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក កាំភ្លើងខ្លីមួយដើម និងឈាមដែលត្រូវនឹងប្រភេទឈាមរបស់ប្រធានាធិបតីជាប់ឆ្នោតរូបនេះ មួយផ្លោកផងដែរ ក្នុងករណីមានអាសន្នណាមួយ។ នេះបើយោងតាមរបាយការណ៍អំពីរថយន្តមួយគ្រឿងនេះ។ 

ប្រភពព័ត៌មានបានបន្តថា រីឯទ្វារនិងបង្អួចរបស់ Cadillac One Limousine គឺរចនាឡើងដើម្បីការពារគ្រាប់កាំភ្លើង និងបិទជិតដើម្បីទប់ស្កាត់ពីការវាយប្រហារដោយអាវុធគីមី និងអាវុធជីវសាស្ត្រផ្សេងៗ គឺមានន័យថា មានតែអ្នកបើកបររថយន្តនេះតែម្នាក់ប៉ុណ្ណោះ ដែលអាចបើកបង្អួចរបស់វាបាន។

តែទោះជាយ៉ាងណា ព័ត៌មានលម្អិតជាច្រើនទៀតនៃរថយន្ត "The Beast" មួយគ្រឿងនេះ មិនត្រូវបានបញ្ចេញជាសាធារណៈនោះទេ ប៉ុន្តែរូបភាពថ្មីៗនៃរថយន្តដ៏ទំនើបមួយគ្រឿងនេះបានបង្ហាញថា វានឹងការពារគ្រួសារលោកប្រធានាធិបតីថ្មីជាមួយផ្នែកខាងក្រោម ដែលត្រូវបានរចនាឡើងពីដែកថែបដ៏ពិសេស អាចការពារពីការបំផ្ទុះគ្រាប់បែកតាមដងផ្លូវបាន។

ទ្វាររបស់រថយន្តនេះ ស្រោបទៅដោយដែកដ៏ក្រាស ដែលធ្វើឱ្យទ្វារមានលក្ខណៈធ្ងន់ខ្លាំង សូម្បីតែលោកប្រធានាធិបតី ត្រាំ ក៏មិនអាចបើកវាពីខាងក្នុងបានដែរ។ ហើយយោងតាមរបាយការណ៍របស់ក្រុមហ៊ុន General Motors បានឲ្យដឹងថា ក្រុមហ៊ុនមួយនេះ បានទទួលប្រាក់ចំនួន ១៥លានដុល្លារ ដើម្បីផលិតរថយន្តមួយគ្រឿងនេះ។

យោងតាមរបាយការណ៍របស់ Autoweek បានឲ្យដឹងថា ភ្នាក់ងារសម្ងាត់បានធ្វើការស្នើសុំផ្លាស់ប្តូររថយន្ត Limousine ជាលើកដំបូង នៅឆ្នាំ២០១៤ ហើយពេលនេះរថយន្តជំនាន់ថ្មី នឹងត្រូវមកជំនួសរថយន្ត ចំនួន១២គ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់ដោយ លោកអូបាម៉ា ចាប់តាំងពីឆ្នាំ២០០៩មក៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]