ភ្នំពេញ៖ ឱកាសនៃពិធីបុណ្យចូលឆ្នាំចិន ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី២០១៧ «ឆ្នាំរកា»  ដែលនឹងខិតជិតចូលមកដល់នាពេលឆាប់ៗខាងមុខនេះហើយ។   ជាទូទៅគេតែងសង្កេតឃើញថា មុនរយៈពេល ២ទៅ៣ថ្ងៃ ឬមុនមួយសប្តាហ៍ នៃពិធីបុណ្យចូលឆ្នាំចិនចូលមកដល់ បងប្អូនប្រជាជនជាតិចិន ឬខ្មែរកាត់ខ្សែស្រឡាយចិនជាច្រើន តែងតែរៀបចំ បោសជូតសម្អាតគេហដ្ឋានរៀងៗខ្លួន យ៉ាងស្អាតបាតជានិច្ច និងមានត្រៀមជាចំណីអាហារ បាយសម្ល ជ្រូកខ្វៃ ទាខ្វៃ ផ្លែឈ្លើ និងភេសជ្ជៈជាច្រើនមុខ ផ្សេងទៀតដើម្បីរៀបចំជាសំណែនជាដើម។

យ៉ាងណាមិញ រឿងមួយវិញទៀតដែលបងប្អូនប្រជាជនចិន ឬអ្នកដែលកាត់ខ្សែស្រឡាយ ខ្មែរ-ចិនទាំងអស់ មិនអាចបំភ្លេចបាននោះគឺ «ឆុង» ព្រោះបើតាមទំនៀមទំលាប់ ប្រជាជនចិនជាច្រើន តែងតែមានអបិយជំនឿ និងការព្រួយបារម្ភទាក់ទងទៅនឹងរឿងឆុងឆ្នាំ ឬជាន់ឆ្នាំនេះយ៉ាងខ្លាំង ដែលអាចធ្វើឲ្យយីអ៊ុនធ្លាក់ចុះ ការរកស៊ីទទួលទានមិនរីកចម្រើន ឬឈឺស្កាត់ជាដើម។ ជាពិសេស អាចបង្កឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតថែមទៀតផង ប្រសិនណាបើធ្វេសប្រហែស មិនបានគិតគូពីការរំដោះគ្រោះដំឡើងរាសីទេនោះ តែយ៉ាងណាក៏ដោយ នេះគ្រាន់តែជាអបិយជំនឿដែលមនុស្សមួយចំនួនជឿប៉ុណ្ណោះ។

ជាក់ស្តែងសម្រាប់ឆ្នាំថ្មី «ឆ្នាំរកា» ដែលនឹងខិតជិតចូលមកដល់នេះវិញ បើតាមក្បួនចិនសែវិញ គឺឆ្នាំរកា ឆុងជាមួយនឹងឆ្នាំថោះ ដល់ទៅ១០០%ឯណោះ។

តែសូមកុំព្រួយបារម្ភអ្វី ខ្មែរឡូត ជឿជាក់ថា ប្រិយមិត្តច្បាស់ជាធ្លាប់បានដឹង បានលឺនិងស្គាល់ សត្វខ្លា-ស ដ៏ពូកែស័ក្តិសិទ្ធិ នៅឯរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ក្នុងរាជធានីភ្នំពេញយើងនេះ ជាក់ជាពុំខាន។ គេតែងល្បីតៗគ្នាថាបារមីសត្វខ្លា-សនេះ នឹងអាចជួយរំដោះគ្រោះភ័យទាំងឡាយ ដល់អ្នកដែលមានឆ្នាំឆុង ជាមួយនឹងឆ្នាំថ្មី ឆ្នាំរកានេះផងដែរ។

រូបភាព​៖ សំណាកខ្លា.ស

ជាមួយគ្នានេះដែរ បើតាមប្រសាសន៍ ពីសំណាក់លោកគ្រូចិនសែ កុក ឡុង ហោរាបកប្រែឯកសារខ្មែរចិន-ចិនខ្មែរ ដ៏ល្បីឈ្មោះមួយរូប ក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា តាមក្បួនចិនចូលឆ្នាំចិន «ឆ្នាំរកា» ឆ្នាំ២០១៧នេះ «ឆ្នាំថោះ» គឺឆុងខ្លាំងជាងគេ ដល់ទៅ១០០%ឯណោះ បន្ទាប់មកមានឆ្នាំមមី ឆ្នាំច និងឆ្នាំជូត ឆុង៥០% ហើយឆ្នាំដែលឆុងមានទាំងប៉ុន្មាននេះ លោកគ្រូ កុក ឡុង បានប្រាប់ថា៖

ចិនគេហាមប្រាម «៣ខ» សំខាន់រួមមាន៖

• ទី១៖ យល់ល្អកុំសាងសង់ផ្ទះ ជួលជុល ឬបើកការដ្ឋានសាងសង់អ្វីឡើយ។ តែប្រសិនណាបើជ្រុលទៅហើយ គឺគួរណាស់ត្រូវឲ្យអ្នកដទៃ ឬបងប្អូនសាច់ញាតិ ជាអ្នកគ្រប់គ្រង មើលការខុសត្រូវ និងថែមទាំងហាមប្រាប់ មិនឲ្យចូលកន្លែងសាសង់ឡើយ។

• ទី២៖ បុណ្យខ្មោច សាកសព ក្តារមឈូស បើយល់ល្អត្រូវផ្ញើរសំបុត្រទៅ (ផ្ញើរលុយចូលបុណ្យ) ចាំដល់បុណ្យ៧ថ្ងៃ ឬ១០០ថ្ងៃចាំទៅ តែយល់ល្អបើចៀសបាន គឺកុំទៅចូលរួមតែម្តង ទើបជាការប្រសើរ។ មួយវិញទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ សម្រាប់ចិនបើគេយកលុយចូលបុណ្យខ្មោច គឺគេចងលេខលេស ដូចជាលេខ១ ៣ ៥ និងលេខ៧ តែដាច់ខាតហាមលេខ៩ ព្រោះលេខ៩ ចិនគេតែងចំណាំថា ជាលេខសុនខ (ឆ្កែ) និងមួយវិញទៀតមានន័យថា «យូរអង្វែង»

ពោល មានន័យថា ប្រសិនបើអ្នក ចូលលុយបុណ្យខ្មោចដែលមានលេខ៩ នោះមានន័យថា សាកសពឬអ្នកស្លាប់ ច្បាស់ជានឹកដល់អ្នក ឬស្រួលមិនស្រួល គេនឹងអាចមកយកអ្នកទៅជាមួយនឹងគេផងដែរ។ ដោយឡែក សម្រាប់អាពាហ៍ពិពាហ៍ ឬបុណ្យខួប ចិនគេតែងចងលុយជាលេខគូ រួមមានដូចជាលេខ ៦និងលេខ៨ ដែលតំណាងឲ្យសំណាងល្អ មានលាភមានជ័យ។

• ទី៣៖ កុំមើលគេសែនរៀបអាពាហ៍ពិពាហ៍ កុំចូលបន្ទប់ជួយរៀបជើងមុងឲ្យគេ ហើយក៏កុំលួចមើលគេផ្សំដំណេក ក្របទឹកឃ្មុំឲ្យសោះ ។

រូបភាព៖ លោកគ្រូចិនសែ កុក ឡុង

លោកគ្រូចិនសែ កុក ឡុង ក៏បានមានប្រសាសន៍បន្ថែមថា៖

- ឆ្នាំរកា ហើយនឹង ឆ្នាំថោះ ត្រូវប្រុងប្រយ័ត្នក្នុងខែ៣(មីនា) ខែ៦(មិថុនា) ខែ៩(កញ្ញា) និងខែ១២(ធ្នូ) ។ ដោយឡែកក្នុងខែ៩(កញ្ញា) សម្រាប់ឆ្នាំខាល និងឆ្នាំវក មួយជាន់មួយឆុង ដូច្នេះត្រូវទ្រាំរហូតដល់ខែ៨(មីនា-ទិវានារីអន្តរជាតិ) ទើបធូរស្បើយវិញបន្តិច។

- សម្រាប់ឆ្នាំកុរវិញ ក៏ត្រូវមានការប្រុងប្រយ័ត្នដូចគ្នា គួរកុំទៅមន្ទីរពេទ្យ សួរសុខទុក្ខអ្នកជំងឺឈឺធ្ងន់ ដែលមានលក្ខណៈឆ្លង ដូចជាឆ្លងទន្លេ របេង ថ្លើម គ្រោះថ្នាក់ចរាចរណ៍ជាដើម។ ប៉ុន្តែបើទៅមើលអ្នកជំងឺ ដែលកើតជំងឺឈឺផ្តាសាយធម្មតា នោះមិនអីឡើយ។

=>  វិធីធ្វើកិច្ចរំដោះគ្រោះ៖

នៅលើរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ មានវិហារចិនមួយ ដែលជាទីពេញនិយម និងស័ក្តិសិទ្ធិ មិនថាតែបងប្អូនជនជាតិចិន ឬអ្នកកាត់ខ្សែស្រឡាយ ខ្មែរ-ចិន ឡើយ គឺពួកគេតែងតែនាំគ្នា ឡើងទៅលើកំពូលភ្នំមួយនេះ ដើម្បីធ្វើការបន់ស្រន់សូមសេចក្តីសុខ សេចក្តីចម្រើន។ ជាពិសេស ឲ្យតែជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិន អ្នកដែលមានឆ្នាំឆុង ឬជាន់ឆ្នាំ តែងតែទៅទីឋានមួយនេះ ដើម្បីធ្វើនូវកិច្ចរំដោះគ្រោះ បណ្តេញនូវឧបទ្រព ឬគ្រោះកាចចង្រៃចេញផងដែរ ដែលមានលោកអ៊ុំឡា ជាជើងព្រះមួយរូប ប្រចាំការនៅទីនោះ និងធ្វើការណែនាំ ពីវិធីរំដោះគ្រោះផ្សេងៗ ដល់បរិស័ទទាំងអស់ ដែលមានបំណងចង់ធ្វើកិច្ច ទាំងអស់នោះផងដែរ។

បើតាមទំនៀមទំលាប់ បុគ្គលអ្នកឆុងឆ្នាំ ឬអ្នកដែលចង់ឲ្យសត្វខ្លា-ស រំដោះគ្រោះឲ្យទាំងអស់ ត្រូវជាវដង្វាយសំខាន់៣មុខ ពីទីណាក៏បាន ដែលមានដូចជា សាច់ជ្រូកមួយដុំ ស៊ុត និងយីហ៊ឺក្រៀម ព្រមទាំងក្រដាសសែន ផ្លែឈើ ទៀនធូប ទៅតាមសទ្ធារជ្រះថ្លារៀងៗខ្លួន យកមកសែនជូនដល់រូបសំណាកខ្លា-ស នៅវត្តភ្នំ ព្រមទាំងមានការធ្វើកិច្ចរំដោះគ្រោះនានាផងដែរ។

ទស្សនាវីដេអូខាងក្រោម៖

រូបភាព៖ តង្វាយសម្រាប់សត្វខ្លា-ស
រូបភាព​៖ សំណាកខ្លា.ស និងតង្វាយ
រូបភាព​៖ សំណាកខ្លា.ស និងតង្វាយ

យ៉ាងណាមិញ ចំពោះលោកគ្រូ កុក ឡុង វិញក៏បានប្រាប់អំពីវិធីរំដោះគ្រោះខ្លះៗផងដែរ សម្រាប់អ្នកដែលមានឆ្នាំឆុងទាំងអស់ អាចអនុវត្តន៍វាបានដោយខ្លួនឯងដែរថា៖ ត្រូវយកស៊ុត (ពងមាន់ឬពងទា) ចំនួន២គ្រាប់ សាច់ជ្រូកបីជាន់ (ឆៅ) មួយខាំ ទៅសែននៅទីណាក៏បាន ឲ្យតែមានរូបសំណាកខ្លា.ស ប៉ុន្តែបើរូបសំណាកខ្លា.ស នៅក្នុងវត្តទើបស័ក្តិសិទ្ធិជាង រួចអុជធូបចំនួន៣សរសៃ និយាយបែរបន់។ បន្ទាប់មក យកសាច់ជ្រូកបីជាន់ញាត់ចូលមាត់ រូបសំណាកខ្លា.ស រួចយកពងទៅគោះជាមួយនឹងក្បាល រូបសំណាកខ្លា.ស ឲ្យបែកហារទឹកស ទើបក្រោយមកយកពងនោះ ទៅគប់បញ្ចេរចោល ឲ្យចំកង់ឡាន ឬគប់ចោលទៅកណ្តាលថ្នល់ក៏បាន ដើម្បីឲ្យគ្រោះចង្រៃទាំងអស់ ខ្ទាតចេញឆ្ងាយផងដែរ។

ចង់ជ្រាបកាន់តែច្បាស់ សូមស្តាប់ប្រសាសន៍លោកគ្រូចិនសែ កុក ឡុង ខាងក្រោមនេះទាំងអស់នេះ៖

គួរឲ្យដឹងដែរថា វិហារចិននៅ រមណីយដ្ឋានទេសចរណ៍ និងប្រវត្តិសាស្រ្តវត្តភ្នំ មានទីតាំងស្ថិតនៅគៀនខាងស្តាំដៃ លើកំពូលភ្នំ ជិតព្រះវិហារខ្មែរ ដែលព្រះវិហារនោះ គឺបើកជារៀងរាល់ថ្ងៃក្នុងម៉ោងចូលកម្សាន្ត សម្រាប់ជនជាតិចិន ខ្មែរ-កាត់ចិន និងអ្នកមានជំនឿនានា មកធ្វើការបន់ស្រន់ ចាក់គម្ពីរ រឺធ្វើកិច្ចរំដោះគ្រោះជាដើម-ល-៕ 

រូបភាព៖ ផ្លូវឡើងមកកាន់ រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ (រាជធានីភ្នំពេញ)
រូបភាព​៖ សំណាកខ្លា.ស និងតង្វាយ
រូបភាព​៖ សំណាកខ្លា.ស និងតង្វាយ
រូបភាព៖ ទិដ្ឋភាពបរិស័ទ្ធ ខ្មែរ-ចិន កំពុងតែធ្វើកិច្ចរំដោះគ្រោះ
រូបភាព៖ ទិដ្ឋភាពបរិស័ទ្ធ ខ្មែរ-ចិន កំពុងតែធ្វើកិច្ចរំដោះគ្រោះ
រូបភាព៖ វត្តភ្នំ
រូបភាព៖ វត្តភ្នំ
រូបភាព៖ វត្តភ្នំ
រូបភាព៖ វត្តភ្នំ
រូបភាព៖ វត្តភ្នំ
រូបភាព៖ វត្តភ្នំ
រូបភាព៖ វត្តភ្នំ
រូបភាព៖ វត្តភ្នំ
រូបភាព៖ វត្តភ្នំ
រូបភាព៖ វត្តភ្នំ
រូបភាព៖ វត្តភ្នំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]