(ពោធិ៍សាត់)៖ ដោយសារទឹកចិត្ត ស្រឡាញ់វិស័យកសិកម្ម និងមិនចង់ឃើញផលិតផលកសិកម្ម ក៏ត្រូវពឹងផ្អែកតែលើការនាំចូលពីបរទេស បានជំរុញឲ្យយុវជនម្នាក់ សម្រេចចិត្តបោះទុន នូវទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារ ដាំដំណាំ Strawberry នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។

បច្ចុប្បន្នដំណាំ Strawberry របស់យុវជន អ៊ូច សំបូរ ដែលជាកសិករវ័យក្មេង បានចាប់ផ្តើមប្រមូលផលបណ្តើរៗហើយ។

លោក អ៊ូច សំបូរ ដែលជាម្ចាស់ចំការ Strawberry បានប្រាប់ Fresh News ថា «ចំការ Strawberry របស់ខ្ញុំនេះ ក៏មានការសហការជាមួយ អ្នកជំនាញផ្នែកកសិកម្មម្នាក់ មកពីប្រទេសអេស្ប៉ាញផងដែរ ដោយចំណាយទុនប្រមាណ១០​ម៉ឺនដុល្លារ។ ការដែលខ្ញុំជ្រើសរើសដំណាំ Strawberry នេះព្រោះថា Strawberry ជាដំណាំកម្រ​នៅក្នុងប្រទេសកម្ពុជា និងជាដំណាំមួយដែលប្រជាជនក្នុងស្រុក និងក្រៅស្រុកនិយមចូលចិត្ត»។

លោក អ៊ូច សំបូរ បានឲ្យដឹងថា លោកបាននាំចូលកូន Strawberry ពីប្រទេសអេស្ប៉ាញ មកដាំលើផ្ទៃដី​​ចំនួនជិត២ហិកតា ដែលស្ថិតនៅភូមិអូសោម ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានការចូលរួម ផ្ដល់យោបល់​ពីសំណាក់ អ្នកជំនាញផ្នែកកសិកម្មជាច្រើនរូបផងដែរ។ មូលហេតុដែលលោកជ្រើសរើស យកខេត្តពោធិ៍សាត់ ដាំដំណាំ Strawberry ដោយសារពោធិ៍សាត់ជាខេត្តមួយ ដែលមាន​​សីតុណ្ហភាពត្រជាក់ អំណោយផលចំពោះដំណាំ Strawberry ។

លោកបន្ដថា ក្រៅពីខេត្តពោធិ៍សាត់ នៅមានខេត្តជាច្រើនទៀត ដែលអាចដាំដំណាំ Strawberry បានរួមមាន ខេត្តមណ្ឌល​គីរី ជាដើម។

លោកបន្ថែមថា «ពិតជាមានបញ្ហាប្រឈម ក្នុងការដាំដុះ Strawberry ដោយសារនៅកម្ពុជាជាប្រទេសដែលមាន អាកាសធាតុក្ដៅ ចំណែកដំណាំ Strawberry ត្រូវការអាកាសធាតុត្រជាក់ខ្លាំង។ មួយវិញទៀតប្រសិនបើមាន ភ្លៀងធ្លាក់ច្រើនពេក អាចបណ្ដាលឲ្យ ផ្លែ Strawberry មានសភាពជាំខ្មៅ ខូច។ ម្យ៉ាងទៀតបញ្ហាដែលប្រឈមខ្លាំង គឺបញ្ហាបច្ចេកទេសក្នុងការដាំដុះ និងការថែទាំ ព្រោះយើងមិនមាន​ប្រើជាតិគីមី និងទាមទារឲ្យមានការថែទាំ យ៉ាងដិតដល់បំផុត»។

លោកបន្ដទៀតថា សម្រាប់តម្លៃ Strawberry គឺលក់ចេញពី១១-១៣ដុល្លារក្នុងមួយគីឡូ។

យ៉ាងណាក៏ដោយនេះ មិនមែនជាលើកទី១ទេ ដែលយុវជន អ៊ូច សំបូរ ដាំដំណាំ Strawberry។ កាលពីឆ្នាំទៅ លោក អ៊ូច សំបូរ ធ្លាប់បានដាំ​ដំណាំ Strawberry ម្ដងរួច​ទៅហើយ តែដោយសារតែខ្វះបទពិសោធន៍ បញ្ហាអាកាសធាតុមិនល្អ ទើបទទួលបរាជ័យ។ ប៉ុន្តែការបរាជ័យនេះ មិនបានបំបាក់ទឹកចិត្តលោកឡើយ លោកនៅតែមានសង្ឃឹមយ៉ាងមុតមាំថា ដំណាំ Strawberry របស់លោកនឹងមានការទទួល​​គាំទ្រច្រើន ពីសំណាក់អតិថិជន។

លោក អ៊ូច សំបូរ បន្ដថា ចំការរបស់លោក មិនមែនមានតែដំាដំណាំ Strawberry មួយមុខនោះទេ គឺមានការដាំដំណាំផ្សេងទៀតរួមមាន ម្នាស់ ក្រូច ប៊ឺរផងដែរ។

លោកបានបន្ដទៀតថា ដំណាំ Strawberry ជាដំណាំដ៏កម្រមួយ ដូច្នេះនៅពេលដែលបង្កបង្កើនផល គឺមិនខ្វះ​ទីផ្សារនោះឡើយ ព្រោះមានការនិយមចូលចិត្តច្រើន ពិសេសពីសំណាក់យុវវ័យ។

ជាមួយគ្នានេះផងដែរ លោក អ៊ូច សំបូរ ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ឲ្យងាកមកប្រកបរបរដាំដំណាំ Strawberry ព្រោះថា ជាប្រភេទដំណាំដ៏កម្រ មួយនឹងអាចរកម្រៃបានច្រើន រួមទាំង អាចកាត់បន្ថយការនាំចូលពីក្រៅប្រទេសទៀតផង៕​​

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖  ត្រីនាំចូលពីវៀតណាម កំពុងសម្លាប់របរចិញ្ចឹមត្រីនៅកម្ពុជា

ប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមត្រីទ្រទ្រង់ជីវិតបាននាំគ្នារអ៊ូរទាំដូចៗគ្នាថា ការនាំចូលត្រីយ៉ាងច្រើនសន្ធឹកសន្ធាប់​ពីប្រទេសវៀតណាម កំពុងធ្វើឲ្យត្រី ដែលពួកគាត់ចិញ្ចឹមក្នុងស្រុកគ្មានទីផ្សារ ហើយក៏អាចធ្វើឲ្យពួកគាត់បោះបង់អាជីព​​ជាអ្នកចិញ្ចឹមត្រីនេះផងដែរ ព្រោះមិនអាចទប់ទល់ជាមួយការខាតបង់។

ភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាកន្លែងចិញ្ចឹមត្រីប្រា និង ចិញ្ចឹមសត្វទាយកសាច់ និងពង ដ៏ធំមួយក្នុងរាជធានីភ្នំពេញ។ របរចិញ្ចឹមត្រី និងទានេះ បានចូលរួមចំណែកជួយ​លើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរ​​ជាច្រើនគ្រួសារឲ្យបានល្អប្រសើរផងដែរ។

ក្រុមអ្នកប្រកបរបរចិញ្ចឹមត្រី និងចិញ្ចឹមទា បានឲ្យដឹងថា ពួកគាត់ប្រកបរបរនេះមិនតិចជាង ៦ឆ្នាំនោះទេ ហើយបណ្តាឆ្នាំកន្លងទៅការចិញ្ចឹមនេះ ក៏ទទួលបានផលល្អប្រសើរផងដែរ ពោលដល់អំឡុងខែសីហា នៃបណ្តាឆ្នាំនីមួយៗ តែងមានឈ្មួញចាប់យកទៅចែកចាយ តាមបណ្តាខេត្តអស់ៗតែម្តង ហើយដល់អំឡុងខែមករា នៃឆ្នាំថ្មី គឺពួកគាត់ត្រូវចាប់កូនត្រីដាក់ស្រះទៀតហើយ។

តែសម្រាប់ឆ្នាំ២០១៦កន្លងទៅនេះ ត្រីរបស់គាត់មិនមានឈ្មួញមកចាប់យក​ចែកចាយ​លើទីផ្សារឡើយ ទោះបីតម្លៃត្រីថោកជាងបណ្តាឆ្នាំកន្លងទៅក្តី ហើយត្រូវបានអូសបន្លាយ​រហូតមកដល់ខែមករា ឆ្នាំ២០១៧ទៅហើយ ក៏គ្មានឈ្មួញមកចាប់ត្រីយក​ទៅចែកចាយលើទីផ្សារ ដែរ។ ការអូសបន្លាយក្នុងការចាប់ត្រីនេះ បានធ្វើឲ្យត្រីប្រានៅតាមស្រះមួយចំនួន​ត្រូវងាប់ថែមទៀតផង ព្រោះតែមិនអាចទ្រាំនិងអាកាសធាតុ ដែលប្រែប្រួលជារៀងរាល់ថ្ងៃ។

អ្នកស្រី ហុង ចាន់ថន បានបញ្ជាក់ដូច្នេះ «ត្រូវប្រមូលផលក្នុងខែ១០(តុលា) ហ្នឹង ប៉ុន្តែគេអត់មកចាប់យើង អូសបន្លាយរហូតដល់ខែ១១, ១២ ឬខែ១ ជួបការលំបាកច្រើន។ ទីផ្សារឥឡូវធ្វើបានហើយ​លក់អត់ចេញ ដោយសារការនាំចូលពីប្រទេសជិតខាងច្រើនពេក អ៊ីចឹងធ្វើឲ្យអ្នកចិញ្ចឹមក្នុងស្រុក​ដល់​ពេលប្រមូលផលបែរជាប្រមូលអត់បានទៅវិញ​​ធ្វើឲ្យមានការខាតបង់ច្រើន»។

លោក ឆន ប្រុស អាយុ ៤៩ឆ្នាំ និងជាអ្នកប្រកបរបរចិញ្ចឹមត្រីប្រាប្រមាណជា ៦ឆ្នាំមកហើយនោះ បានថ្លែងបញ្ជាក់ថា «កន្លងមកខែ៨ ហើយយ៉ាងយូរបំផុតខែ១០ ឬ១១អីណឹងអ្នកចិញ្ចឹមត្រីលក់ត្រី​ចង់អស់ហើយ។ ទើបតែឆ្នាំនេះ ជួបបញ្ហាលក់មិនបានដូចឆ្នាំកន្លងទៅទេ»។

ក្រុមអ្នករកស៊ីចិញ្ចឹមត្រី ដែលកំពុងប្រឈមការខាតបង់ធ្ងន់ធ្ងរ​ព្រោះគ្មានទីផ្សារនេះ បានអះអាងមូលហេតុដូចគ្នាថា ការដែលធ្វើឲ្យត្រីរបស់ពួកគាត់គ្មានទីផ្សារដូចបណ្តាឆ្នាំកន្លងទៅ ដោយសារមានការនាំចូលត្រីពីប្រទេសវៀតណាម​​យ៉ាងច្រើនសន្ធឹកសន្ធាប់ចូលមកក្នុង ប្រទេសកម្ពុជា។ ក្នុងនោះមានត្រីខ្លះលួចនាំចូលតាមច្រករបៀង​ដោយមិនមានបង់ពន្ធ​ឲ្យបានត្រឹមត្រូវថែមទៀតផង។

លោក ហ្វាង សុខលី ដែលមានត្រីចិញ្ចឹមប្រមាណជា ១០០តោន និងបានប្រកបរបរចិញ្ចឹមត្រីប្រា ៥ឆ្នាំមកហើយនោះ បានឲ្យដឹងដូច្នេះ «មូលហេតុដោយសារត្រីប្រទេសជិតខាង​​គេនាំចូលមកតម្លៃធូរថ្លៃជាងយើង។ អ៊ីចឹងម៉ូយខ្លះគេសុខចិត្តចាប់ត្រីនៅក្រៅស្រុក ហើយត្រីក្នុងស្រុកគេចាប់តិច ធ្វើឲ្យត្រីក្នុងស្រុកចាល់ទៅៗ។ គេថោកជាងយើងខ្ទង់២០០រៀល ទៅ២៥០រៀល។ ឈ្មួញអ្នកចាប់ត្រីគេនិយាយថា អានាំចូលបង់ពន្ធតិចតួច អានាំចូលគេពន្ធវាច្រើន។ គេថាត្រីក្នុងស្រុកយើងរៀងថ្លៃ អ៊ីចឹងត្រីគេចពន្ធគេនាំចូលមកស្របច្បាប់​១ភាគ អាមិនស្របច្បាប់២ភាគអ៊ីចឹងទៅ។ បើនៅតែមានបញ្ហាដូចឆ្នាំអ្នកចិញ្ចឹមត្រី​នៅស្រុកខ្មែរដួលទាំងអស់»។ ចុចអានបន្ត៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]