អាមេរិក៖ កីឡាករបាល់ទាត់ ក៏មិនខុសគ្នាពីមនុស្សទូទៅមួយចំនួនដែរ គឺតែងតែចង់បង្កើតភាពរ៉ូមែនទិកសម្រាប់គូស្នេហ៍របស់ខ្លួន ក្នុងគោលបំណងសុំរៀបការ ប៉ុន្តែទាក់ទងនឹងការសុំមិត្តស្រីរៀបការនេះ ពួកគេតែងតែបង្កើត និងរៀបចំកម្មវិធី ឬទីតាំងប្លែកៗ ខុសពីមនុស្សមួយចំនួន ដែលជាទូទៅពួកគេ សុំមិត្តស្រីរបស់ខ្លួនរៀបការ នៅលើវាលស្មៅពណ៌បៃតង (តារាងបាល់)។

ថ្មីៗនេះដែរ កីឡាករបាល់ទាត់មួយរូប លេងនៅក្នុងលីករបស់អាមេរិក បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើល បន្ទាប់ពីរូបគេ សុំមិត្តស្រីរៀបការ ក្រោយពីស៊ុតបញ្ចូលទីរួច។

កីឡាករ Ashton Surbur លេងឲ្យក្លិប NAPA Rover បានកាប់បាល់បញ្ចូលទីដ៏អស្ចារ្យ ទល់នឹងក្លិប Guam Shipyard ធ្វើឲ្យកីឡាកររូបនេះ បានឆ្លៀតឱកាសសុំមិត្តស្រីរបស់ខ្លួនរៀបការ ស្របពេលនឹងការអបអរគ្រាប់បាល់ស៊ុតបញ្ចូលទី។

ក្នុងអំឡុងពេលសុំមិត្តស្រីរៀបការ កីឡាកររូបនេះ បានដោះអាវចេញ ដោយបន្សល់ត្រឹមអាវកាក់ពណ៌សខាងក្នុង។ អ្វីដែលនឹកស្មានមិនដល់នោះ នៅលើអាវកាក់របស់កីឡាកររូបនេះ បានសរសេរថា «MARRY ME?» ដែលជាសំនួរមួយត្រូវបានចោទសួរទៅកាន់មិត្តស្រីរបស់ខ្លួន នៅខាងក្រៅកំពុងមើលការប្រកួត។

តែទន្ទឹមនឹងការសុំមិត្តស្រីរៀបការ ក្រោយស៊ុតបញ្ចូលទី កីឡាកររូបនេះ ក៏ទទួលបានការពិន័យកាតលឿងផងដែរ ដោយសារតែដោះអាវចេញអំឡុងពេលប្រកួត ប៉ុន្តែមិនថ្វី រូបគេក៏ទទួលបានចម្លើយយល់ព្រម ពីមិត្តស្រីរបស់ខ្លួនផងដែរ៕ 

ប្រភព៖ Fox Sports

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ បុរសសាច់ដុំយក្ស លើកទម្ងន់បានជាង៤០០គ.ក ចង់ក្លាយខ្លួនជាអ្នកកីឡាកាស WWE

បុរសសាច់ដុំយក្សម្នាក់ ដែលអ្នកស្រុកឲ្យរហស្សនាមថា The Hulk បានប្រាប់ពីក្តីស្រមៃរបស់ខ្លួនថា ចង់ក្លាយជាអ្នកកីឡាកាសនៅស្ថាប័ន WWE និងជាអ្នកលើកដុំដែកអាជីពមួយរូប។

បុរសមាឌធំឌាំង សាច់ដុំដូចយក្សរូបនេះ ឈ្មោះ Arbab Khizer Hayat អាយុ២៥ឆ្នាំ ត្រូវបានអ្នកស្រុកទទួលស្គាល់ថា ជាបុរសមហាកម្លាំងម្នាក់ក្នុងចំនោមបុរសខ្លាំងលើពិភពលោក ដោយសារតែគាត់អាចលើកទម្ងន់បានរហូតទៅដល់៤៣០គីឡូក្រាម មិនតែប៉ុណ្ណោះ កម្លាំងរបស់គាត់អាចបញ្ឈប់ត្រាក់ទ័រ ដែលកំពុងបញ្ឆេះម៉ាស៊ីន ស្របពេលកំពុងធ្វើដំណើរបានទៀតផង។

ទាក់ទងនឹងក្តីស្រមៃនៅថ្ងៃអនាគត Hayet បានប្រាប់ឲ្យដឹងថា «ខ្ញុំចាប់ផ្តើមលើកទម្ងន់តាំងពីនៅជំទង់មកម្ល៉េះ ដោយសារចង់ក្លាយខ្លួនជាជើងឯកលើកដុំដែកម្នាក់នៅថ្ងៃអនាគត ប៉ុន្តែមានតែពេលវេលាទេ ដែលអាចកំណត់បាន។ ខ្ញុំចង់អរគុណដល់ព្រះ ដែលប្រទានរាងកាយដល់ខ្លាំងនេះដល់ខ្ញុំ» ។

Hayet បានបន្ថែមទៀតថា «គោលដៅរបស់ខ្ញុំមួយទៀតនោះគឺ ចូលរួមប្រកួតក្នុងស្ថាប័នកីឡាកាស WWE ប៉ុន្តែគឺត្រូវកំណត់ទម្ងន់ត្រឹមត្រូវ ដូច្នេះខ្ញុំតែងតែជួបគ្រូពេទ្យដើម្បីពិភាក្សាពិគ្រោះយោបល់រឿងទម្ងន់របស់ខ្ញុំ» ។

គួរបញ្ជាក់ផងដែរថា នៅក្នុងស្រុកភូមិ នរណាៗក៏ស្គាល់ បុរសសាច់ដុំយក្ស រហស្សនាម The Hulk រូបនេះដែរ មិនតែប៉ុណ្ណោះអ្នកស្រុកតែងតែឧស្សាហ៍មកលេង និងសុំគាត់ថតរូបថែមទៀតផង ព្រោះគាត់ជាមនុស្សចេះរាក់ទាក់ និងគួរឲ្យគោរព។

ដោយឡែកក្រលេកមកចាប់អារម្មណ៍ របបអាហារប្រចាំថ្ងៃរបស់ Hayet វិញគឺប្រៀបបានដូចជាកម្លាំងនិងមាឌរបស់គាត់យ៉ាងដូច្នោះដែរ ពោលគឺ គាត់ទទួលទានស៊ុត៣៦គ្រាប់ សម្រាប់អាហារពេលព្រឹក សាច់៣គីឡូក្រាម និងទឹកដោះគោ ៥លីត្រ ក្នុងមួយថ្ងៃ បើសរុបទៅក្នុងមួយថ្ងៃ កាឡូរីដែលជ្រាបចូលសារពាង្គរបស់គាត់ មានរហូតដល់ ១មឺុនកាឡូរី។

បើទោះបីជាយ៉ាងណាក៏ដោយ Hayet បានបញ្ជាក់ប្រាប់ថា របបអាហារទាំងនេះ មិនបានប៉ះពាល់អ្វីដល់បញ្ហាសុខភាពរបស់គាត់ទេ ថែមទាំងមិនដែលទទួលបានវេជ្ជបញ្ជាពីពេទ្យម្តងណាឡើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]