ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃពុធកន្លងទៅនេះ មានអ្នកទេសចរម្នាក់បានធ្លាក់ជ្រលងភ្នំ Uluwatu ដែលស្ថិតនៅក្នុងតំបន់ទេសចរណ៍កោះបាលី បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង។

បុរសរងគ្រោះឈ្មោះ Kwan Anto Randy Saputro អាយុ ៤៧ឆ្នាំ បានមកដើរកម្សាន្តនៅប្រាសាទ Balinese Uluwatu ដែលមានទីតាំងស្ថិតនៅលើកំពូលភ្នំំមួយកាលពីរសៀលថ្ងៃពុធ សប្តាហ៍មុននេះ។

បើយោងទៅតាមសារព័ត៌មាន Tribun Bali បានឲ្យដឹងថា រឿងហេតុមូយនេះបានកើតឡើងនៅពេលដែលលោក Saputro បានធ្វើស្ទាយផ្អៀងខ្លួន ដើម្បីថតរូបសេលហ្វី (Selfie) បន្ទាប់មកគាត់ក៏បានរអិលធ្លាក់រំលងបង្កាន់ដៃចុះទៅក្រោមតែម្តង។

ទោះជាយ៉ាងណា ក្រុមជួយសង្គ្រោះ Basarnas បានចំណាយពេលប្រមាណជិត ២ ម៉ោងឯណោះ ទើបអាចរកសាកសពរបស់បុរសរងគ្រោះឃើញ ដោយសារតែស្ថានភាពភូមិសាស្រ្តនៅក្នុងតំបន់នោះ មិនសូវអំណោយផល ដូចជាមានខ្យល់ខ្លាំង និង ចំណោទចោទពេកជាដើម។

យ៉ាងណាមិញ វីដេអូមួយ ត្រូវបានថតដោយក្រុមជួយសង្គ្រោះ Basarnas និងត្រូវបានចាក់ផ្សាយនៅក្នុងកម្មវីធី Tribun Bali ដើម្បីបង្ហាញពីកិច្ចខំប្រឹងប្រែងរបស់ក្រុមការងារជួយសង្គ្រោះរបស់ពួកគេ។

ចំពោះនាយកគ្រប់គ្រង ក្រុមជួយសង្គ្រោះ Basarnas Bali លោក Did Hamzar វិញ បានប្រាប់មកកាន់កម្មវីធី Tribun Bai ថា “ពួកយើងបានបញ្ជូនក្រុមការងារជំនាញៗ ដើម្បីធ្វើការជួយសង្គ្រោះ និងបញ្ជូនសាកសពរបស់បុរសនេះចេញ”។ គាត់បានបន្ថែមទៀតថា “ ជនរងគ្រោះបានធ្លាក់ទៅខាងក្រោមក្នុងកំរិតកម្ពស់ប្រមាណ១០០ ទៅ ១២០ ម៉ែត្រឯណោះ”

បើតាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា សាកសពរបស់លោក Saputro ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យ Sanglah ភ្លាមៗ បន្ទាប់ពីត្រូវបានគេរកឃើញ៕ 

ប្រភព៖ បរទេស

ក្រឡេកទៅមើលព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖ អស់ស្ទះ! បុរសប៉ាគីស្ថានម្នាក់ បំបែកកំណត់ត្រា បោកក្បាលបំបែកដូង ៤៣ផ្លែ ប្រើរយៈពេលត្រឹមតែ ១នាទី (មានវីដេអូ)

ប៉ាគីស្ថាន៖ បុរសជនជាតិប៉ាគីស្ថានម្នាក់ បាននឹងកំពុងតែធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ ជាមួយនឹងទេពកោសល្យសមត្ថភាព របស់គាត់យ៉ាងខ្លាំង បន្ទាប់ពីប្រើក្បាលអុកបំបែកដូង អស់រាប់សិបផ្លែ ដោយប្រើថេរវេលាក្នុងរយៈពេល ដ៏ខ្លីមួយតែប៉ុណ្ណោះ។

លោក Rashid Naseem មានវ័យ៣០ឆ្នាំ មកពីទីក្រុងការ៉ាជី (Karachi) ខេត្ត Sindh នៃប្រទេសប៉ាគីស្ថាន ត្រូវបានគេកត់ត្រា ចូលក្នុងសៀវភៅកំណត់ត្រាពិភលោក បន្ទាប់ពីរូបលោក បានយកក្បាលទៅបោកបំបែកនឹងផ្លែដូងស្រស់ អស់ចំនួន៤៣ផ្លែ ដោយប្រើរយៈពេលត្រឹមតែ ៦០វិនាទីតែប៉ុណ្ណោះ។

លោក Naseem ដែលជាអ្នកហ្វឹកហាត់នូវសិល្បៈគុន ដ៏គ្រោះថ្នាក់នេះ បានឲ្យដឹងថា កន្លងមករូបលោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងធ្វើការហ្វឹកហាត់សមនូវក្បាច់គុននេះ អស់រយៈជាង៦ខែ មុនថ្ងៃសម្តែងបំបែកកំណត់ត្រានេះមកដល់។

លោក Naseem និយាយថា «ខ្ញុំបានចំណាយពេលជាច្រើន ក្នុងការរៀបចំខ្លួនដើម្បីសម្តែង ដែលតម្រូវឲ្យខ្ញុំត្រូវតែធ្វើការងារមួយនេះ យ៉ាងលំបាកជាទីបំផុត ដោយការប្រើប្រាស់នូវថាមពលកម្លាំងខ្លាំង ព្រោះថា ការបំបែកផ្លែដូងស្រស់ ដោយប្រើប្រាស់ក្បាលនេះ គឺវាប្រឈមនឹងគ្រោះថ្នាក់ និងការឈឺចាប់ខ្លាំង» ។

លោកបន្តថា «ផ្លែដូងស្រស់ គឺពិតជាមិនងាយនឹងបំបែកបានងាយៗឡើយ ដូច្នេះហើយចាប់តាំងពីខ្ញុំបានចាប់ផ្តើម ហាត់រៀនវាមក វាក៏ធ្លាប់បានធ្វើឲ្យក្បាល របស់ខ្ញុំឈឺចាប់ផងដែរ។ និយាយទៅខ្ញុំក៏ធ្លាប់បាន បែកក្បាលដោយសារតែវាដែរ។ ខ្ញុំដឹងតាំងពីដំបូងមកម្ល៉េះ ថាការសម្តែងបែបនេះ គឺវាពិតជាផ្សងនឹងគ្រោះថ្នាក់ខ្លាំងណាស់ ប៉ុន្តែដោយសារតែ មានការហាត់រៀនត្រឹមត្រូវ ទើបទីបំផុតខ្ញុំអាចពង្រឹង សមត្ថភាពកម្លាំងខ្លួនឯងបានគ្រប់គ្រាន់ ដោយអនុវត្តន៍ធ្វើវាបានជាធម្មតា» ។

គួរឲ្យដឹងដែរថា លោក Naseem គឺជាមនុស្សម្នាក់ ដែលធ្លាប់និយាយអួតសរសើរខ្លួនឯងថា គាត់ជាមនុស្សដែលចូលចិត្ត ការបង្កើតឯកទគ្គកម្ម។ ជាក់ស្តែង កាលពីឆ្នាំមុននេះ លោក Neseem ក៏ធ្លាប់បានបំបែកផ្លែវ៉លណាត់ (Walnuts) អស់ចំនួន២១០ផ្លែ ក្នុងរយៈមួយនាទីដូចគ្នា ដោយប្រើក្បាលរបស់គាត់ផងដែរ។ លោក Neseem ថែមទាំងបានអះអាងប្រាប់ទៀតថា រូបគាត់នឹងក្លាយជាអ្នក កាន់កំណត់ត្រាឯកទគ្គកម្មពិភពលោក ជាថ្មីម្តងទៀត ក្នុងការកម្ទេចកំប៉ុងភេសជ្ជៈ ជាមួយនឹងចំនួនដ៏ច្រើនផងដែរ។

អ្វីដែលពិសេស ជាងនេះទៅទៀតនោះ លោក Neseem ក៏បានបើកសាលាបណ្តុះបណ្តាល ពីសិល្បៈគុននេះ ដោយនិយាយថា រូបលោកគឺចង់បំបែកកំណត់ត្រា ឲ្យបានច្រើនទៀត។ «កន្លងមកខ្ញុំបានបំបែកកំណត់ត្រាបាន៥ រួចមកហើយ ប៉ុន្តែគោលបំណងរបស់ខ្ញុំនៅថ្ងៃខាងមុខ គឺខ្ញុំចង់បំបែកកំណត់ត្រាឲ្យបាន ៥០បន្ថែមទៀត ដើម្បីជាមោទនភាពមុខមាត់ នៃប្រទេសរបស់ខ្ញុំ» ៕   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]