ភ្នំពេញ៖ តារាចម្រៀងបទនិពន្ធថ្មី លោក ម៉ា ច័ន្ទបញ្ញា និងមិត្តស្រី ដែលត្រូវបានគេស្គាល់ថា ជាគូស្នេហ៍ដ៏សែនផ្អែមល្អែម សម្តែងនៅក្នុងបទ«ពីរនាក់បានហើយ» របស់តារាចម្រៀងស្រី Adda បានធ្វើឲ្យអ្នកគាំទ្រជាច្រើនលួចច្រណែន និងសរសើរមិនដាច់ពីមាត់ ដោយថាអ្នកទាំងពីរ ទាំងស្អាតទាំងគួរឲ្យស្រលាញ់ដូចគ្នា មើលទៅពិតជាសាកសមនឹងគ្នាមែនទែន។

យ៉ាងណាមិញ នៅពេលថ្មីៗនេះលោក ម៉ា ច័ន្ទបញ្ញា បានបង្ហោះរូបថតតែងឈុតរៀបការជាមួយនឹងមិត្តស្រីមួយសន្លឹក លាយឡំជាមួយនឹងសារដ៏មានអត្ថន័យសម្រាប់អ្នកដែលមានស្នេហា និងចង់រៀបការជាមួយនឹងមនុស្សដែលគេស្រលាញ់ផងដែរ ។

ដោយក្នុងសារនោះ មានអត្ថន័យដូចតទៅ៖

«ពេលដែលអ្នកដាក់ចិត្តលើទំនាក់ទំនងមួយ អ្នកត្រូវហ៊ានទទួលយកភាពរំខានរវាងគ្នានឹងគ្នា តែបើអ្នកសម្រេចចិត្តថាចាប់ដៃគ្នាដើម្បីឈានចូលដល់រោងការជាមួយគ្នា អ្នកត្រូវសួរខ្លួនឯងឲ្យច្រើនដងជាងនេះទៀតថា អ្នកគ្រប់គ្រាន់នឹងទទួលយកចំណុចខ្វះខាត ភាពជឿជាក់គ្នា អតីត ឬភាពរំខានរវាងគ្នានឹងគ្នាបានច្រើនឬនៅ? តើអ្នកមានសមត្ថភាពគ្រប់គ្រាន់មើលថែគ្នាហើយឬនៅ? ជ្រើសរើសមនុស្សម្នាក់ចូលក្នុងជីវិត គឺមិនមែនជារឿងងាយស្រួលនោះទេ មានតែពេលវេលានោះទេ ទើបអាចផ្ដល់ចម្លើយបាន ហើយត្រូវចាំថា គូស្នេហ៍ណាក៏ចេះឈ្លោះគ្នាដែរ ព្រោះពួកគេត្រូវការភាពយល់ចិត្តគ្នា។ ចូរកុំអស់សង្ឃឹមបើអ្នកច្បាស់លាស់នឹងគេ» ។

អ្នកគាំទ្រជាច្រើនក៏បានជូនពរដល់តារាចម្រៀងរូបនេះ ជាមួយនឹងមិត្តស្រី ឲ្យអ្នកទាំងពីរស្រលាញ់គ្នាឲ្យបានយូរ និងសង្ឃឹមថាអ្នកទាំងពីរចូលរោងការជាមួយគ្នាក្នុងពេលឆាប់ៗនេះផងដែរ៕ 

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរ ចាប់តាំងពីស្នេហា រវាងតារាចម្រៀងប្រុស លោក ម៉ា ច័ន្ទបញ្ញា និងតារាសម្តែងស្រី វ័យក្មេងម្នាក់ បានប្រកាសជាសាធារណៈរួចមក មហាជនសង្កេតឃើញថា ពួកគេកាន់តែបង្ហាញពីក្តីស្រលាញ់ទៅលើគ្នាជារឿយៗ។ មិនតែប៉ុណ្ណោះ ពួកគេក៏តែងឆ្លៀតពេល សាងអនុស្សាវរីយ៍ ដោយការដើរលេងកំសាន្ត តាមទីជិតទីឆ្ងាយ ជាមួយគ្នាទៀតផង។

ដោយមិនអាចលាក់បាំងពីទំហំចិត្តបាន មិត្តស្រី របស់លោក ម៉ា ច័ន្ទបញ្ញា ហ៊ានទម្លាយនូវអារម្មណ៍ពិតរបស់នាង ដែលលាក់ក្នុងបេះដូងអស់ជាយូរមកហើយ

តារាស្រីរូបស្រស់នេះ បានសរសេររៀបរាប់ថា "ខ្ញុំមិនដឹងថា ខ្ញុំចាប់ផ្តើមស្រឡាញ់គាត់ម្នាក់នេះនៅពេលណាទេ ប៉ុន្តែឥឡូវនេះខ្ញុំពិតជាដឹងថាខ្ញុំពិតជាមិនអាចរស់នៅដោយគ្មានគាត់បានទេ ...គាត់ជាបុរសល្អម្នាក់ គាត់គឺជាមនុស្សដែលមានចិត្ដល្អ ខ្ញុំអាចមានអារម្មណ៍ថាគាត់ពិតជាស្រឡាញ់ខ្ញុំ មិនថាទៅទីកន្លែងណាក៏នាំខ្ញុំទៅជាមួយ មិនថាធ្វើអ្វីក៏គាត់គិតពីខ្ញុំដែរ គាត់ធ្វើឱ្យខ្ញុំមាន អារម្មណ៍ថាកក់ក្តៅ មានអារម្មណ៍ថាមានផ្ទះ មានអារម្មណ៍សប្បាយចិត្តពេលនៅក្បែរគាត់ ចង់ជួបគាត់ជារៀងរាល់ថ្ងៃ ចង់ចែករំលែកភាពរីករាយជាមួយគ្នា អ្វីទាំងអស់ដែលយើងបាននៅជាមួយគ្នាអូនចាំបានទាំងអស់ ហើយអូននឹងរក្សាការស្រលាញ់នឹងអ្វីដែលល្អៗទុក.....មិនចង់និយាយអីច្រើនទេ គ្រាន់តែដឹងថាឥឡូវនេះ អូនស្រលាញ់បងខ្លាំងណាស់ អូនអាចរស់បានដោយគ្មានអុកស៊ីសែនបាន ប៉ុន្តែអូនមិនអាចរស់ដោយគ្មានបងបាននោះទេ"។

អានហើយរំភើបជំនួស ដែលស្នេហារបស់ អ្នកទាំងពីរ ផ្អែមល្ហែមជាងទឹកឃ្មុំទៀត។ ជាពិសេស ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានជូនពរឲ្យពួកគេស្រលាញ់គ្នាជារៀងរហូត ឈានដល់ការចូលរោងការជាមួយគ្នាផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា