ប៉ាគីស្ថាន៖ បុរសសាច់ដុំយក្សម្នាក់ ដែលអ្នកស្រុកឲ្យរហស្សនាមថា The Hulk បានប្រាប់ពីក្តីស្រមៃរបស់ខ្លួនថា ចង់ក្លាយជាអ្នកកីឡាកាសនៅស្ថាប័ន WWE និងជាអ្នកលើកដុំដែកអាជីពមួយរូប។

បុរសមាឌធំឌាំង សាច់ដុំដូចយក្សរូបនេះ ឈ្មោះ Arbab Khizer Hayat អាយុ២៥ឆ្នាំ ត្រូវបានអ្នកស្រុកទទួលស្គាល់ថា ជាបុរសមហាកម្លាំងម្នាក់ក្នុងចំនោមបុរសខ្លាំងលើពិភពលោក ដោយសារតែគាត់អាចលើកទម្ងន់បានរហូតទៅដល់៤៣០គីឡូក្រាម មិនតែប៉ុណ្ណោះ កម្លាំងរបស់គាត់អាចបញ្ឈប់ត្រាក់ទ័រ ដែលកំពុងបញ្ឆេះម៉ាស៊ីន ស្របពេលកំពុងធ្វើដំណើរបានទៀតផង។ 

ទាក់ទងនឹងក្តីស្រមៃនៅថ្ងៃអនាគត Hayet បានប្រាប់ឲ្យដឹងថា «ខ្ញុំចាប់ផ្តើមលើកទម្ងន់តាំងពីនៅជំទង់មកម្ល៉េះ ដោយសារចង់ក្លាយខ្លួនជាជើងឯកលើកដុំដែកម្នាក់នៅថ្ងៃអនាគត ប៉ុន្តែមានតែពេលវេលាទេ ដែលអាចកំណត់បាន។ ខ្ញុំចង់អរគុណដល់ព្រះ ដែលប្រទានរាងកាយដល់ខ្លាំងនេះដល់ខ្ញុំ»

Hayet បានបន្ថែមទៀតថា «គោលដៅរបស់ខ្ញុំមួយទៀតនោះគឺ ចូលរួមប្រកួតក្នុងស្ថាប័នកីឡាកាស WWE ប៉ុន្តែគឺត្រូវកំណត់ទម្ងន់ត្រឹមត្រូវ ដូច្នេះខ្ញុំតែងតែជួបគ្រូពេទ្យដើម្បីពិភាក្សាពិគ្រោះយោបល់រឿងទម្ងន់របស់ខ្ញុំ»

គួរបញ្ជាក់ផងដែរថា នៅក្នុងស្រុកភូមិ នរណាៗក៏ស្គាល់ បុរសសាច់ដុំយក្ស រហស្សនាម The Hulk រូបនេះដែរ មិនតែប៉ុណ្ណោះអ្នកស្រុកតែងតែឧស្សាហ៍មកលេង និងសុំគាត់ថតរូបថែមទៀតផង ព្រោះគាត់ជាមនុស្សចេះរាក់ទាក់ និងគួរឲ្យគោរព។

ដោយឡែកក្រលេកមកចាប់អារម្មណ៍ របបអាហារប្រចាំថ្ងៃរបស់ Hayet វិញគឺប្រៀបបានដូចជាកម្លាំងនិងមាឌរបស់គាត់យ៉ាងដូច្នោះដែរ ពោលគឺ គាត់ទទួលទានស៊ុត៣៦គ្រាប់ សម្រាប់អាហារពេលព្រឹក សាច់៣គីឡូក្រាម និងទឹកដោះគោ ៥លីត្រ ក្នុងមួយថ្ងៃ បើសរុបទៅក្នុងមួយថ្ងៃ កាឡូរីដែលជ្រាបចូលសារពាង្គរបស់គាត់ មានរហូតដល់ ១មឺុនកាឡូរី។

បើទោះបីជាយ៉ាងណាក៏ដោយ Hayet បានបញ្ជាក់ប្រាប់ថា របបអាហារទាំងនេះ មិនបានប៉ះពាល់អ្វីដល់បញ្ហាសុខភាពរបស់គាត់ទេ ថែមទាំងមិនដែលទទួលបានវេជ្ជបញ្ជាពីពេទ្យម្តងណាឡើយ៕

ប្រភព៖ Dailymail

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖ ធ្លាប់តែឃើញ Hulk ក្នុងរឿង ឥឡូវជួបផ្ទាល់ បានដឹងថា ញាក់សាច់ប៉ុណ្ណា

ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់បាន ទស្សនារួចមកហើយ នូវខ្សែភាពយន្ត បែប Super Hero ដែលមានតួអង្គ Hulk ដូចជានៅក្នុងខ្សែភាពយន្តហូលីវូដ រឿង «The Incredible Hulk» និងរឿង «The Avengers» ជាដើម។ Hulk គឺជាតួអង្គ Super Hero មួយ ដែលមានមាឌ និងសាច់ដុំធំៗ ហើយមានកម្លាំងខ្លាំងក្លា អាចតទល់ជាមួយនឹងសត្រូវ បានយ៉ាងងាយស្រួល។

ងាកមើលជួបជាមួយនឹង លោក Sajad Gharibi វិញ ដែលគាត់ត្រូវបាន គេដាក់រហ័សនាមឲ្យថា Hercules (តួអង្គក្នុងរឿង Hercules) ឬ Hulk ដោយសារតែ មាឌ និងសាច់ដុំធំៗរបស់គាត់។ Sajad មានទម្ងន់សរុប រហូតដល់ទៅ ១៥៥គីឡូក្រាមឯណោះ ហើយមានកម្លាំងខ្លាំង មិនខុសពីរហ័សនាម ដែលគេដាក់ឲ្យគាត់ឡើយ។  

ទន្ទឹមគ្នានេះដែរ លោក Sajad ដែលមានវ័យទើបតែ ២៤ឆ្នាំរូបនេះ ក៏បានទាក់ទាញចំណាប់អារម្មណ៍ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម Instagram ជាច្រើនផងដែរ ដោយបច្ចុប្បន្ននេះ គាត់ទទួលបាន ចំនួនអ្នកចុច Follow រហូតដល់ទៅជាង ៥៩,០០០នាក់ហើយ។

គួរឲ្យដឹងផងដែរថា រូបរាង និងសាច់ដុំដ៏ធំរបស់ Sajad គឺបានមកពី ការខិតខំប្រឹងប្រែង លើកដុំដែក ដោយគាត់អាចលើកដុំដែក ដែលមានទម្ងន់ រហូតដល់ទៅ ១៧៥គីឡូក្រាម ធ្ងន់ជាងទម្ងន់របស់គាត់ទៅទៀត។ Sajad ក៏ជាកីឡាករកាយវប្បកម្ម ដែលតំណាងឲ្យប្រទេសអ៊ីរ៉ង់ ក្នុងការប្រកួតកាយវប្បកម្មផងដែរ ប៉ុន្តែប្រភពមិនបានបញ្ជាក់ ថាគាត់ធ្លាប់ឈ្នះពានរង្វាន់ ប៉ុន្មានដងឡើយ។

នៅក្នុងពេលទំនេរ លោក Sajad ចូលចិត្តបង្ហោះរូបថត បង្ហាញពីសាច់ដុំធំៗរបស់ខ្លួន ទៅឲ្យអ្នកគាំទ្រ នៅលើបណ្តាញសង្គម Instagram បានឃើញ ហើយ Sajad ក៏ចូលចិត្តថត ជាមួយនឹងវត្ថុតូចៗ ដើម្បីបង្ហាញថា មាឌរបស់ខ្លួនធំប៉ុណ្ណា។ បើទោះបីជា Sajad មានមាឌធំ គួរឲ្យខ្លាចក៏ពិតមែន ប៉ុន្តែមិត្តភក្តិរបស់គាត់ បានប្រាប់ឲ្យដឹងថា Sajad គឺជាមនុស្ស ដែលមានចិត្តទូលាយ គួរឲ្យស្រលាញ់ និងសុខភាពរាបសារណាស់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]