ភ្នំពេញ៖ តារាចម្រៀងរ៉េបវ័យក្មេង ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់មិត្តៗយុវវ័យ លោក ងួន ចាន់ដេវីត ឬ G-Devith ថ្មីៗនេះសន្ទុះនៃប្រជាប្រិយ និងភាពល្បីល្បាញរបស់ខ្លួន គឺកាន់តែមានការកើនឡើងខ្លាំងទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

ប៉ុន្តែទន្ទឹមនឹងភាពល្បីល្បាញនេះ ដេវីតក៏មិនបានបំភ្លេចអតីតកាលចាស់ៗចោលដែរ ដោយកាលពីពេលកន្លងទៅ លោកបានគាស់រំលឹកអតីតកាល អំពីកុង(ជីតា) របស់ខ្លួន ដែលគាត់បានបន្សល់ទុកនូវរឿងល្អៗជាច្រើនសម្រាប់លោក។ ជាពិសេស G-Devith ក៏បានប្រាប់ថា កុង គឺជាវីរបុរសដ៏អស្ចារ្យម្នាក់ នៅក្នុងប្រអប់បេះដូងរបស់ខ្លួន និងប្តេជ្ញាថានឹងដើរតាមគន្លងរបស់កុងទៀតផង។

ខាងក្រោមនេះគឺជាសំណេរដ៏មានន័យរបស់តារាចម្រៀងវ័យក្មេង ដែលគ្រប់គ្នាបានស្គាល់ថាគឺជាម្ចាស់បទ «រាំញីកែងជើង» បានសសេររៀបរាប់ ចេញពីទឹកចិត្តដ៏ស្មោះ៖

«គិតមកដល់ថ្ងៃនេះ៧ឆ្នាំទៅហើយ ដែលកុងបានលាចាកលោកទៅ ខ្ញុំដឹងថាកុងបានសុខហើយ តែនៅឡើយតែអ្នកមានជីវិតប៉ុណ្ណោះ ដែលពិបាកនឹងរស់នៅជាមួយនឹងកម្មពៀរបន្តទៀត កុងមានដឹងទេ នៅពេលដែលអត់ពីកុងទៅ ជីវភាពគ្រួសារយើងគឺធ្លាក់ហួសពីចំណុច សូន្យ គឺថាហៅលែងលឺ តែទោះយ៉ាងណាក៏ដោយក៏ចៅច្បងម្នាក់នេះ មិនដែលអស់សង្ឃឹមនោះទេ នៅតែខំតស៊ូរស់ទៅមុខ។

ដោយឃើញថាកុងជាមនុស្សចេះជួយទុក្ខធុរៈគេ ដោយមិនដែលធ្វើអំពើអាក្រក់លើអ្នកណាម្នាក់ ហើយផលបុណ្យដែលកុងបានសាងទាំងប៉ុន្មាន ក៏បានហុចអោយចៅខ្លះដែរ ទើបធ្វើអោយចៅមិនអាចបំភ្លេចនៅទង្វើដ៏ប្រពៃ និងដើរតាមគន្លងរបស់កុង ដែលចៅចាត់ទុកជា ការបន្សល់ទុកមួយយ៉ាងល្អអស្ចារ្យ។

ខ្ញុំដឹងថាមានមិត្តកុងជាច្រើន ដែលធ្លាប់រួមកាងាររួមសុខរួមទុក្ខនៅក្នុងការងាររាជការ និង ការងារបក្សយ៉ាងសកម្ម (តំណាងរាស្រ្តបំរុងទីមួយនៅមណ្ឌលព្រៃវែង ចុះជួយស្រុកស៊ីធរកណ្តាល) នៅចាំកុង និងចាំទង្វើរ របស់កុង...ណ្ហើយចុះ រឿងវាបានគន្លងផុតទៅហើយ តែយ៉ាងណាកុងនៅតែជាវីរបុរស និងឋិតនៅក្នុងប្រអប់បេះដូងរបស់ចៅប្រុសច្បង ម្នាក់នោះជាដ៏រាបទៅ...។ ដោយក្តីគោរពដល់ខ្ពង់ខ្ពស់ ជូនដល់: ឯកឧត្តម ចាន់ ហ៊ិត។ ពីខ្ញុំបាទ ចៅប្រុសច្បង»៕

ឯកឧត្តម ចាន់ ហ៊ិត អតីតជីតា លោក ងួន ចាន់ដេវីត
ងួន ចាន់ដេវីត

ដោយឡែករំឭកព័ត៌មានថ្ងៃទី១០ មករា ២០១៦ ផងដែរថា៖ ដេវីត ប្រាប់ថាខ្លួនមិនមែនជា G-Dragon ទេ ដោយបានចេញវីដេអូសុំទោសអ្នកគាំទ្រទាំងយប់ !

ភ្នំពេញ៖ កាលពីយប់មិញ តារាចម្រៀងរ៉េបកំពុងល្បីឈ្មោះ ងួន ចាន់ដេវីត ឬ G-devith បានចេញឃ្លីបវីដេអូខ្លីមួយទាំងយប់ ដោយបាននិយាយសុំទោសអ្នកគាំទ្រខ្លួនយ៉ាងខ្លី និងប្រាប់ថាលោកមិនមែនជា GD ទេ ទាក់ទងនឹងរឿង ដែលល្បីកក្រើកចុងក្រោយនេះ មានទៅដល់សារព័ត៌មានថៃចុះផ្សាយផងថា លោកគឺជា G-Dragon ទី២ នៅស្រុកខ្មែរ ដោយមានស្ទាយតុបតែងខ្លួន ក៏ដូចជាការច្រៀងរ៉េបរបស់លោកដេវីត គឺស្រដៀង តារាចម្រៀង K-POP លោក GD របស់កូរ៉េ។

ក្រោយមកក៏មានការបញ្ចេញប្រតិកម្ម និងការយល់ឃើញខុសៗគ្នា ពីសំណាក់មនុស្សជាច្រើន ដែលជាអ្នកគាំទ្រ និងជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទូទៅ។ ហេតុដូច្នេះទើបបានធ្វើឱ្យ លោក ងួន ចាន់ដេវីត នៅមិនស្ងប់ មិនស្រណុកនៅក្នុងចិត្ត ក៏បានបញ្ចេញវីដេឃ្លីបមួយភ្លាម ដោយមិនបាននិយាយអ្វីវែងឆ្ងាយឡើយ ទាក់ទងទៅនឹងរឿងនេះ។ ពោល គឺលោកបានធ្វើការសុំទោស និងសូមឱ្យគ្រប់គ្នាឈប់ឈ្លោះគ្នាដោយសារតែលោកទៀតទៅ។

នៅក្នុងវីដេអូដែលមានរយៈពេលខ្លីមែនទែនត្រឹមតែ៧វិនាទីប៉ុណ្ណោះ តារាចម្រៀងវ័យក្មេងរូបសង្ហា និងមានកម្ពស់ខ្ពស់ស្រឡះលោក G-devith បាននិយាយយ៉ាងខ្លីថា៖ «សុំទោស all Friend ខ្ញុំមិនមែន GD (G-Dragon) ទេ សុំទោស» ហើយបានសរសេរនៅលើវីដេអូនោះថាទៀតថា៖ «Sorry all friend សុំទោសបងប្អូនទាំងអស់គ្នា ឈប់ឈ្លោះគ្នាទៅ សុំទោស»។

គួរឱ្យដឹងដែរថា កន្លងមកលោក ងួន ចាន់ដេវីត ក៏ធ្លាប់បានប្រាប់ពេញមាត់ថា G-Dragon គឺជាអាយដល (Idol) សំណព្វចិត្តរបស់ខ្លួន៕

ខាងក្រោមនេះ ជាវីដេអូ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត