(ភ្នំពេញ)៖ នៅម៉ោងជាង ៧៖០០ព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយទៀត នៅលើផ្លូវហាណូយ កែងនឹងផ្លូវម៉ុងរិទ្ធី បណ្តាលឱ្យមានមនុស្សម្នាក់ស្លាប់ និងម្នាក់រងរបួស។ នេះបើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច។

ករណីនេះត្រូវបានសមត្ថកិច្ច នៅកន្លែងកើតហេតុ និយាយថា បង្កឡើងដោយរថយន្ត HYUNDAI ដឹកទំនិញ បើកបុកអ្នកជិះម៉ូតូ២នាក់ ដែលឈប់នៅស្តុបចំណុចកែងខាងលើ ពីក្រោយបណ្តាលឱ្យកើនអ្នកជិះម៉ូតូម្នាក់ នៅកប់ខាងក្រោមរថយន្ត ចំណែកអ្នកជិះម៉ូតូម្នាក់ទៀតក៏បានរងរបួសយ៉ាងដំណំដែរ។

រថយន្តបង្កម៉ាក HYUNDAI ដឹកទំនិញពាក់ស្លាកលេខ ភ្នំពេញ 3D: 5797។ ចំណែកម៉ូតូជនរងគ្រោះទាំងពីរ ដែលគាបជាប់នៅក្រោមរថយន្ត ម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE:3803៕

ប្រភព៖ Fresh News

ព័ត៌មានស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត៖  ម្ដាយមីងស្លាប់ ខណៈក្មួយរងរបួសធ្ងន់ ក្រោយជិះម៉ូតូឌុបគ្នាទៅបុកសួនច្បារ បណ្ដាលឲ្យខ្ទាតចូលក្រោមរថយន្ដ

ជនរងគ្រោះ២នាក់មីងក្មួយ ជិះម៉ូតូបើកឌុបគ្នាទៅធ្វើការ ស្រាប់តែរ៉េចង្កូតទៅបុកសួនច្បារ កណ្ដាលទ្រូងផ្លូវឡើងហោះខ្ទាតប្លោងចូលទៅក្រោមរថយន្ដ បណ្ដាលឲ្យរថយន្ដ កិនមីងស្លាប់ និងក្មួយរងរបួសធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ កន្លងទៅ នៅត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះស្ពាន លេខ៩និងលេខ១០ ស្ថិតក្នុងភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

លោកអនុសេនីយ៍ទោ មាស ថន នាយប៉ុស្ដិ៍បាក់ខែង បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតឈ្មោះរស់ រឿន អាយុ៤០ឆ្នាំ ត្រូវជាម្ដាយមីង រីឯក្មួយ រងរបួសធ្ងន់មានឈ្មោះ រស់ រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ និងជាអ្នកបើកបរម៉ូតូម៉ាក Lets ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 1P-6025 រស់នៅភូមិដីក្រហម ឃុំមៀន ស្រុកព្រៃឈ ខេត្តកំពង់ចាម។ ដោយឡែករថយន្ដ ដែលកិននោះ ម៉ាកហ៊ីយ៉ានដាយ ជាប្រភេទរថយន្ដក្រុង ពណ៌ទឹកដោះគោ ពាក់ស្លាកលេខភ្នំពេញ3A-3385។

លោកនាយប៉ុស្ដិ៍ បានបញ្ជាក់ថាមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជាក្មួយ បានជិះបើកម៉ូតូឌុបម្ដាយម៉ីងរបស់ខ្លួន ចេញពីផ្ទះដើម្បីទៅធ្វើការរោងចក្រ ដោយធ្វើដំណើរតាមប ណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកមកដល់ចន្លោះស្ពានលេខ៩និងលេខ១០ ស្រាប់តែរេចង្កូតទៅបុកសួនច្បារកណ្ដាលទ្រូង ផ្លូវពេញទំហឹង បណ្ដាលឲ្យបោកដួលសន្លប់ស្ដូកស្ដឹង។

ដោយឡែក ម្ដាយមីងដែលអង្គុយខាងក្រោយ បានប្លោងហោះរំលងពីសួនច្បារម្ខាង ទៅសួនច្បារម្ខាងទៀត ស្របពេលនិងរថយន្ដក្រុង១គ្រឿង ដែលបើកពីត្បូងទៅជើងមកដល់ល្មម ហើយក៏ជាន់ហ្វ្រាំងមិនជាប់ បណ្ដាលបុកនិងកិនស្លាប់ភ្លាមៗតែម្ដង។ ចំពោះអ្នកបើកបររថយន្ដ បានរត់គេចខ្លួនបាត់ស្រមោល។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]