ជាក់ស្តែង អ្នកណាៗ ក៏ស្រមៃចង់បាន ក្បាលពោះរាបស្មើដូចជាតារាម៉ូដែលដែរ ប៉ុន្តែវាមិនងាយស្រួលឡើយ ពីព្រោះខ្លាញ់នៅនឹងក្បាលពោះ ងាយនឹងកកើតឡើងណាស់។ ជួនកាល អ្នកខិតខំហាត់ប្រាណ និងរៀបចំរបបអាហារយ៉ាងល្អិតល្អន់ហើយ នៅតែមិនទទួលបានលទ្ធផល គាប់ចិត្តថែមទៀត។

ហេតុនេះ យើងសូមណែនាំអ្នកឲ្យចៀសវាង ទទួលអាហារមួយចំនួន ដែលជួយអ្នកឲ្យទទួលបាន ក្បាលពោះរាបស្មើ ដូចប្រាថ្នា ៖

១. គ្រឿងស្រវឹង

ការស្រាវជ្រាវមួយបានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងជាប្រចាំ ក្នុងបរិមាណតិចបំផុត អាចជួយការពារជំងឺបេះដូងបាន។ ប៉ុន្តែ ទន្ទឹមនឹងនោះ វាក៏ផ្ទុកជាតិស្ករ ដែលមានបរិមាណកាឡូរីខ្ពស់។ ជាពិសេស វាធ្វើឲ្យអ្នកហាក់ដូចជាកាន់តែឃ្លាន រហូតទទួលទានអាហាររួមជាមួយច្រើន (ក្លែម) ដែលបង្កជាខ្លាញ់ក្បាលពោះ។ 

២. ស្ករកៅស៊ូ

នៅពេលដែលអ្នកកំពុងតែទំពារស្ករកៅស៊ូ ខួរក្បាល និងក្រពះរបស់អ្នក ទទួលសញ្ញាថា សកម្មភាពទំពារនេះ ប្រាកដជាសកម្មភាពទទួលទានចំណីអាហារ ជាក់ជាមិនខាន។ ដោយហេតុនេះហើយ ក្រពះរបស់អ្នកនឹងផលិត ជាតិអាស៊ីត ក្នុងក្រពះច្រើនលើសលុប (សូម្បីតែស្ករកៅស៊ូ ក៏ធ្វើឲ្យកើនអាស៊ីតរបស់ក្រពះដែរ) ជាលទ្ធផល អ្នកនឹងកាន់តែឃ្លាន រួចទទួលទានច្រើន រហូតឡើងខ្លាញ់ពោះមិនខានឡើយ។ 

៣. អាហារ Fast-food

វាមិនមែនជារឿងចម្លែកអ្វីឡើយ ពីព្រោះអាហារ Fast-food តែមួយប្រភេទ អាចផ្ទុកជាតិកាឡូរីជាង ២,០០០ កាឡូរី។ តើអ្នកមានដឹងទេថា នេះគឺជាបរិមាណកាឡូរី ដែលមនុស្សត្រូវការក្នុង រយៈពេលមួយថ្ងៃពេញឯណោះ។ ជាពិសេស វាសម្បូរទៅដោយជាតិខ្លាញ់មិនល្អខ្ពស់ និងមានអាហាររូបត្ថម្ភទាប ដែលបណ្តាលឲ្យអ្នកដុះក្បាលពោះ។ 

៤. ភេសជ្ជៈសូដា

ភេសជ្ជៈសូដាមួយកំប៉ុង អាចផ្ទុកយ៉ាងហោចណាស់ ១៥០ កាឡូរី ជាពិសេស វាសម្បូឬទៅដោយ ជាតិស្ករច្រើនលើសលុប។ ជាក់ស្តែង សូម្បីតែភេសជ្ជៈ ដែលមានកាឡូរីទាប ក៏អាចធ្វើឲ្យការរំលាយអាហារប្រែជាយឺត និងបង្កជាខ្លាញ់បានដែរ។ មនុស្សជាច្រើនក៏ធ្លាប់ដឹងទៅហើយថា ភេសជ្ជៈសូដា អាចបង្កជាក្បាលពោះ ប៉ុន្តែបែរជាមិនអាចបោះបង់ការទទួលទានបាន។ ហេតុនេះ ប្រសិនបើអ្នកចង់បានក្បាលពោះរាបស្មើ អ្នកត្រូវតែប្តេជ្ញាចិត្ត ឈប់ទទួលទានឲ្យបាន ទើបប្រសើរ។ 

៥. អាហារប្រៃខ្លាំង

អ្នកត្រូវតែចងចាំថា ស្ករ និងអំបិល ត្រូវតែទទួលទាន តាមបរិមាណកំណត់ជាមធ្យម មិនអាចទទួលទានតិចពេក ឬច្រើនពេកទេ។ ចំណីអាហារ ដែលមានជាតិសូដ្យូម (អំបិល) ច្រើន អាចបង្កឲ្យមានការកើនឡើងជាតិទឹក។ ជាលទ្ធផល ជាតិទឹកនោះ នឹងធ្វើឲ្យក្បាលពោះរបស់អ្នកឡើងប៉ោង ដូចជាហើមពោះយ៉ាងអ៊ីចឹង។ ដូច្នេះ អ្នកគួរតែប្រើប្រាស់អំបិលក្នុងអាហារ មិនឲ្យលើសពី ២០០០ មីលីក្រាម ទើបជាការល្អ។ 

៦. ដំឡូងបារាំង

តើអ្នកដឹងទេថា ការទទួលទាន ត្រឹមតែដំឡូងបារាំងដុតមួយ គឺដូចជាទទួលទានស្ករស មួយស្លាបព្រាបាយយ៉ាងអ៊ីចឹង។ សូម្បីតែដំឡូងបារាំងបំពង (French fries) ដែលជាអាហារពេញនិយម របស់មនុស្សភាគច្រើននោះ ក៏សំបូរទៅដោយជាតិខ្លាញ់ខ្ពស់បន្ថែមទៀត។ វាអាចបង្កផលប៉ះពាល់ ដល់មុខងារខួរក្បាលរបស់អ្នក ដែលអាចធ្វើឲ្យអ្នកទទួលទានជក់មាត់ និងញ៉ាំយ៉ាងច្រើន រហូតខូចរាងក្បាលពោះ ជាមិនខាន។ 

៧. អាហារសម្រន់

អាហារសម្រន់ភាគច្រើន សំបូរទៅដោយជាតិកាឡូរីខ្ពស់។ អាហារសម្រន់ទាំងនោះ មានដូចជា នំដំឡូងបារាំង (chips) ឬនំប្រៃ ផ្អែមផ្សេងៗទៀត ដែលអ្នកអាចទទួលទានក្នុង បរិមាណមធ្យមបានដោយគ្មានបញ្ហា។ ដោយសារតែអាហារទាំងនេះ មានជាតិកាឡូរីខ្ពស់ និងអាហាររូបត្ថម្ភទាប អ្នកមិនអាចទទួលទានច្រើនពេកឡើយ។ ផ្ទុយមកវិញ អ្នកអាចទទួលទានផ្លែឈើជំនួសវិញ ទើបជាការប្រសើរ។ 

៨. ការ៉េម

ជាក់ស្តែង ការ៉េម គឺជាអាហារ ដែលជាចំណង់ចំណូលចិត្ត របស់មនុស្សសឹងតែគ្រប់ៗគ្នា។ ប៉ុន្តែ ប្រសិនបើអ្នកស្រម៉ៃចង់បានក្បាលពោះរាបស្មើ អ្នកមិនត្រូវទទួលទាន ការ៉េម ញឹកញាប់ពេកឡើយ។ នេះក៏ព្រោះតែ ការ៉េម មានជាតិស្ករ ដែលអាចបណ្តាលឲ្យឡើងខ្លាញ់ក្បាលពោះ មិនអាចចៀសផុតបានឡើយ។ ហេតុនេះ សូមគិតសារជាថ្មី មុននឹងសម្រចចិត្តទទួលទាន។ 

៩. អាហារគ្មានជាតិស្ករ

សូមអ្នកកុំចាញ់បោក អាហារដែលដាក់ថា គ្មានជាតិស្ករ (sugar-free) ឲ្យសោះ ពីព្រោះជំនួសដោយការប្រើប្រាស់ស្ករ អ្នកផលិតបានប្រើប្រាស់សារជាតិផ្អែមផ្សេង ឧទាហរណ៍ដូចជា polyalcohols ដែលល្អសម្រាប់តែអ្នកមានជំងឺ ទឹកនោមផ្អែមប៉ុណ្ណោះ។ ហេតុនេះ អ្នកដទៃផ្សេងទៀត ដែលទទួលទានអាហារគ្មានជាតិស្ករទាំងនោះ នឹងបង្កជាក្បាលពោះ ជាមិនខាន។ 

១០. អាហារធ្វើពីម្សៅ និងបាយ

អ្នកត្រូវចៀសឲ្យឆ្ងាយពី ការទទួលទានអាហារធ្វើពីម្សៅ និងបាយច្រើនលើសលុបពេក ពីព្រោះតែវាអាចរំលាយ បានយ៉ាងឆាប់រហ័ស រួចបណ្តាលឲ្យកើនឡើងទាំងអរម៉ូនអាំងស៊ុយលីន ទាំងកម្រិតជាតិស្ករក្នុងឈាម។ ជាលទ្ធផល វានឹងបង្កជាជាតិខ្លាញ់ ផ្ទុកជាប់នឹងក្បាលពោះ របស់អ្នក។ 

១១. ផលិតផលទឹកដោះគោ

អ្នកស្រាវជ្រាវ បានកតសម្គាល់ឃើញថា ផលិតផលទឹកដោះគោ គឺជាប្រភពនៃសារជាតិកាល់ស្យូម ដ៏សម្បូរបែប ប៉ុន្តែទន្ទឹមនឹងនោះដែរ វាក៏មានផ្ទុកនូវ សារជាតិកាបូអ៊ីដ្រាត និងជាតិខ្លាញ់ខ្ពស់ផងដែរ។ ហេតុនេះ ប្រសិនបើអ្នកកំពុងតែមានបំណងចង់បាន ក្បាលពោះរាបស្មើ អ្នកគួរតែជំនួសផលិតផលទឹកដោះគោ ដោយបន្លែបៃតង ឬអាហារកាឡូរីទាបផ្សេងទៀត ទើបប្រសើរ។ 

១២. ទឹកផ្លែឈើ

រាល់ទឹកផ្លែឈើទាំងអស់ គឺសុទ្ធតែមាន ជាតិស្ករខ្ពស់។ វាគឺជារឿងពិតដែល ទឹកផ្លែឈើ សំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ប៉ុន្តែ ទន្ទឹមនឹងនោះ មិនសូវមានអ្នកដឹងទេថា វាក៏សំបូរទៅដោយជាតិស្ករផងដែរ។ ការទទួលទានទឹកផ្លែឈើ ត្រឹមតែមួយកែវ ជារៀងរាល់ព្រឹក គឺជាជម្រើសល្អបំផុត ប៉ុន្តែប្រសិនបើអ្នកទទួលទានច្រើនពេក ឬញឹកញាប់ពេក ក្នុងមួយថ្ងៃ គឺមិនមែនជារឿងល្អ សម្រាប់ក្បាលពោះអ្នកឡើយ៕ 

ប្រភព៖ Bright Side | LIVESTRONG | SHAPE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]