ថៃ៖ សារព័ត៌មាន Channel News Asia បានចុះផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ថា យន្តហោះចម្បាំងរបស់ថៃមួយគ្រឿង បានធ្លាក់ផ្ទុះឆេះ បណ្តាលឲ្យស្លាប់ភីឡុតម្នាក់ កាលពីព្រឹកថ្ងៃសៅរ៍នេះ ខណៈកំពុងហោះសម្ដែង សម្រាប់កុមារតូចទស្សនា។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃ ស្ថិតក្នុងព្រលានយន្តហោះ នៅក្បែរទីក្រុង Hat Yai ភាគខាងត្បូង ដោយការហោះសម្តែងនេះធ្វើឡើងដើម្បីអបអរទិវាកុមារប្រចាំឆ្នាំ របស់ប្រទេសថៃ។

តាមរយៈវីដេអូនៃឧប្បត្តិហេតុខាងលើ ដែលថតបានដោយអ្នកឈរទស្សនាបានបង្ហាញថា យន្តហោះចម្បាំងមួយនោះ បានហោះយ៉ាងលឿនកាត់ពីមុខក្រុមកុមារតូចៗ ហើយក៏ដាំក្បាលធ្លាក់ចុះមកដីតែម្តង ផ្ទុះចេញជាភ្លើង និងផ្សែងខ្មួលខ្មាញ់ ក្បែរផ្លូវហោះហើររបស់ព្រលានយន្តហោះមួយនេះ។ 

អ្នកនាំពាក្យក្រសួងការពារជាតិលោកឧត្តមសេនីយ៍ Kongcheep Tantravanich បានថ្លែងប្រាប់សារព័ត៌មាន AFP ថា “អ្នកបើកយន្តហោះម្នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅព្រឹកនេះ”។ លោកបានបន្ថែមថា “បច្ចុប្បន្ន មូលហេតុនៃគ្រោះថ្នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត”។

បើយោងតាមមន្ត្រីព្រលានយន្តហោះ បានឲ្យដឹងថា “មិនមាននរណាម្នាក់ផ្សេងទៀតត្រូវបានរងរបួសនៅក្នុងហេតុការណ៍នេះ នោះឡើយ ខណៈទស្សនិកជនដែលមកមើលការសម្តែង នៅឆ្ងាយពីកន្លែងកើតហេតុ”។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកនាំពាក្យរបស់មន្រ្តីយោធា បានឲ្យដឹងថា ភីឡុតដែលស្លាប់ មានអាយុ៣៥ឆ្នាំ ហើយគាត់បានបើកយន្តហោះចម្បាំងប្រភេទ JAS 39 Gripen ផលិតក្នុងប្រទេសស៊ុយអែដ ខណៈលោកនាយករដ្ឋមន្រ្តី ក៏បានសម្តែងការរំលែកទុក្ខ ចំពោះការបាត់បង់ជីវិតភីឡុតរូបនោះ ទៅដល់ក្រុមគ្រួសាររបស់គាត់ និងកងទ័ពអាកាសភូមិន្ទថៃផងដែរ។

គួរបញ្ជាក់ថា ទិវាកុមារប្រចាំឆ្នាំ របស់ប្រទេសថៃ គឺតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងសប្តាហ៍ទី០២ នៃខែមករា។ ថ្ងៃឈប់សម្រាកមួយនេះ ត្រូវបានគេមើលឃើញថា ជាថ្ងៃដែលមូលដ្ឋានយោធានៅទូទាំងប្រទេស បើកទ្វាររបស់ខ្លួនដើម្បីអនុញ្ញាតឱ្យកុមារ វ័យក្មេង ចូលទៅកាន់កាំភ្លើង ឡើងលើរថក្រោះ និងនាវាចម្បាំងជាដើម៕ 

ប្រភព៖ ChannelNewsAsia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]