ខេត្តព្រៃវែង ៖ វាជារឿងដ៏អស្ចារ្យ និងជាប្រវត្តិសាស្ត្រមួយសំរាប់កូនខ្មែរ ដែលមានសមត្ថភាពខ្ពស់ អាចបង្កើតយន្តហោះមួយបានដោយខ្លួនឯង ដោយមិនចាំបាច់មានសម្ភារបច្ចេកវិទ្យាទំនើបៗ ដូចជាប្រទេសជឿនលឿនដទៃ ដោយគ្រាន់តែប្រើសម្ភារធម្មតាៗចាស់ផងថ្មីផង ផ្គុំជាមួយគ្នាក៏អាចបង្កើតជាយន្តហោះដ៏តូចច្រឡឹង១គ្រឿងបានដែរ ដែលនេះគឺជាស្នាដៃច្នៃប្រឌិតដ៏ប៉ិនប្រសប់របស់ម្នាក់ប៉ែន ឡុង អាយុ៣០ ជាជាងជួសជុលរថយន្ត ដែលមានទីលំនៅក្នុងភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ជួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាព លោកប៉ែន ឡុង បានឱ្យដឹងថា យន្តហោះខ្នាតតូចជិះម្នាក់ឯងរបស់គេ បានចាប់ដំឡើងដំបូងគឺនៅក្នុងខែមីនា ឆ្នាំ២០១៦ ដែលមកដល់ពេលនេះ មានរយៈពេល៩ខែមកហើយ ។ យន្តហោះមួយនេះ ក៏ដំឡើងបាន៥០%ហើយដែរ និងអាចបើករត់នៅលើដីបាន តែនៅមិនទាន់អាចធ្វើការហោះហើរបានទេ ដោយសារតែពុំទាន់មានសម្ភារបំពាក់បានគ្រប់គ្រាន់ ប៉ុន្តែតាមការរំពឹងទុករបស់គេ យន្តហោះនេះនឹងត្រូវធ្វើរួចរាល់ ព្រមទាំងអាចហោះហើរបាន នៅក្នុងអំឡុងពេល៥ ទៅ៦ខែខាងមុខ ដោយហោះហើរម្តងបានចម្ងាយដល់ទៅ១០០គីឡូម៉ែត្រ ទើបចុះចតម្តង។

លោកបន្តទៀតថា សម្ភារដែលគេបានប្រើប្រាស់ យកមកដំឡើងជាយន្តហោះខ្នាតតូចនេះ គឺមានដូចជា ដែក ឈើ ជ័រ បន្ទះដែកសង្ក័សី ព្រមទាំងកូនម៉ាស៊ីន១ផងដែរ ដែលសម្ភារទាំងនេះ គេទិញពីក្នុងផ្សារនៅជិតៗផ្ទះ និងប្រើប្រាស់របស់អេតចាយដែលគេបោះចោលមួយចំនួនផងដែរ ហើយទឹកប្រាក់ដែលគេបានចំណាយក្នុងការដំឡើងយន្តហោះ១នេះ គឺអស់ចំនួន៦ពាន់ដុល្លារហើយ ។ តាមការសន្និដ្ឋាន ទំរាំតែយន្តហោះនេះត្រូវបានធ្វើរួចរាល់ទាំងស្រុង គឺគ្រោងនិងអស់ថវិកាសរុបចំនួន១ម៉ឺន៣ពាន់ដុល្លារ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]