ការរៀបការ គឺជារឿងមួយដ៏សំខាន់ ដែលយើងមិនអាចលេងសើច និងចេះតែយក អ្នកណាម្នាក់ ចូលមកកាន់ជីវិតយើងងាយស្រួលបាននោះឡើយ ព្រោះថា កាយវិការ និងអត្តចរិត របស់មនុស្សពីរនាក់ វាមិនអាចដូចគ្នាបាននោះទេ ដូច្នេះវាត្រូវការ ប្រើពេលវេលា និងសិក្សាជាមួយគ្នា ឲ្យបានច្បាស់សិន មុនពេលសម្រេចចិត្តប្រើប្រាស់ជីវិតគូជាមួយគ្នា។ ចុះតើអ្នកដឹងទេអ្នកគួរធ្វើអ្វីខ្លះ មុនពេលរៀបការ ដើម្បីកុំឲ្យមានបញ្ហាទៅថ្ងៃក្រោយ?

១) និយាយរឿងហរិញ្ញវត្ថុ៖ លុយ និងហរិញ្ញវត្ថុ ដើរតួនាទីយ៉ាងធំ នៅក្នុងទំនាក់ទំនងស្នេហា ព្រមទាំងនៅក្នុងការរៀបការផងដែរ។ វាពិតជាសំខាន់ ក្នុងការពិភាក្សារឿងនេះ មុននឹងរៀបការ ហើយនៅពេលនោះ អ្នកអាចនិយាយពីរឿងគ្រប់បែបយ៉ាង ដែលទាក់ទងនឹងលុយ ទាំងល្អ ទាំងអាក្រក់។ ជាពិសេស អ្នកទាំងពីរ គួរតែគិតពី បំណុល និងចំណូល ហើយក៏គួរតែស្មោះត្រង់នូវរឿងទាំងនេះផងដែរ។

២) ទាក់ទងរឿងកូន៖ ថ្វីត្បិតតែអ្នកទាំងពីរ មិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការក្លាយជាឪពុកម្តាយគេក៏ដោយក្តី តែនេះអ្នកគួរតែដល់ពេល ពិភាក្សារឿងកូនហើយ។ ក្នុងនោះដែរ អ្នកអាចនិយាយជាមួយគ្នា ថាតើអ្នកទាំងពីរចង់បានកូនដែរទេ? តើចង់បានប៉ុន្មាននាក់? វាពិតជាសំខាន់ ដើម្បីអាចដឹងថា តើអ្នកទាំងពីរ មានចិត្តដូចគ្នាដែរអត់ ពេលនិយាយរឿងកូន មុនពេលអ្នកសម្រេចចិត្តដើរផ្លូវរួមគ្នា។

៣) ស្គាល់ក្រុមគ្រួសារទាំងសងខាងឲ្យហើយ៖ វាពិតជាសំខាន់ ដែលអ្នកតែងជួប ជាមួយនឹងមនុស្សសំខាន់បំផុត នៅក្នុងជីវិតគូស្នេហ៍របស់អ្នក។ ប៉ុន្តែអ្នកត្រូវប្រាកដថា គួរតែណែនាំ សមាជិកនីមួយៗឲ្យបានត្រឹមត្រូវ និងគួរតែមានពេលជួបជុំគ្នាខ្លះផងដែរ។

៤) ដើរលេងកម្សាន្តជាមួយគ្នា៖ ការរស់នៅ និងការដើរលេងជាមួយគ្នា នឹងអាចស្តែងឲ្យឃើញថា អ្នកទាំងពីរមានភាពស្និទ្ធស្នាលគ្នាដល់កម្រិតណា។ វាមិនមានបញ្ហា ប្រសិនបើអ្នករស់នៅទីក្រុងផ្សេងគ្នា ឬក៏ត្រូវហោះហើរពីរដ្ឋមួយ ទៅរដ្ឋមួយទេ គឺអ្នកត្រូវតែធ្វើយ៉ាងណា គួរតែដើរលេងកម្សាន្តជាមួយគ្នាឲ្យបានច្រើន តាមតែអាចធ្វើទៅបាន។

៥) ពិភាក្សានូវរឿងផ្ទាល់ខ្លួន ថាចង់បានអ្វី និងត្រូវការអ្វី៖ ជាការពិតណាស់ ដៃគូរបស់អ្នក នឹងអាចដឹងទុកជាមុន ថាអ្នកចង់បានអ្វី និងត្រូវការអ្វី មុនពេលអ្នកដើរលើផ្លូវមួយរួមគ្នា។ ជាឧទាហរណ៍ដូចជា អ្នកមិនចង់រស់នៅទីក្រុងនោះតទៅទៀត ឬក៏ចង់បដិសេធក្នុងការរស់នៅ ជាមួយនឹងមិត្តប្រុសរបស់អ្នក ដែលជាអ្នកជក់បារីជាដើម។ ដូច្នេះហើយ មុនពេលអ្នករៀបការ អ្នកគួរតែនិយាយនូវរឿងផ្ទាល់ខ្លួនរបស់អ្នកឲ្យហើយ ថាអ្នកចង់បាន ឬក៏ត្រូវការអ្វីពីដៃគូរបស់អ្នក។

៦) ប្រាកដថា អ្នកទាំងពីរជឿជាក់លើគ្នា៖ មុនអ្នក និងគូស្នេហ៍ ឈានជើងចូលដល់ថ្ងៃរោងការ ត្រូវប្រាកដថាអ្នកទាំងពីរ មិនមានរឿងអ្វីដែលលាក់បាំងនឹងគ្នា។ វាជារឿងដ៏សំខាន់មួយ ក្នុងការជឿជាក់ទៅលើគ្នា និងយល់ពីគ្នាទៅវិញទៅមក។

៧) និយាយពីគោលដៅនៃជីវិត៖ គួរតែចំណាយពេល ពិភាក្សាជាមួយនឹងដៃគូរបស់អ្នក ពីគោលដៅនៃជីវិត មុននឹងចាប់ដៃគ្នារៀបការ។ អ្នកអាចនិយាយពីរឿងគ្រប់យ៉ាង ដូចជា គម្រោងក្នុងការគ្រួសារ ហើយប្រសិនបើភាគីម្ខាងមានការជំទាស់ គួរតែរិះរកមធ្យោបាយ ឲ្យក្លាយជាការយល់ព្រមទាំងសងខាងឲ្យហើយ។

៨) ស្គាល់ជាមួយនឹងមិត្តជិតស្និទ្ធរបស់ដៃគូអ្នក៖ វាជាចំណែកមួយ ក្នុងការប្រាស្រ័យទាក់ទងនឹងក្រុមគ្រួសារដៃគូរបស់អ្នក ហើយវាក៏សំខាន់មួយទៀតផងដែរ ដែលអ្នកគួរតែទាក់ទងជាមួយនឹងមិត្តជិតស្និទ្ធរបស់ដៃគូអ្នកឲ្យហើយ។ វាពិតជាចាំបាច់ ដែលអ្នកទាំងពីរ គូរតែស្គាល់ពីក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធរបស់ដៃគូឲ្យបានច្បាស់។

៩) សម្រេចចិត្តថាតើអ្នកទាំងពីរ ត្រៀមខ្លួនរៀបការហើយឬនៅ៖ មង្គលការ វានឹងដើរ នៅពេលភាគីទាំងសងខាង ត្រៀមខ្លួនរួចរាល់សម្រាប់វា។ ប្រសិនបើមានតែអ្នក ដែលបង្ខំក្នុងការរៀបការ ហើយមានតែអ្នកដែលត្រៀមខ្លួនរៀបការតែម្នាក់ឯងនោះ គឺអាពាហ៍ពិពាហ៍របស់អ្នក នឹងទៅដោយភាពលំបាកហើយ។ មុននឹងរៀបការ ត្រូវប្រាកដថា អ្នកទាំងពីរត្រៀមខ្លួនរួចរាល់ទាំងសងខាង។ គ្រាន់តែមិត្តប្រុសរបស់អ្នក បំពាក់ចិញ្ចៀន មិនមែនមានន័យថារូបគេ ចង់រៀបការស្អែកនោះទេ ដូច្នេះគួរតែប្រើពេលវេលា ដើម្បីឲ្យអ្នកទាំងពីរ ត្រៀមខ្លួនឲ្យបានច្បាស់ ទាំងចិត្ត ទាំងអារម្មណ៍ សម្រាប់ថ្ងៃមង្គលការ។

១០) បង្ហាញពីទម្លាប់អាក្រក់របស់អ្នកឲ្យហើយ៖ វាមិនអាចលាក់លៀមបានរហូត ក្នុងការក្លាយជាមនុស្សម្នាក់ ដែលមិនមែនជាអ្នកបានឡើយ។ ដូច្នេះត្រូវប្រាកដថា ដៃគូរបស់អ្នក ស្រលាញ់អ្នកជាអ្នក។ ឧទាហរណ៍ប្រសិនបើរូបគេ មិនអាចទ្រាំនូវការស្រម៉ុករបស់អ្នក បញ្ចេញសម្លេងភើ  ជាដើមបាននោះ វាជារឿងល្អបំផុត ដែលអ្នកគួរតែចាកចេញឥឡូវនេះ។

នេះជាចំណុចសំខាន់ៗ ដែលគូស្នេហ៍នីមួយៗ គួរតែធ្វើ និងយល់ពីគ្នាឲ្យហើយ មុនពេលរៀបការ ព្រោះថា វាក៏នឹងអាចមានបញ្ហា រឺបែកបាក់គ្នាទៅថ្ងៃក្រោយ បើភាគីទាំងសងខាង មិនទាន់យល់ពីគ្នាច្បាស់ នូវចំណុចដូចខាងលើនោះ៕

ប្រភព៖ madamenoire & metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]