ចិន៖ ក្រុមគ្រួសារជនជាតិចិនមួយ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលពួកគេបានឮសម្លេងឪពុករបស់ខ្លួន គោះពីខាងក្នុងមឈូស  ខណៈដែលពួកគេគិតថា គាត់បានស្លាប់បាត់ទៅហើយ។

សមាជិកគ្រួសាររបស់លោកតា វ័យ៧៥ឆ្នាំ ដែលបាននាំគ្នារៀបចំពិធីបុណ្យសពឲ្យគាត់បាននិយាយថា ពួកគេប្រញាប់ប្រញ៉ាល់នាំគ្នារត់ទៅបើកគម្របក្តារមឈូសភ្លាមៗ បន្ទាប់ពីឮសម្លេង។  បន្ទាប់ពីបានភ្ញាក់មកវិញ បុរសចំណាស់ជាឪពុក បានសួរកូនប្រុសរបស់គាត់ ដែលកំពុងតែភាំងភ្លឹកថា “មានរឿងអីកើតឡើង?”។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសចំណាស់រូបនេះ ត្រូវបានគេគិតថាស្លាប់អស់រយៈពេលជាង៨ម៉ោងទៅហើយ ទើបក្រុមគ្រួសាររបស់គាត់ បានរៀបចំពិធីបុណ្យសពឡើង។ 

ហេតុការណ៍នេះ ត្រូវគេដឹងថាបានកើតឡើងនៅភូមិ Yujing ខេត្ត ស៊ីឈួន កាលពីល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧។ លោក Huang Mingquan ដែលជាកូនប្រុស បានឲ្យដឹងថា មឈូសនោះ បានបើកចំហរប្រហែលជា៥ស.ម នៅពេលដែលឪពុករបសលោកបានដឹងខ្លួន និងខំប្រឹងរើបម្រាស់នៅក្នុងនោះ។

យោងតាមសម្តីបុរសម្នាក់ដែលរស់នៅក្នុងភូមិកើតហេតុបានឲ្យដឹងថា បុរសចំណាស់ជាឪពុកនេះ មានជំងឺមហារីកបំពង់អាហារជាយូរណាស់មកហើយ ហើយកាលពីព្រឹកថ្ងៃអាទិត្យសប្តាហ៍មុន គាត់បានដាច់ខ្យល់ មិនដកដង្ហើមទាល់តែសោះ ហើយរាងកាយប្រែជាត្រជាក់  និងមិនកម្រើកទាល់តែសោះ។ បន្ទាប់ពីមានរឿងបែបនេះ ទើបពួកគេគិតថា គាត់បានស្លាប់បាត់ទៅហើយ ក៏រៀបចំពិធីបុណ្យសពតែម្តងទៅ។

រយៈពេលជាង២ម៉ោងក្រោយ ពេលគិតថាគាត់បានស្លាប់ រាងកាយរបស់លោកតានេះ ត្រូវបានគេដាក់ចូលក្នុងមឈូស ប៉ុន្តែនៅម៉ោងប្រមាណជា ៥ល្ងាចពួកគេក៏បានឮសម្លេងចេញពីក្តារមឈូសវិញ។

បច្ចុប្បន្នលោកតា កំពុងតែដេកសម្រាកនៅក្នុងផ្ទះរបស់គាត់ ហើយស្ថានភាពរបស់គាត់ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងលក្ខខណ្ឌមួយ ដែលមានស្ថេរភាពនិងអាចឆ្លើយតបទៅនឹងសំណួររបស់អ្នកដទៃបានទៀតផង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]