អេស្ប៉ាញ៖ ក្រុមយក្សរបស់អេស្ប៉ាញ Real Madrid នៅតែបន្តភាពខ្លាំងរបស់ខ្លួនដដែល កាលពីយប់មិញ ក្រោយពីស្មើជាមួយ Sevilla នៅក្រៅទឹកដី ក្នុងលទ្ធផល ៣-៣ បំបែកកំណត់ត្រា ៤០ប្រកួត មិនទាន់ស្គាល់ពាក្យថាចាញ់។

គួរបញ្ជាក់ថា នេះជាការប្រកួតក្នុងពានរង្វាន់ Copa del Ray វគ្គ១៦ក្រុមចុងក្រោយ ដោយ Real Madrid បានយកឈ្នះ Sevilla សរុបទាំង២ជើង ក្នុងលទ្ធផល ៦-៣ ដែលកាលពីជើងទីមួយ Real ឈ្នះ ៣-០ ធ្វើឲ្យក្រុមបានបន្តឡើងទៅដល់វគ្គ៨ក្រុមចុងក្រោយកាលពីយប់មិញ។ 

ទាក់ទងនឹងលទ្ធផលប្រកួតពីយប់មិញនេះ Sevilla គឺជាក្រុមនាំមុខមុន ខណៈ Real Madrid វិញជាអ្នករកគ្រាប់បាល់តាមពីក្រោយ ដោយប៊ិះនឹងបាត់បង់ឱកាស បំបែកកំណត់ត្រាទៅហើយ ប៉ុន្តែខ្សែប្រយុទ្ធជម្រើសជាតិបារាំង Karim Benzema ជាវីរៈបុរស ស្វែងរកគ្រាប់បាល់ នៅនាទីចុងក្រោយ តាមយកស្មើវិញ ក្នុងលទ្ធផលបញ្ចប់ការប្រកួត ៣-៣ ។

គួរបញ្ជាក់បន្ថែមផងដែរថា គ្រាប់បាល់ទាំង៣ របស់ Sevilla ធ្វើឡើងដោយកីឡាករ Gabriel Mercado និង Stevan Jovetic ២គ្រាប់ម្នាក់ឯង។ ចំនែកឯ Real Madrid វិញរកគ្រាប់បាល់ដោយកីឡាករ Marco Asensio , ប្រធានក្រុម Sergio Ramos ស៊ុតបាល់ពិន័យប៉េណាល់ទី និង Benzema ជាអ្នករកគ្រាប់តាមស្មើ។

ដូច្នេះជាមួយលទ្ធផលតាមស្មើយប់មិញនេះ Real Madrid នៅតែមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ក្រោយឆ្លងកាត់អស់៤០ប្រកួតជាប់គ្នាៗ បំបែកកំណត់ត្រាចាស់របស់ Barcelona ៣៩ប្រកួត មិនដែលចាញ់ កាលពីរដូវកាលមុន៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]