(ភ្នំពេញ)៖ ជុំវិញភាពស្រពេចស្រពិលរបស់អ្នកគាំទ្រអំពីជោគវាសនារបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ជាមួយក្លឹបបឹងកេតអង្គរ នឹងត្រូវលាតត្រដាងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ស្អែកនេះ។ ចាំមើលតើកីឡាករមានដើមកំណើតមកពីខេត្តកំពតរូបនេះ នឹងត្រូវបន្ដរួមរស់ជាមួយក្លឹបជើងឯកលីគកំពូលកម្ពុជា ២ជំនាន់នេះ ឬត្រូវចាកចេញទៅបន្ដអាជីពនៅក្រៅប្រទេស?

ប្រភពព័ត៌មានពីថ្នាក់ដឹកនាំក្លឹបបឹងកេតអង្គរបានឲ្យដឹងថា នៅវេលាម៉ោង ៣រសៀលថ្ងៃទី១២ ខែមករានេះ ក្លឹបនឹងធ្វើសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារភ្នំពេញ ដើម្បីបង្ហាញពីការពិតជុំវិញការវិវត្តន៍រឿងអនាគតកីឡាករ ចាន់ វឌ្ឍនាកា ជាមួយនឹងក្លឹប។ ប្រភពច្បាស់ការដដែលបន្ដថា នៅថ្ងៃស្អែកនេះ អ្នកគាំទ្រគ្រប់គ្នានឹងថា ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំនេះ ត្រូវបន្ដនៅបឹងកេត ឬត្រូវចេញទៅជប៉ុន ថៃ សិង្ហបុរី ឬម៉ាឡេស៊ី?

នេះគឺជាដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលអ្នកគាំទ្រកម្ពុជា កំពុងចង់ដឹង។ ប៉ុន្ដែយ៉ាងណាមានប្រភពជិតស្និទ្ធជាមួយសាម៉ីខ្លួន ចាន់ វឌ្ឍនាកា ផ្ទាល់បានអះអាងថា រដូវកាលថ្មីនេះ វឌ្ឍនាកា នឹងមិនលេងនៅលីគកំពូលកម្ពុជានោះទេ ដែលបញ្ជាក់ឲ្យឃើញថា គេនឹងចាកចេញពីបឹងកេត។ ប៉ុន្ដែនេះគ្រាន់តែជាការលើកឡើងរបស់អ្នកដទៃប៉ុណ្ណោះ តែការពិតយ៉ាងណានឹងដឹងច្បាស់នៅថ្ងៃស្អែក៕

ប្រភព៖ Khmertalkiing

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ប្រាក់ មុន្នីឧត្តម ជិតចូលរោងការ តែត្រូវខកខានប្រកួតឲ្យក្រុមជម្រើសជាតិ

កាលពីថ្ងៃទី០៤ ខែមករា ២០១៧កន្លងទៅ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញចេញនូវបញ្ជីឈ្មោះកីឡាករទាំង២៤នាក់ ដែលត្រូវបានជ្រើសរើសទៅប្រកួតមិត្តភាពអន្តរជាតិនៅទីក្រុងឌូបៃ ជាមួយក្រុម អារ៉ាបីសាអូឌីត។

នៅក្នុងបញ្ជីឈ្មោះ គេសង្កេតឃើញកំពូលកីឡាករឆ្នើមៗជាច្រើន ក្នុងនោះក៏មាន ខ្សែប្រយុទ្ធរបស់ក្លិបព្រះខ័នរាជស្វាយរៀង ប្រាក់ មុន្នីឧត្តម ដែរ។ តែយ៉ាងណាមិញ ស្រាប់តែជិតដល់ថ្ងៃប្រកួត កីឡាកររូបនេះ បែរជាប្រកាសថា មិនអាចចូលរួមក្រុមជម្រើសជាតិទៅវិញ ដោយសារតែភារកិច្ចផ្ទាល់ខ្លួន គឺថ្ងៃមង្គលការ។ 

បើទោះបីជាយ៉ាងណាក៏ដោយ ឧត្តម ក៏បានចេញសារមួយ សុំទោសអ្នកគាំទ្រផងដែរ ដោយកីឡាកររូបនេះបានបញ្ជាក់នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា «ក្នុងនាមខ្ញុំជាកីឡាករជំរើសជាតិមួយរូប ខ្ញុំពិតជាសោកស្តាយដែលមិនបានចូលរួមជាមួយមិត្តរួមក្រុម ហើយក៏សូមអភ័យទោសពីអ្នកគាំទ្រផងដែល ដោយសារតែខ្ញុំមានភារកិច្ចសំខាន់ផ្ទាល់ខ្លួនដែលមិនអាច ខកខានបាន(គឺថ្ងៃមង្គលការ) សូមជូនពរអ្នកទាំងអស់គ្នាអោយមានសំណាងល្អក្នុងការប្រកួតខាងមុខនេះ» ។

ទាក់ទងនឹងការចេញទៅប្រកួតខាងមុខនេះ ឧត្តម ក៏មានការសោកស្តាយផងដែរថា ដោយសារតែធ្លាប់នៅជុំគ្នារាល់ការប្រកួតនៅក្រៅប្រទេសម្តងៗ ប៉ុន្តែលើកនេះត្រូវអាក់ខាន។ ចំនែកឯរឿងពិធីមង្គលការវិញ ឧត្តម និងអនាគតភរិយា បានកំណត់ពេលវេលារួចរាល់ហើយ ដោយនឹងត្រូវរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃអាទិត្យ ទី២២ ខែមករា ខាងមុខនេះ។

ដោយឡែកចំពោះក្រុមជម្រើសជាតិវិញ គោព្រៃកម្ពុជា បានហោះទៅដល់ប្រទេសឌូបៃដោយសុវត្ថិភាពហើយ កាលពីម្សិលមិញ ពោលគឺ រងចាំតែការប្រកួតមកដល់ថ្ងៃខាងមុខ ទី១៤ ខែមករា ឆ្នាំ២០១៧ ប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]