រលកយក្សស៊ូណាមិ ដែលមនុស្សក្នុងលោកឃើញហើយខ្លាចញ័រខ្លួន កម្របន្សល់ទុកជីវិតជនរងគ្រោះ ក្រោមការវាយប្រហាររបស់វាណាស់។ ក្នុងព្រឹត្តិការណ៍ភ័យតក់ស្លុត ក្រោមការវាយប្រហារ របស់រលកយក្សស៊ូណាមិមួយ បានបន្សល់ទុកជីវិតមនុស្សមិនដល់១០នាក់នៅក្នុងអគារមួយ ប៉ុន្តែជនមានសំណាងទាំងនោះមិនទាន់អាចចាត់ទុកថា នឹងរស់រានមានជីវិតនោះទេ ដោយសារសោកនាដកម្មនោះគេនឹងហៅម្យ៉ាងទៀតថា “ទ្វេគ្រោះ”។

អ្នកនិពន្ធខ្សែភាពយន្ត លោក Duncan Kennedyយល់ឃើញថា ត្រីឆ្លាមគឺជាសត្វសាហាវ និងជាអធិរាជវាយប្រហារក្នុងមហាសាគរ ដូច្នោះហើយដើម្បីបន្ថែមគ្រោះមួយទៀត ក្រោយការវាយប្រហាររបស់រលកយក្សស៊ូណាមិ គាត់បានបន្ថែមការវាយប្រហារមួយទៀតដោយត្រីឆ្លាមទៅលើក្រុមមនុ ស្សដែលរួចជីវិតពីរលកយក្សនៅក្នុងខ្សែភាពយន្ត 3D ដែលមានចំណងជើងថា “Bait” ឬ ”នុយ”។

ដើម្បីសង្គ្រោះជីវិតពីសត្វកំណាចនេះ ពួកគេបានធ្វើការស្ទូចត្រីឆ្លាមនោះដោយយកមនុស្សរស់មកធ្វើជានុយតែម្ដង។ ក្នុងរូបភាព3Dគេអាចមើលឃើញ យ៉ាងកៀកនឹងភ្នែកនូវរូបខ្លួនមនុស្សត្រូវបានត្រីឆ្លាមស៊ីដាច់ជាកំណាត់ៗ។

Bait ដែលត្រូវបានសម្ពោធដាក់បញ្ចាំងដំបូងគេនៅប្រទេសអ៊ីតាលី កាលពីថ្ងៃទី៥ ខែកញ្ញាកន្លងទៅ បានមកដល់ប្រទេសកម្ពុជាកាលពីល្ងាចមិញនៅរោងភាពយន្ត Platinum Cineplex ផ្សារទំនើបសូរិយាជាន់ទី៥។

អ្នកនាង គង់ សុជាតិ ពិធីការិនីប៉ុស្តិ៍លេខ៣ ដែលបានចូលរួមទស្សនាភាពយន្ត Baitនេះក្នុងថ្ងៃបញ្ចាំងដំបូងនៅកម្ពុជាថ្លែងថា៖”ភាពយន្តនេះពិតជាថតស្ដែងពិតមែន”។ ពិធីការិនីរូបនេះចង់សំដៅទៅលើវីដេអូដែលបង្ហាញយ៉ាងច្បាស់នូវរូបត្រីឆ្លាមធំៗមានធ្មេញស្រួចៗ រាងកាយមនុស្សត្រូវបានត្រីឆ្លាមខាំដាច់ជាកំណាត់ ឬឈុតរន្ធត់ៗនៅពេលតួរអង្គក្នុងរឿងរត់គេចពីត្រីឆ្លាមទាំងនោះ។

អ្នកនាង គង់ សុជាតិ បានបន្ថែមទៀតថា៖ “កន្លងមកយើងពុំធ្លាប់មានកុន3Dបែបនេះទេ។ លុះត្រាណាគេបានទៅបរទេស ទើបគេបានទស្សនា។ ដូច្នេះនេះជាការល្អដែរដែលរោងកុនក្នុងស្រុកខ្មែរអាចមានរឿង3Dបែបនេះ”។


ចង់ដឹងថា ត្រីឆ្លាមដែលតាមប្រមាញ់ជនរងគ្រោះមានប៉ុន្មានក្បាល ជនរងគ្រោះទាំងនោះអាចគេចផុតពីត្រីឆ្លាមបានឬទេ ត្រីឆ្លាមនឹងស៊ីនុយមនុស្សរស់ដែលគេស្ទូចដែរឬយ៉ាងណា សូមកុំភ្លេចចូលរួមទស្សនានៅរោងភាពយន្តលំដាប់អន្តរជាតិ Platinum Cineplex ផ្សារទំនើបសូរិយាជាន់ទី៥ចាប់ពីថ្ងៃទី២០ខែកញ្ញានេះតទៅ៕

អត្ថបទ៖ មាស រ័ត្ន/ស្រ៊ុន ម៉េងគាង

ដកស្រង់ sabay.com.kh

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]