(រតនគិរី)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលអភិបាលស្រុកអូរជុំ ខេត្តរតនគីរី បានបើករថយន្តម៉ាក TUNDRA ទៅបុករថយន្តមួយគ្រឿងទៀតម៉ាក Nissan Navarra បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំនោះ ជាលទ្ធផល នៃការដោះស្រាយរបស់នគរបាល គឺភាគីទាំង២ បានយល់ព្រមបញ្ចប់រឿង ដោយយករថយន្តទៅជួសជុលរៀងៗខ្លួន ដោយមិនមានភាគីណាសងភាគីណានោះទេ។

លោក ឈិន ថេន អនុប្រធានការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះថា «ភាគីទាំងពីរ បានសម្របសម្រួលគ្នាហើយ ដោយទទួលយករថយន្តទៅធ្វើការជួសជុលរៀងៗខ្លួន»។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២៖១០នាទីថ្ងៃត្រង់ទី១០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបែកជា៤ មុខស្ថានីយ៍ប្រេងតេឡា និងស្ថានីយ៍ប្រេងតូតាល់ ក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវបានប្រជាពលរដ្ឋចោទថា មកពីអភិបាលស្រុកអូរ ជុំលោកស្រី ហឿង ខឿង បើកបរក្នុងល្បឿនលឿន ហើយជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ប៉ុន្តែត្រូវបានលោកស្រីអភិបាលស្រុក បកស្រាយ និងច្រានចោលការចោទប្រកាន់តែទាំងនេះ។ លោកស្រីបានបញ្ជាក់ថា គាត់បើករថយន្តម៉ាក TUNDRA ដែលមានស្លាកលេខភ្នំពេញ 2AC-9217 ក្នុងល្បឿនមធ្យម បើកចេញពីផ្លូវតូច គោលបំណងមកផ្លូវជាតិលេខ៧៨ ប៉ុន្តែត្រង់ចំណុចនោះ មានស្ថានីយ៍ប្រេងតេឡា និងស្ថានីយ៍ប្រេងតូតាល់ នៅអមសងខាង។ គាប់ជួនមានរថយន្ត Nissan Navara ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AD-1785 មានទិសដៅពីលិចទៅកើត លើកំណាត់ផ្លូវជាតិលេខ៧៨ ក្នុងល្បឿនមធ្យមដែលអ្នកបើកឈ្មោះ សេង ផាន់ណារ៉ា ភេទប្រុស មានទីលំនៅភូមិចែត្រ ឃុំឡាមិញ ស្រុកបរកែវ មកដល់ចំណុចផ្លូវបែបជា៤ មុខស្ថានីយ៍ប្រេង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ក៏វាក់អឺប៉ះគ្នាតែម្តង។

លោកស្រី ហឿង ខឿង បានបញ្ជាក់ឲ្យដឹងទៀតថា «ការលើកឡើងបែបនេះ បានធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំយ៉ាងខ្លាំង ដែលជាថ្នាក់ដឹកនាំមូលដ្ឋានមួយរូបធ្វើការបំរើប្រទេសជាតិ បំរើប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់»។

ជាងនេះទៀត លោកស្រី តែងតែណែនាំឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ ឲ្យជួយពលរដ្ឋក្នុងមូលដ្ឋានឲ្យយល់ពីច្បាប់ចរាចរណ៍មិនថា តាមផ្លូវ

ប្រភព៖ Fresh News

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន៖ រថយន្តដឹកទឹកផ្លែឈើ​ កិនបុរសម្នាក់ បែកក្បាលស្លាប់

បុរសម្នាក់ត្រូវបាន រថយន្តដឹកទឹកផ្លែឈើកិនបែកក្បាលស្លាប់ភ្លាមៗ​ នៅម៉ោងប្រមាណ១០៖០០នាទី ថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០១៧ ម្សិលមិញ ស្ថិតនៅចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង​ ស្រុកព្រះស្តេច លើផ្លូវជាតិលេខ១​ ចន្លោះគីឡូម៉ែត្រលេខ៦៩-៧០។

បើតាមមន្ត្រីនគរបាល​ បានឲ្យដឹងថា​ រថយន្តបង្កហេតុម៉ាក KiA ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2W-6342 បើកដោយជនមិនស្គាល់ឈ្មោះ (គេចបាត់)​ បើកក្នុងទិសដៅពីលិចទៅកើតបញ្ច្រាស់ទិសគ្នា មកដល់ចំណុចខាងលើ បានបត់ឆ្វេងកៀរម៉ូតូម៉ាក HONDA គុបមូល ពណ៌ស្លែ ពាក់ស្លាកលេខ ព្រៃវែង 1A-1614 បើកដោយឈ្មោះ​ ស្ងួន​ នឿន​ ភេទប្រុស អាយុ៥៧ឆ្នាំ​ នៅភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជនរងគ្រោះ​ ត្រូវបានរថយន្ត​កិនបែកក្បាលស្លាប់​ នៅកន្លែងកើតហេតុ ទាំងពាក់មួកសុវត្ថិភាព​ ហើយបច្ចុប្បន្នសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី​ រីឯរថយន្ត​ និងម៉ូតូនៅកន្លែងកើតហេតុ កំពុងធ្វើការស្ទូចយកមករក្សាទុក នៅប៉ុស្តិ៍កំពង់សឹង៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]